Breaking News

ខ្ចីម៉ូតូកន្លែងបាញ់ត្រីក្នុងកាស៊ីណូខ្លាខ្មៅមួយភ្លែត បែរជារត់គេច ត្រូវម្ចាស់ប្តឹងនគរបាលចាប់ឃាត់ខ្លួន

ខេត្តប៉ៃលិន៖ ស្គាល់គ្នារយ:ពេលខ្លី លុះជនសង្ស័យខ្ចីម៉ូតូជិះ១ភ្លែត ទៅទិញរបស់របរក្នុងផ្សារ លុះចាំបាត់ៗ មិនឃើញត្រឡប់មកវិញ ទើបដឹងថា ជាករណីរំលោភទំនុកចិត្ត ក៏ប្រញាប់ទៅដាក់ពាក្យបណ្តឹងនៅនគរបាលស្នងការខេត្ត ឱ្យតាមចាប់ឃាត់ខ្លួនតែម្តង។

ហេតុការណ៍ជនសង្ស័យខ្ចីម៉ូតូ១ភ្លែត រួចជិះគេចខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង០១ និង០០នាទីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចទូរបាញ់ត្រីកាស៊ីណូខ្លាខ្មៅ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ៖ ជនរងគ្រោះដើមបណ្ដឹងមានឈ្មោះ គង់ សីហា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ជាកសិករ មានទីលំនៅក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន។ ចំណែកជនសង្ស័យមាន ឈ្មោះ ចាន់ នី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ។

ប្រភពបន្តទៀតថា នៅថ្ងៃកើតហេតុ កាលពីវេលាម៉ោង៨ និង០០នាទីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ជនរងគ្រោះបានជិះម៉ូតូទៅហូបបង្អែមនៅផ្សារព្រំ។ ក្រោយពេលហូបរួច ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។ តែទៅដល់ក្បែរមុខកន្លែងទូរបាញ់ត្រី ក្នុងកាស៊ីណូយីហោ «ខ្លាខ្មៅ» ស្រាប់តែជនសង្ស័យដែលទើបនឹងស្គាល់គ្នាជាមួយជនរងគ្រោះ បានស្រែកហៅឱ្យចូលក្នុងកាស៊ីណូ។ លុះជនរងគ្រោះចូលទៅដល់ រូបគេ បានសុំខ្ចីម៉ូតូទៅទិញរបស់របរបន្តិច។ ពេលនោះ ដើមបណ្ដឹងនិយាយថា ចាំខ្លួនជូនទៅ តែជនសង្ស័យ និយាយប្រកែកថាមិនអីទេ រូបគេសុំខ្ចីតែមួយភ្លែតប៉ុណ្ណោះដោយមានការប្រញាប់ រួចនឹងត្រឡប់យកមកជូនវិញ។ ដោយចាំបាត់ៗ អស់រយ:ពេលជាយូរ មិនឃើញជនសង្ស័យត្រលប់មកវិញ។ ទើបដឹងថា គេយកម៉ូតូគេចខ្លួន ក៏ធ្វើដំណើរទៅផ្ទះ ដើម្បីដាក់ពាក្យបណ្តឹងតែម្តង។ រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលដំណឹងពីការិយាល័យព្រហ្មទណ្ឌស្រាលថា ខាងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យខាងលើបានហើយ ទើបចុះទៅនាំយកជនសង្ស័យ និងវត្ថុតាងម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៍ខ្មៅ គ្មានស្លាកលេខ ដើម្បីរៀបចំសំនុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Check Also

បង្ក្រាបទីតាំងជល់មាន់មួយកន្លែង នៅខេត្តកំពង់ស្ពឺ ឃាត់ខ្លួនអ្នកលេង ៨នាក់ បញ្ជូនទៅតុលាការ

Leave a Reply

Your email address will not be published. Required fields are marked *