Breaking News

រឿងស្នើអឺរ៉ុប និងអាមេរិក ពិចារណារឿងទណ្ឌកម្មលើរុស្ស៉ី សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាមានឱកាសនិយាយត្រូវតែនិយាយ

(ភ្នំពេញ)៖ ក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកឡើងវិញពីការស្នើឱ្យអាមេរិក និងអឺរ៉ុប ពិចារណាឡើងវិញលើការដាក់ទណ្ឌកម្មលើរុស្ស៉ី ក្នុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក និងអនុប្រធានគណៈកម្មការអឺរ៉ុប។

នៅថ្ងៃទី០៤ ខែសីហា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយលោក អាន់តូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសអាមេរិក និងលោក ចូសិប បូររែល ហ្វុនតេលលេស តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប។ ក្នុងជំនួបទាំងពីរនេះ សុទ្ធតែបានលើកឡើងពីបញ្ហាសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ដែលជាបញ្ហាក្តៅរបស់ពិភពលោក។

ក្នុងជំនួបផ្ទាល់មុខជាមួយមន្ត្រីជាន់ខ្ពស់របស់អាមេរិក និងអឺរ៉ុបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដោយផ្ទាល់ឱ្យអាមេរិក និងអឺរ៉ុប ពិចារណាឡើងវិញពីការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៉ី។ ក្នុងនោះសម្តេចតេជោ បានគូសបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះ មិនមែនរងការលំបាកតែរុស្ស៉ីនោះទេ តែប្រទេសដាក់ទណ្ឌកម្ម និងប្រទេសនានាលើពិភពលោក ព្រមទាំងកម្ពុជាផង សុទ្ធតែជួបការលំបាក។

ក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា អ្វីដែលសម្តេចលើកឡើង គឺជាការគិតគូរមួយរបស់កម្ពុជា ហើយមានឱកាសនិយាយផ្ទាល់មុខ គឺសម្តេចត្រូវតែនិយាយ។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «នេះជាការគិតគូររបស់ប្រទេសតូចមួយ តែស្មើភាព ស្មើសិទ្ធិ អ្នកមានសិទ្ធិនិយាយ ខ្ញុំក៏មានសិទ្ធិគិតគូរ និងនិយាយដែរ។ មានឱកាសនិយាយហើយ ត្រូវតែនិយាយ ព្រោះជួបមុខផ្ទាល់ហើយ»។

សូមបញ្ជាក់ថា ប្រទេសរុស្ស៉ី បានចាប់ផ្តើមបើកការវាយលុកចូលប្រទេសអ៊ុយក្រែន កាលពីកុម្ភៈ ឆ្នាំ២០២២។ ជាការឆ្លើយតបនឹងប្រតិបត្តិការកងទ័ពក្នុងប្រទេសអ៊ុយក្រែននេះ ប្រទេសក្នុងតំបន់អឺរ៉ុប សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិផង បានសម្រេចរួមគ្នាដាក់ចេញវិធានការទណ្ឌកម្មលើប្រទេសរុស្ស៉ី។ តែវិធានការទណ្ឌកម្មនេះ ក៏បានជះឥទ្ធិពលអាក្រក់លើផ្នែកសេដ្ឋកិច្ចដល់ប្រទេសនានានៅលើពិភពលោកផងដែរ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងនៅតាមវេទិកាសាធារណៈជាច្រើនមកហើយ ឱ្យមានការពិនិត្យឡើងវិញលើវិធានការទណ្ឌកម្មនេះ។ សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេមើលឃើញថា ជាមេដឹកនាំមួយរូបដែលហ៊ាននិយាយចំៗចំពោះបញ្ហានានាជាមួយបណ្តាប្រទេសលើពិភពលោក មិនថាប្រទេសនោះតូច ឬប្រទេសធំនោះឡើយ។

ចំណុចនេះ មានការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពជាមេដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលមិនស្ទាក់ស្ទើរក្នុងការនិយាយ ឬលើកចំពោះបញ្ហា ដើម្បីស្វែងរកនូវដំណោះស្រាយនោះឡើយ។ រាល់បញ្ហាមិនអាចដោះស្រាយចេញនោះឡើយ បើលាក់លាមមិនលើកឱ្យចំណុចនៃបញ្ហាទេនោះ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *