Breaking News

ឯកឧត្តម ហ៊ុន ម៉ានី បន្តនាំយកអាវរងារ ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព ប្រចាំទិសយោធភូមិភាគទី៤

(ពោធិ៍សាត់)៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះ បានបន្តនាំយកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព ប្រចាំទិសយោធភូមិភាគទី៤ រួមមាន៖ កងពលតូចអន្តរាគមន៍លេខ១៤, ទីបញ្ជាការមុខកងទ័ពជើងគោក, តំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់, កងរាជអាវុធហត្ថខេត្តពោធិ៍សាត់, កងការពារព្រំដែនលេខ៥០១ និងវរសេនាតូចនគរបាលការពារព្រំដែនលេខ៨២៥។ 

ពីធីនេះត្រូវបានធ្វើឡើង នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ដែលស្ថិតក្នុងតំបន់បាយឃ្លះ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ឯកឧត្តម ហ៊ុន ម៉ានី បានពាំនាំការសួរសុខទុក្ខ និងសេចក្តីនឹករឮក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមថ្លែងអំណរគុណ ព្រមទាំងកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហាន គ្រប់កាលៈទេសៈ ជាពិសេសទោះក្នុងសុខសន្តិភាព កងកម្លាំងទាំងអស់តែងតែងបានចុះជួយសង្រ្កោះប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។

ឯកឧត្តមបានបន្ថែមថា ក្នុងដំណាក់កាលចុងក្រោយនេះ កងកម្លាំងប្រដាប់អាវុធ បានក្លាយជាកម្លាំងស្នូលមួយយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងបានយ៉ាងជោគជ័យ ទៅនឹងការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលស្តែងចេញពីការគោរព និងទទួលបញ្ជាយ៉ាងដាច់ណាត់ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងសភាពការណ៍។

សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនកងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព ប្រចាំទិសយោធភូមិភាគទី៤ ចំនួន១៧៦៥នាក់ ដោយក្នុងម្នាក់ៗទទួលបានអាវរងារម្នាក់មួយស្មើៗគ្នា។ ដោយឡែកអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ទទួលបានការឧបត្ថម្ភបន្ថែម អង្ករ២តោន, មី១៤កេស, ត្រីខ៥កេស, ទឹកដោះគោ១០កេស, ប៊ីចេង១៦កញ្ចប់, ទឹកត្រី៦យួរ, ទឹកបរិសុទ្ធ៥០កេស និងថវិកា២លានរៀល៕

Check Also

អយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាម

Leave a Reply

Your email address will not be published. Required fields are marked *