Breaking News

រដ្ឋបាលស្រុកអង្គស្នួល បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់

​ខេត្តកណ្តាល៖ ចាប់តាំងពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែតុលានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គស្នួល បានដឹកនាំចុះ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងក្របខណ្ឌទូទាំងស្រុកអង្គស្នួល ដោយធ្វើកិច្ចសន្យាបិទទីតាំងល្បែងស៊ីសងគ្រប់ប្រភេទរួមមាន៖ ល្បែងភ្នាល់តាម Internet ជ្រកក្នុងអាជីវកម្ម-អាជ្ញាបណ្ណ  សរុប ១៩៨ ទីតាំង មុខសញ្ញា១៩៨ នាក់ ជាជនជាតិខ្មែរ ស្រី១២៩នាក់ ក្នុងនោះមានល្បែងជល់មាន់អនឡាញ១៨ទីតាំង ឡូតូ១១៤ទីតាំង និងកត់ឆ្នោត៦៦ទីតាំង។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅស្រុកអង្គស្នួល នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ហាក់ សុខមករា   អភិបាលរងខេត្តកណ្តាល បានការកោតសរសើរ និងអរគុណ ចំពោះកងកម្លាំងមានសមត្ថកិច្ច ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ លើការងារពង្រឹងសន្តិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសបានបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានជំរុញដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តស្វែងរកមុខសញ្ញាល្បែងខុសច្បាប់បន្តទៀត ពីព្រោះការបង្កាប់ល្បែងស៊ីសងខុសច្បាប់នេះ គឺមិនមែនធ្វើតែមួយពេលខ្លីនោះទេ គឺយើងត្រូវបន្តធ្វើកិច្ចការបង្កាប់លែងស៊ីសងខុសច្បាប់ឱ្យបានជាប់ជាប្រចាំ ដូចភ្លៀងរលឹម សំដៅធ្វើយ៉ាងណាបង្ក្រាបឱ្យអស់នូវរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅមូលដ្ឋាន ។

បន្ថែមពីលើនេះ ឯកឧត្តមអភិបាលរងខេត្ត បានស្នើដល់អាជ្ញាធរស្រុកអង្គស្នួល ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ពិសេសបញ្ហាដីធ្លីជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ទាន់ពេលវេលា និងទទួលបានលទ្ធផលល្អប្រសើរ កងកម្លាំងសមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវ​បង្កើនការខិតខំ​យយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និង ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យបានល្អប្រសើរផងដែរ៕

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *