Breaking News

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ស្នើអភិបាលខេត្ត ចុះស្រាវជ្រាវករណី រឿងប្រជាពលរដ្ឋប្តឹងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល

ភ្នំពេញ៖ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានឯកភាពឲ្យក្រសួងមហាផ្ទៃបញ្ជាទៅ ឲ្យអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ចុះស្រាវជ្រាវ ពិនិត្យ និងដោះ ស្រាយបញ្ហាទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋជាមួយលោក ម៉ឹង យូឡេង ប្រធានធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ដោយផ្អែកលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានចែងជាធរមាន។ ការស្នើឲ្យចុះស្រាវជ្រាវ ពិនិត្យ និងដោះស្រាយបញ្ហាទំនាស់ដីធ្លីនេះ គឺបានធ្វើឡើង បន្ទាប់ពីមានចំណារ របស់លោក ស ខេង ។

សូមរំលឹកផងដែថា ប្រជាពលរដ្ឋ បានប្តឹងលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ដោយបានចោទប្រកាន់ថា បានរំលាភយកដីលំនៅដ្ឋានរបស់ខ្លួន ដែលបានរស់នៅគ្រប់គ្រងលើដីនេះជិត ៤០ឆ្នាំមកហើយ។

ប្រជាពលរដ្ឋម្ចាស់ដី បានដាក់ពាក្យស្នើសុំអន្តរាគមន៍ពីលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយសុំអន្តរាគមន៍ទៅរដ្ឋបាលខេត្តកណ្តាល ពន្លឿនដោះស្រាយទំនាស់ដីធ្លី ជាមួយលោក ម៉ឹង យូឡេង ដែលបានរំលោភបំពាណយកដីរបស់គាត់ ដែលបានកាន់កាប់តាំងពីឆ្នាំ១៩៨៤ រហូតមកដល់បច្ចុប្បន្ន អស់រយៈពេល ៣៨ឆ្នាំ ដែលមានទំហំដីទទឹង ២០ ម៉ែត្រ និងបណ្តោយ ២០ ម៉ែត្រ ស្ថិតក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ បន្ទាប់ពីទទួលបានពាក្យស្នើសុំ អន្តរាគមន៍ លោក ស ខេង បានចំណារឲ្យស្រាវជ្រាវ ពិនិត្យ និងដោះស្រាយបញ្ហាទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋជាមួយលោក ម៉ឹង យូឡេង ។

ពាក់ព័ន្ធករណីទំនាស់ដីធ្លីនេះដែរ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានធ្វើលិខិតជម្រាបទៅលោក គង់ សុភ័ណ្ឌ អភិបាលខេត្តកណ្តាល ឲ្យចាត់ចែងឲ្យមានការចុះសិក្សាស្រាវជ្រាវ ពិនិត្យ និងដោះស្រាយបញ្ហាខាងលើដោយផ្អែកលើគោលការណ៍ច្បាប់ និង លិខិតបទដ្ឋានគតិយុត្ត ដែលមានចែងជាធរមាន រួចធ្វើការឆ្លើយតប ទៅសាម៉ីសំណើវិញ។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ ឈ្មោះ សាំង សារ៉ុម បានដាក់ ពាក្យបណ្តឹង ប្តឹងលោក ម៉ឹង យូឡេង រំលោភដីរបស់ខ្លួន ដែលមានទំហំ ២០ម៉ែត្រ គុណនឹង ២០ម៉ែត្រ ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជិត៤០ឆ្នាំមកហើយ តាំងពីជំនាន់លោក ម៉ៅ ភារុណ ជាអភិបាលខេត្តកណ្តាល រហូតមកដល់លោក គង់ សុភ័ណ្ឌ នៅតែគ្មានដំណោះស្រាយ ទើបបានជាគាត់បានដាក់ពាក្យសុំកិច្ចអន្តរាគមន៍ ទៅលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឲ្យរដ្ឋបាលខេត្តកណ្តាល ពន្លឿនការដោះស្រាយ។ ចំណែក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានចេញលិខិតបំភ្លឺលេខ ០៥០៧ សក.កណ ដែលមានខ្លឹមសារ បញ្ជាក់ថាៈ ទីតាំងដីដែលលោក សាំង សារ៉ុម បានអាស្រ័យផលរស់នៅនេះ គឺជាទីតាំងដែលបម្រុងទុកអភិវឌ្ឍន៍ធ្វើស្ថានីយ៍បូមទឹក៕ដោយ៖ សិរី នាគ

 

Check Also

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យទីតាំងបញ្ចេញសំណល់រាវមានពណ៌ ការបំពុលទឹក និងក្លិនចូលក្នុងប្រឡាយ

Leave a Reply

Your email address will not be published. Required fields are marked *