ភ្នំពេញ: សាកសពបុរសម្នាក់ត្រូវបានស្ត្រីអ្នកភូមិម្នាក់បានប្រទះឃើញសាកសពអណ្តែតហើមស្អុយនៅក្នុងទឹកស្រះមួយកន្លែងស្ថិតនៅភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ច្បារអំពៅរាជធានីភ្នំពេញ កាលពីវេលាម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ២០២២។
សាកសពបុរសខាងលើនេះមានឈ្មោះ សុខចាន់ ភេទប្រុស អាយុ ៥៣ ឆ្នាំ ស្នាក់នៅម្ដុំកើតហេតុខាងលើ។បើយោងតាម សាច់ញាតិគ្រួសាររបស់សាកសព ខាងលើបានរៀបរាប់ដឹងថា បុរសខាងលើជាមនុស្សដែលចូលចិត្តផឹកស្រាជាប្រចាំ ហើយក៏បានបាត់ពីផ្ទះកាលពីថ្ងៃសុក្រទី ២២ខែកក្កដាឆ្នាំ ២០២២ កន្លងទៅនេះ នៅ ព្រឹកមិញ មានស្ត្រីម្នាក់បានដើរទៅបេះបន្លែនៅក្បែរស្រះទឹក ក៏ប្រទះឃើញសាកសពបុរសខាងលើនេះ អណ្តែតស្ពីង ដែលមានសភាពហើមស្អុយរលួយ ទើបគាត់រួសរាន់មករាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ខណៈពេលដែលសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកឯងទទួលបានព័ត៌មានខាងលើនេះហើយ បានរាយការណ៏បន្តទៅកាន់កម្លាំងជំនាញអធិការខណ្ឌច្បារអំពៅ សហការជាមួយនឹងកម្លាំងជំនាញការិយាល័យកោសល្យវិច័យនិងបច្ចេកទេសនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកពិនិត្យសាកសពបុរសខាងលើនៅចំណុចទីតាំងកើតហេតុខាងលើ។
ក្រោយពេលដែលសមត្ថកិច្ចជំនាញបានពិនិត្យសាកសព រួចរាល់ ហើយនោះ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា សាកសពបុរសខាងលើពិតជាបានធ្លាក់ចូលទឹកស្រះលង់ស្លាប់ពិតប្រាកដមែន។
ហើយសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕