ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់ខ្ជួនឥតងាករេ ដោយចាត់ទុកវៀតណាម គឺជាមិត្តល្អ បងប្អូនល្អ អ្នកជិតខាងល្អ និងដៃគូល្អ។
នាឱកាសអនុញ្ញាតឲ្យលោកស្រី ង្វៀន ធីថាញ់ សមាជិកគណៈ កម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ សម្ដេច សាយ ឈុំ បានសម្តែងនូវសេចក្តីពេញចិត្ត ជាខ្លាំង ចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរនេះ ដែលបន្តរីកចម្រើនលើគ្រប់វិស័យ។
សម្ដេច បញ្ជាក់ថា «ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីជម្រៅ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងរឹងមាំយូរអង្វែង ក្រោមស្មារតី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបតិ្តការ គ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង។ សភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់ខ្ជួនឥតងាករេ ដោយចាត់ទុកវៀតណាម គឺជាមិត្តល្អ ជាបងប្អូនល្អ ជាអ្នកជិតខាងល្អ និងជាដៃគូល្អ»។
លើសពីនេះ សម្តេច ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ព្រឹទ្ធសភាតែងតែគាំទ្រនិងលើកទឹកចិត្តដល់រដ្ឋាភិបាល នៃប្រទេសទាំងពីរ អនុវត្តន៍នូវរាល់កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
នាឱកាសនោះដែរ លោកស្រី ង្វៀន ធីថាញ់ បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៥៥ឆ្នាំកន្លងទៅនេះ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ បានពូនជ្រុំទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការបានយ៉ាងល្អប្រពៃ តាមទស្សនៈ «អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្តការ លើគ្រប់វិស័យ និងស្ថិតស្ថេរ» ហើយភាពជោគជ័យ និងការសប្បាយរីករាយរបស់កម្ពុជា គឺជាជោគជ័យនិងការសប្បាយរីករាយរបស់វៀតណាម៕