Breaking News

រដ្ឋបាលខេត្តកណ្តាល ជួបពិភក្សាការងារជាមួយ ប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងយន្តការដោះស្រាយករណីទំលាស់ដីធ្លី

ខេត្តកណ្តាល៖ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដឹកនាំដោយ ឯកន្ធត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភាជាតិ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ  អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អភិបាលរងខេត្ត អភិបាលក្រុង-ស្រុកទាំង១១ និងមន្ទីរពាក់ព័ន្ធ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីយន្តការដោះស្រាយ ទំនាស់ដីធ្លីរបស់ខេត្ត នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល។

 

មានប្រសាសន៍ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា បានធ្វើការជម្រាបជូនអំពីតួនាទី និងភារកិច្ច របស់គណៈកម្មាធិការទី១ គឺជាគណៈកម្មាធិការមួយក្នុងចំណោមគណៈកម្មាធិការជំនាញទាំង១០ របស់រដ្ឋសភា ដែលបានបំពេញភារកិច្ច តួនាទី ពិនិត្យមើលបញ្ហាប្រឈមនានា ពាក់ព័ន្ធសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ដើម្បីធ្វើការដោះស្រាយ និងដាក់ជូនក្រសួងពាក់ព័ន្ធដើម្បីធ្វើការពិនិត្យ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានជម្រាបជូនប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភាថា  ការងារចុះបញ្ជីដីរដ្ឋក្នុងខេត្ត បានសរុបចំនួន ១២,២៧៤ ហិកតា ក្នុងនោះ រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ប្រគល់សិទ្ធិជូនក្រុមហ៊ុនធ្វើការជួល និងដោះដូរដើម្បីវិនិយោគ ចំនួន ១៦ កន្លែង ស្មើនឹង ៥,៧៩៥ ហិកតា ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ នៅមូលដ្ឋាន។

ឯកឧត្តមបានបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សរុបតាំងពីចាប់ផ្តើមអនុវត្តសម្រេចបាន ៥៦៩ភូមិ លើ ១០១០ភូមិ ស្មើ ៥៧% និងនៅសល់ ៤៤១ភូមិ ស្មើនឹង ៤៣% ដែលគ្រោងបញ្ចប់ នៅ ឆ្នាំ២០២៩ ហើយបច្ចុប្បន្ននេះក្រុមការងារមន្ទីរ ១០ក្រុម កំពុងដំណើរការអនុវត្ត ចំនួន ៦៩ភូមិ លើ ៤៤១ភូមិ ដែលនៅសល់ ០៩ស្រុក។ ដោយឡែក ស្រុកកណ្ដាលស្ទឹង បានបញ្ចប់ ការចុះ បញ្ជីជាប្រព័ន្ធជាស្ថាពរ និងក្រុងតាខ្មៅ កំពុងសំអាតទិន្នន័យ។ បានចែកប័ណ្ណសរុប ២១,៣៩៧ក្បាលដី (សរុបតាំងពីចាប់ផ្តើមអនុវត្តបាន ២៤៤,៥៩៣ប័ណ្ណ)។

ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ បានចេញប័ណ្ណ ចំនួន ៦,៧៦៧ ប័ណ្ណ (សរុប តាំងពីចាប់ផ្តើមអនុវត្តបាន ១៨០,៣៤៤ ប័ណ្ណ)។

ពាក់ព័ន្ធនឹងលទ្ធផលនៃការដោះស្រាយករណីវិវាទដីធ្លីក្នុងខេត្ត ឯកឧត្តមអភិបាលបានបញ្ជាក់ថា គិតមកដល់ខែសីហា ឆ្នាំ២០២២ នេះ ករណ៏ដីធ្លីទូទាំងខេត្ត សរុបចំនួន ៤៦២ ករណី ដោះស្រាយបញ្ចប់បានចំនួន ១៤១ ករណី និងកំពុងដំណើរការដោះស្រាយ ចំនួន ៣២១ ករណី។ 

នាឱកាសនោះដែរ ឯកឧត្តម សរ ចំរុង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធយន្តការដោះស្រាយករណីទំលាស់ដីធ្លី  ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ  ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋធូធារ កាត់បន្ថយភាពក្រីក្រ ជាពិសេស ឯកឧត្តម  ក៏បានជំរុញ និងលើកទឹកចិត្តដល់រដ្ឋបាលខេត្ត ត្រូវបន្តខិតខំអនុវត្តការងាររបស់ខ្លួនឱ្យមានកាន់តែប្រសិទ្ធភាពខ្ពស់ ធ្វើឱ្យមានការអភិវឌ្ឍ រីកចម្រើន ខិតខំកសាងឱ្យបាននូវសមិទ្ធផលថ្មីៗជាច្រើនទៀតជូនប្រជាពលរដ្ឋ៕

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *