Breaking News

ប្រជាពលរដ្ឋជាង៣០គ្រួសាររងគ្រោះបញ្ហាដីធ្លីបន្ដទទួចស្នើអាជ្ញាធរ ជួយរកយុត្ដិធម៌រឿងមេខ្យល់ក្លែងឯកសារលក់ដី

ខេត្តព្រះសីហនុ៖ រដ្ឋបាលស្រុកស្ទឹងហាវ បានបន្ដព្យាយាមសម្របសម្រួលរកដំណោះស្រាយតាមការស្នើសុំរបស់ប្រជាពលរដ្ឋរឿងដីធ្លីរវាងលោក លឹម ងួន និងប្រជាពលរដ្ឋរងគ្រោះ ៣២គ្រួសារ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាស្រុកស្ទឹងហាវ តែលោក លឹម ងួន ដែលតែងតែស្ពាយឯកសារដើរប្ដឹងគេឯង មិនចូលខ្លួនមកជួបទល់មុខជាមួយប្រជាពលរដ្ឋ និងតាមការអញ្ជើញរបស់រដ្ឋបាលស្រុកឡើយ។

តំណាងប្រជាពលរដ្ឋ ៣២គ្រួសារ និយាយថា កន្លងមក ពួកគាត់ បានស្នើសុំ និងដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំសុំអន្ដរាគមន៍ជួយរកយុត្ដិធម៌រឿងបញ្ហាដីធ្លីជាង ១០០ហិកតា នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ ដែលត្រូវបានលោក លឹម ងួន បោកប្រាស់យកឈ្មោះ និងស្នាមមេដៃរបស់ពួកគាត់ ទៅធ្វើឯកសារក្លែងបន្លំលក់-ទិញដីឱ្យលោក និងអ្នកដទៃ ដោយពួកគាត់មិនដឹងខ្លួនផងនោះ។ តំណាងប្រជាពលរដ្ឋនិយាយថា “ពួកខ្ញុំហ៊ានទទួល ខុសត្រូវចំពោះមុខច្បាប់ ព្រោះពួកខ្ញុំមិនបានធ្វើដូចលោក លឹម ងួន ចោទប្រកាន់នោះទេ” ថ្ងៃនេះ ពួកគាត់ បានបន្ដទទួចស្នើសុំតាមរយៈអ្នកសារព័ត៌មានទៅអាជ្ញាធរ ថ្នាក់ដឹកនាំ និងតុលាការ មេត្ដាជួយរកយុត្ដិធម៌ឱ្យពួកគាត់ផង។

លោក សុន ពិសី អភិបាលរងស្រុកស្ទឹងហាវ និយាយថា កិច្ចប្រជុំនេះ គឺស្ដីពីការដោះស្រាយករណីប្ដឹងលោក លឹម ងួន ក្លែងបន្លំឯកសារលក់ដីឱ្យទៅអ្នកដទៃ ស្ថិតនៅ​ភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ។ ប្រជាពលរដ្ឋ បានស្នើសុំអាជ្ញាធរជួយរកយុត្ដិធម៌រឿងលោក លឹម ងួន បានក្លែងបន្លំឯកសារលក់ដី និងរំលោភលើសេចក្ដីទុកចិត្ដរបស់ពួកគាត់ ហើយពួកគាត់បានធ្វើការបដិសេធស្នាមមេដៃ ថាបានលក់ដីឱ្យលោក លឹម ងួន ជាមេដៃក្លែងក្លាយ ពួកគាត់ បានបន្ដទទួចស្នើសុំកុំឱ្យសមត្ថកិច្ចទៅរករឿងពួកគាត់អី។ លោក លឹម ងួន មិនគោរពពេលវេលា និងចូលរួមក្នុងការប្រជុំទេ ទោះបីកន្លងមក រដ្ឋបាលស្រុក ធ្លាប់បានអញ្ជើញលោក លឹម ងួន ឱ្យចូលមកជួបតទល់ជាមួយប្រពលរដ្ឋនៅសាលាស្រុក ដើម្បីធ្វើការសម្របសម្រួលរកដំណោះជាច្រើនលើកច្រើនសារមកហើយ តែលោក លឹម ងួន មិនចូលខ្លួនឡើយ។

លោក លឹម ងួន រដ្ឋបាលស្រុកបានអញ្ជើញចូលរួមប្រជុំ មិនដែលបានមកនោះទេ។.លោក លឹម ងួននេះ មានបណ្ដឹងជាច្រើនករណីមកហើយ ដែលពុំចូលរួមដោះ ស្រាយផ្ទាល់នោះទេ។ ដោយសារមានបណ្ដឹងនៅតុលាការ ដែលហួសពីសមត្ថកិច្ចរបស់ស្រុក និងម្យ៉ាង ទៀតភាគីលោក លឹម ងួន មិនបានចូលរួមប្រជុំដោះ ស្រាយ ដូច្នេះលោក នឹងធ្វើរបាយការណ៍ដាក់ជូនលោកអភិបាលស្រុក ដើម្បីរកនីតិវិធីបន្ដរកដំណោះស្រាយជូនប្រជាពលរដ្ឋ។

គួររំឭកផងដែរថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ លោក ឆាយ សុគន្ធដា អតីតអភិបាល ស្រុកស្ទឹងហាវ បញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងច្បាស់ថា លោក លឹម ងួន ពុំមានដីនៅភូមិឫទ្ធី២ ឃុំកែវផុសនោះទៀតទេ ព្រោះ លឹម ងួន បានលក់ទៅឱ្យលោក នងឌី ណារ៉ា អតីតមេឃុំកែវផុសអស់ហើយ និងកំណត់ ហេតុប្រជុំមួយចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ របស់សាលាស្រុកស្ទឹងហាវ ដែលលោក លឹម ងួន មានវត្តមានចូលរួមដែរនោះ ក៏បានបញ្ជាក់ថា លឹម ងួន ពុំមានដីនៅតំបន់ខាងលើនោះទៀតដែរ។ 

ដូច្នោះ តើលោក លឹម ងួន មានដីមកពីណាទៀតទៅដើរប្ដឹងគេឯង និងប្រជាពលរដ្ឋរងគ្រោះដីធ្លីនោះ? លោក លឹម ងួន អាយុ ៥៨ឆ្នាំ ជាអ្នកលក់ដូរ និងរកស៊ីជួញរឿងដីធ្លី រស់នៅភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខែត្រព្រះសីហនុ៕

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *