Breaking News

រដ្ឋបាលខេត្តស្វាយរៀងបន្តប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុករមាសហែក

ខេត្តសកវាយរៀង៖ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង  តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត នាព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរងស្រុករមាសហែកចំនួន២រូបរួមមាន៖

– លោកស្រី ហែន ដានី ឋានន្តរស័ក្កិនាយក្រមការថ្នាក់លេខ៦ ជាអភិបាលរងនៃគណៈអភិបាលស្រុករមាសហែក។ 

– លោក ម៉ម សម្បត្តិ ឋានន្តរសក្កិគ្រូបង្រៀនកម្រិតមូលដ្ឋានដេីមខ្សែពិសេស ថ្នាក់លេខ៦ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា ជាអភិបាលរងនៃគណៈអភិបាលស្រុករមាសហែក។  

មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ថា ការរៀបចំពិធីប្រកាសគណៈអភិបាលរងថ្មីនៅថ្ងៃនេះ ជាតួអង្គប្រតិបត្តិឱ្យមានចំនួនសមស្របតាមស្ថានភាពនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្ត្រនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីរ៉ាប់រងអនុវត្តមុខងារ និងធនធានដែលបានផ្ទេរពីក្រសួង ស្ថាប័ននៅថ្នាក់ជាតិ អនុវត្តសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សា និងអនុវត្តតួនាទីជាតំណាងឱ្យរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានានៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដូចជា ការងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន។ 

ឯកឧត្តមបានធ្វើការផ្ដាំផ្ញើដល់គណៈអភិបាលស្រុករមាសហែក លោក លោកស្រីអភិបាលរងស្រុកដែលទើបតែងតាំង និង មន្ត្រី រាជការក្នុង រចនា សម្ព័ន្ធរដ្ឋបាលសាលាស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម៖

– ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឱ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលក្រុង ឱ្យកាន់តែមានភាពល្អប្រសើរ។

–  ត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនិងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។

– ត្រូវចូលរួមសហការជួយការងាររដ្ឋបាលស្រុក គណៈអភិបាលស្រុក ឱ្យបានល្អពិសេសមានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។

– រដ្ឋបាលស្រុករមាសហែក ត្រូវយកចិត្តទុកក្នុងការបន្តអនុវត្តវិធានការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩(៣ការពារ៣កុំ) និងការដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីវិបត្តិនៃជំងឺនេះ និងត្រូវជម្រុញ ដឹកនាំការងារចាក់វ៉ាក់សាំងឱ្យកាន់តែសកម្មថែមទៀត ទាំងដូសមូលដ្ឋាន និងដូសជម្រុញ  (ទី៣ ទី៤ និងទី៥) ។

– រដ្ឋបាលស្រុកត្រូវជួយគាំទ្រដល់រដ្ឋបាលឃុំ ក្នុងការរៀបចំយន្តការច្រកចេញចូលតែមួយដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋ ពេលមកស្នើសុំនិងទទួលសេវាស្របតាម     សេចក្តីណែនាំលេខ ០១៨ ដែលនៅថ្នាក់ឃុំ ដែលមានតួអង្គស្នូល ចំនួន០៥ ជាអ្នកបម្រើ សេវាសាធារណៈជូនប្រជាពលរដ្ឋ រួមមាន៖

– មេឃុំ- ស្មៀនឃុំ – ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ

– មណ្ឌលសុខភាព និង មេភូមិ ។ តួអង្គស្នូលទាំង០៥ខាងលើនេះ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានល្អប្រសើរប្រកប ដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយពុំមានការរើសអើង ការបែងចែកបក្សពួក និងនិន្នាការនយោបាយនោះឡើយ៕

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *