ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកHYUNDAI SONATA មួយគ្រឿងយ៉ាងលឿនរួចរេចង្កូតទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាកBYD បញ្ឆិតពីចំហៀងពេញទំហឹង ហើយមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជិត២០០ម៉ែត្រ បែកយ៉ាន់កង់ខាងមុខផ្នែកខាងឆ្វេងនិងខ្ទាតសំបកកង់ចេញក្រៅទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង ៩យប់ថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខផ្សារទំនើបឡាក់គី តាមបណ្តោយផ្លូវបេតុងព្រៃស ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកBYD ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BQ-6830បើកបរជាលក្ខណៈគ្រួសារ ប្ដីប្រពន្ធនិងកូន ដោយធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃស ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៍មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកHYUNDAI SONATA ពណ៌ខ្មៅ ពាក់ផ្លាកកលេខភ្នំពេញ2BI-7900បើកបរដោយបុរសម្នាក់ ដោយធ្វើដំណើរបញ្ច្រាសទិសដៅគ្នា ពីកើតទៅលិច ក្នុងល្បឿនលឿន បានរេចង្កូតជ្រុលបុករថយន្ដBYDពីចំហៀងខាងឆ្វេងខាងក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ឯរថយន្តHYUNDAIមិនទាន់អស់ល្បឿនបានបន្តទៅមុខជិត ២០០ម៉ែត្រ មកដល់ចំណុចមុខភោជនីយដ្ឋានម៉ារ៉ាឌី888បែកយ៉ាន់កង់ខាងមុខខាងឆ្វេងខ្ទេចខ្ទី និងខ្ទាតសំបកកង់ចេញក្រៅទៅលែងមុខរួច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកកន្លែងហេតុដើម្បីពិនិត្យស្ថានភាព ។ បន្ទាប់សមត្ថកិច្ចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយខាងភាគីរថយន្តរងគ្រោះចង់ទាមទារយករថយន្តថ្មី មិនត្រូវការជួសជុល ឯភាគីរថយន្តបង្កមិនយល់ព្រម ទើបសមត្ថកិច្ចជំនាញ ជួយធ្វើការសម្របសម្រួល ដើម្បីឲ្យភាគីទាំងពីរធ្វើការចរចាគ្នាបន្តទៀត៕