កណ្តាល៖ កាលពីព្រឹកថ្ងៃទី៧ ខែ សីហា ឆ្នាំ២០២២នេះឯកឧត្ដម តាក់ ជីឡៅ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ូ គឹមស៊ុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំ ឆក់ឈើនាង អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយបើកការដ្ឋានសាងសងផ្លូវបេតុងប្រវែង ៣៣០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់០.២០ម៉ែត្រ ស្ថិតនៅភូមិកណ្តាល ឃុំ ឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក យ៉ែម យ៉ុន អនុប្រធានក្រុមការងារគណបក្សចុះឃុំឆក់ឈើនាង លោក ពិន កែវណារិទ្ធ មន្ត្រីគ១០ លោកស្រី ស៊ឹម ណាង មេឃុំឆក់ឈើនាង លោក ផុន វណ្ណថេត សមាជិកក្រុមប្រឹក្សាឃុំឆក់ឈើនាង និងលោក លោកស្រី មេភូមិមេ ភូមិរងនិងជំនួយការ ភូមិកណ្តាល និងប្រជាពលរដ្ឋភូមិកណ្តាលសរុបចំនួន៦៤ ។
មានប្រសាសន៍ក្នុងពិធីបើកការរដ្ឋានសាងសង់ផ្លូវបេតុង ឯកឧត្ដម តាក់ ជីឡៅ ផ្លូវបេតុងដែលនិងត្រូវសាងសង់នៅពេលនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំ ឆក់ឈើនាង ក៏ដូចជាប្រជាពលរដ្ឋទូទាំងស្រុកអង្គស្នួលផងដែរ ព្រោះនៅពេលផ្លូវបេតុងនេះសាងសង់រួច អាចសម្រួលដល់ការធ្វើដំណើរ ទៅវិញទៅមក ហើយពិសេសមានភាពងាយស្រួលក្នុងការដឹកកសិផល របស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងឃុំទៅកាន់ទីផ្សារផងដែរ។ សមិទ្ធផលផ្លូវបេតុងនេះ គឺបានមកដោយសារប្រទេស មានសុខសន្តិភាព ស្ថេរភាព ពេញលេញទូទាំងប្រទេស ហើយកត្តាសន្តិភាពនេះហើយ ដែលបានធ្វើអោយប្រទេសមានការអភិវឌ្ឍ នៅគ្រប់កន្លែង និងគ្រប់វិស័យ គឺបានដោយសារថ្នាក់ដឹងនាំរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៍ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ ឯកឧត្តមក៏បាន ស្នើដល់អាជ្ញាធរស្រុក និងប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា ដើម្បីអោយប្រទេសរបស់យើង មានបន្តអភិវឌ្ឍន៍ និងរីកចម្រើនបន្ថែមទៀត។
ឯកឧត្តម បានអំពាវនាវ សូមអោយប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ និងរស់នៅអមផ្លូវ សូមមេត្តាជួយថែរក្សាផ្លូវឲ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួម ហើយការធ្វើដំណើរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងដោយយថាហេតុណាមួយ និង វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការរួបរួមសាមគ្គីគ្នា រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការទូទាំងខេត្ត ពិសេសការចូលរួម និងសហការបានល្អរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់៕ដោយ៖ សិរី នាគ