ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋប្រមាណជាង២០គ្រួសារ ក្នុងចំណោម១១៨គ្រួសារ រស់នៅក្នុងភូមិស្រះទឹក២ ឃុំអូរអណ្តូង ស្រុកសាលក្រៅ ខេត្តប៉ៃលិន មានការសប្បាយរីករាយ និងត្រេកអរយ៉ាងខ្លាំង ខណ:ដែលមន្ទីរកសិកម្មខេត្តប៉ៃលិន កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានចុះទៅដល់មូលដ្ឋាន បង្ហាត់បង្រៀន ពួកគាត់អំពីរបៀបថែទាំសត្វមាន់ជាលក្ខណ:គ្រួសារ ផលិតចំណី និងលាយចំណីឱ្យបានត្រឹមត្រូវ ពេលសត្វមាន់ស៊ីឆាប់ធំលឿនផងដែរ។
បើតាមប្រភពព័ត៌មានពីលោក ចាន់ ថុល ជាមេភូមិ តំណាងឱ្យប្រជាពលរដ្ឋរស់នៅភូមិខាងលើបានឱ្យដឹងថា ៖ នៅក្នុងភូមិរបស់លោក ប្រជាពលរដ្ឋភាគច្រើន ប្រកបមុខរបរធ្វើចម្ការ ដាំដំណាំពោតក្រហម ដំឡូងមី ដំណាំមៀនប៉ៃលិន(ហៅតាង៉ែន) និងស្វាយកែវរមៀតជាដើម ហើយមួយចំនួនទៀតប្រកបមុខរបរចិញ្ចឹមសត្វជ្រូក សត្វគោ និងចិញ្ចឹមមាន់ជាលក្ខណ:គ្រួសារ។ ដូច្នេះ ខាងលោកក៏បានអញ្ជើញប្រជាពលរដ្ឋទាំងនោះ ឱ្យចូលរួមវគ្គបណ្តុះបណ្តាលខ្លី ពីរៀបចិញ្ចឹម ការថែទាំ និងឱ្យចំណីសត្វមាន់ ខណ:ដែលចិញ្ចឹមតាមធម្មជាតិ គ្មានការចាក់វ៉ាក់សាំងដិតដល់ ធ្វើឱ្យមាន់ទទួលការឆ្លងជម្ងឺ ងាប់អស់ជាច្រើន។
លោកបន្តទៀតថា ក្រោយពីខាងមន្រ្តីនៃមន្ទីរកសិកម្មខេត្ត បានចុះទៅធ្វើការអប់រំណែនាំនៅក្នុងភូមិរបស់លោករួចមកនេះ លោកពិតជឿជាក់ថា ប្រជាពលរដ្ឋ នឹងមានការយល់ដឹង ហើយក៏មានសន្ទុះក្នុងការចិញ្ចឹមសត្វមាន់កាន់តែច្រើនឡើងថែមទៀត ដើម្បីលក់យកថវិកាផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
លោកបញ្ជាក់ទៀតថា ជារៀងរាល់ថ្ងៃ ទោះបីជាមានការផ្តល់ពូជមាន់ពីអាជ្ញាធរមូលដ្ឋាន និងសប្បុរសជនក៏ដោយ តែពេលចិញ្ចឹមអត់មានការធ្វើតាមបច្ចេកទេស ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិរបស់ខ្លួនមានការខាតបង់អស់ជាច្រើន ធ្វើឱ្យអ្នកខ្លះស្ទើរតែបោះបង់ចោលការចិញ្ចឹមមាន់ទៅហើយ។
ចំណែកលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានឱ្យដឹងដែរថា ៖ ខាងមន្ទីរបន្តពន្យល់ដល់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹងពីរបៀបចិញ្ចឹម ការថែទាំ និងរបៀបផលិត លាយចំណី ដើម្បីជួយសម្រួលដល់ការសន្សំសំចៃថវិកា ដោយប្រើអស់លទ្ធភាព បង្វែរពីការទិញចំណីនៅទីផ្សារ ឱ្យមកផលិតចំណីខ្លួនឯង ដែលអាចជួយកាត់បន្ថយការចំណាយដើមទុន ថ្លៃទិញចំណីដែលកំពុងឡើងថ្លៃគួរឱ្យកត់សម្គាល់។ លើសពីនេះ ក៏អាចជួយឱ្យជីវភាពពួកគាត់កាន់តែប្រសើរឡើងមួយកម្រិតថែមទៀតផងដែរ។
ក្រោយពីខាងមន្ទីរបង្រៀនពីរបៀបផលិត និងលាយចំណីសត្វមាន់រួចហើយ ម្នាក់ៗទទួលបានចំណីមាន់មួយថង់យកទៅដាក់សត្វមាន់ចិញ្ចឹមរបស់ខ្លួនស៊ីសាកល្បង ហើយនឹងនាំគ្នាផលិតតាមក្បួនខ្នាតដែលបានរៀនរួមកហើយដែរ៕