(បន្ទាយមានជ័យ)៖ នារីរងគ្រោះម្នាក់អាយុ១៥ឆ្នាំ បានប្តឹងចោទប្រកាន់យុវជនជាសង្សារដែលស្គាល់គ្នាតាមហ្វេកប៊ុក និងបក្ខពួកជាមិត្តភក្តិចំនួន៤នាក់ ណាត់នាងមកជួបមុខបន្ទប់ហើយអូសនាង ធ្វើសកម្មភាពរំលោភបានសម្រេចទាំង៤នាក់ ត្រូវកម្លាំងនគរបាលឃាត់បាន៣នាក់គេចខ្លួនម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរី សោភ័ណបានប្រាប់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ៣នាក់មាន១.ឈ្មោះ ហឿម សុជា ភេទប្រុសអាយុ ២២ឆ្នាំ(ជាសង្សា) ២.ឈ្មោះ ហួត ភិល ភេទប្រុសអាយុ២១ឆ្នាំ(អ្នកបើកឡានដឹកទឹកកក) ៣.ឈ្មោះ ជុំ សាធា ភេទប្រុសអាយុ១៧ឆ្នាំ(អ្នកបើកបរឡានដឹកទឹកកក)ស្នាក់នៅបន្ទប់ជួលភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោកអធិការបានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងពីនារីរងគ្រោះអាយុ១៥ឆ្នាំរស់នៅក្រុងសិរីសោភ័ណបានទៅប្តឹងថានាងបានស្គាល់មិត្តប្រុសម្នាក់តាមហ្វេសប៊ុកធ្វើជាសង្សារហើយបានណាត់ឲ្យនាងមកជួបនៅបន្ទប់ជួលទាំងយប់។ នៅពេលជួប សង្សាររបស់នាងចាប់អូសដៃចូលបន្ទប់ហើយបិទទ្វារចាប់សម្រាតរួចរំលោភបាន សម្រេច ហើយដើរចេញពីបន្ទប់។ ស្រាប់តែមានមិត្តភក្តិប្រុស៣នាក់ទៀតបានចូលចាប់នាងរំលោភម្តងម្នាក់រហូតបានសម្រេចទាំង៤នាក់ កាលពីយប់ថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២២ក្នុងបន្ទប់ជួលទល់មុខស្ថានីយ៍ទឹកស្អាតស្ថិតភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងពីនារីរងគ្រោះ នគរបាលប៉ុស្តិ៍រដ្ឋ បាលអូរអំបិល ហើយកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណចុះស្រាវជ្រាវឃាត់ខ្លួនសង្ស័យបាន៣នាក់ ក្នុងចំណោម៤នាក់ដែលធ្វើសកម្មភាពរំលោភសេពសន្នវៈលើនារីរងគ្រោះនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ស្ថិត ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
នៅពេលនគរបាលសួរនាំជនសង្ស័យសារភាពថា ខ្លួនពិតជាបានចាប់បង្ខំស្ត្រីរងគ្រោះរំលោភ បានសម្រេចក្នុងចំណោមបក្ខពួកជាមិត្តភក្តិ៤នាក់ ហើយម្នាក់ឈ្មោះ ម៉ៅ ភេទប្រុសអាយុ២២ឆ្នាំ កំពុងគេចខ្លួន។ ជនសង្ស័យត្រូវបានសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕