Breaking News

នគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ត្រីម្នាក់

ខេត្តកណ្តាល៖ ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ស្ត្រីម្នាក់បានសម្រេច កាលពីវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចស្រុកអង្គស្នួលបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ភាព ស្រីណែត អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកានី នៅភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យមានគ្នា ៣នាក់ ទី១-ឈ្មោះ ហេង វ៉ាអ៊ីហួយ ហៅហួយ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (មេក្លោងឃាត់ខ្លួន), ទី២-ឈ្មោះ លន់ ពីនីញ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) និងទី៣-ឈ្មោះ ស៊ិន រាជ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។ 

សមត្ថកិច្ចបានឲ្យដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបាន ម៉ូតូមួយគ្រឿងម៉ាកសង់ C125 ពណ៌ខ្មៅ ផលិត ឆ្នាំ ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1HM-7464, បំពង់ទែម៉ូម៉ែត្រសម្រាប់ជក់ថ្នាំញៀនចំនួន ០១, ដែកកេះចំនួន ០១, ទូរស័ព្ទដៃមួយគ្រឿងម៉ាក OPPO ពណ៌ខៀវ ០១គ្រឿង (ជារបស់ជនរងគ្រោះ យកបានមកវិញ), ទូរស័ព្ទដៃមួយគ្រឿងម៉ាក Realme ពណ៌ស ០១គ្រឿង (ជារបស់ជនសង្ស័យ) និងទូរស័ព្ទដៃមួយគ្រឿងម៉ាក Huawei ពណ៌ខ្មៅ ០១គ្រឿង (ជារបស់ជនសង្ស័យ) ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ កម្លាំងអន្តរាគមន៍នគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួល បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចផ្លូវជាតិលេខ ៤ មុខសាលាស្រុកអង្គស្នួល ពេលនោះស្រាប់តែឃើញមនុស្សប្រុសចំនួនពីរនាក់ គួរឱ្យសង្ស័យ ជិះម៉ូតូម៉ាកសង់ C125 ពណ៌ខ្មៅ ឆ្នាំ ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ1HM-7464 ។ ពេលនោះ សមត្ថកិច្ចហៅត្រួតពិនិត្យ អ្នកទាំងពីរបានលូកដៃចូលហោប៉ៅរួចទាញយកបំពង់ទែម៉ូម៉ែត្រសម្រាប់ជក់ថ្នាំញៀនបោះចោលទៅលើដី ។ ឃើញដូចនោះទើបកម្លាំងសមត្ថកិច្ចបានសហការគ្នាដើម្បីឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ដើម្បីសួរនាំ ក្រោយមកជនសង្ស័យឈ្មោះ លន់ ពីនីញ បានឆ្លើយសារភាពថា ខ្លួន និងឈ្មោះ ស៊ិន រាជ ទើបនាំគ្នាមកពីជក់ថ្នាំញៀន ហើយចំពោះទូរស័ព្ទដៃដែលខ្លួនកំពុងប្រើប្រាស់នោះ ខ្លួន និងឈ្មោះ ហេង វ៉ាអ៊ីហួយ បានធ្វើសកម្មភាពឆក់យកពីជនរងគ្រោះកាលពីវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២២ ។ បន្ទាប់ពីទទួលបានចម្លើយសារភាពពីជនសង្ស័យភ្លាម កម្លាំងជំនាញស្រុក សហការជាមួយប៉ុស្ដិ៍បែកចាន បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង វ៉ាអ៊ីហួយ ហើយបានសារភាពថា ខ្លួន និងបក្ខពួកធ្លាប់បានធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិអ្នកដទៃ បានសម្រេចសរុបចំនួនប្រាំបីលើក ហើយខ្លួនធ្លាប់ជាប់ពន្ធនាគារចំនួន ០២លើក បទជួញដូរសារធាតុញៀន ជាប់រយៈពេល ២ឆ្នាំ នៅពន្ធនាគារ ខេត្តកណ្ដាល និង បទជួដូរសារធាតុញៀន ជាប់រយៈពេល៣ឆ្នាំ នៅមណ្ឌលអប់រំព្រៃស រាជធានីភ្នំពេញ ។

ក្រោយមក កម្លាំងផ្នែកជំនាញនគរបាលស្រុកអង្គស្នួល បានធ្វើការជូនដំណឹងទៅជនរងគ្រោះដើម្បីដាក់ពាក្យបណ្ដឹងបន្តតាមនីតិវិធី ។ ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមច្បាប់ ៕ដោយ៖ សិរី នាគ

Check Also

រដ្ឋសភា បើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ អនុម័តលើរបៀបវារៈចំនួន៣

Leave a Reply

Your email address will not be published. Required fields are marked *