ខេត្តស្វាយរៀង៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង លោកជំទាវ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន ៤០០គ្រួសារ និងគ្រួសារជួបការលំបាក ១០០គ្រួសារ សរុបចំនួន ៥០០គ្រួសារ ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។
អញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះផងដែររួមមានឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អស់លោកលោកស្រីជាអភិបាលរងខេត្តព្រមទាំងប្រតិភូអមដំណើរលោកអភិបាលស្រុកលោកមេឃុំទាំង ១៦ ក្នុងស្រុកផងដែរ។
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត
បានមានប្រសាសន៍ថាៈ ក្នុងនាមរដ្ឋបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកបានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញចុះមកជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនគ្រួសារអតីតយុទ្ធជនដែលកំពុងរស់នៅតំបន់ផ្ទះ៤០០ខ្នង ស្មើនឹង ៤០០គ្រួសារ និងបងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០០គ្រួសារ នៅភូមិជីកដីនាពេលនេះ និងថ្លែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះមន្ទីរ-អង្គភាពទាំងអស់ រួមទាំងអាជ្ញាធរស្រុក ឃុំ ក៏ដូចជាសមាគមអតីតយុទ្ធជនខេត្ត ស្រុក ដែលកន្លងមកបានចូលរួមសហការតាមការចង្អុលណែនាំ និងចាត់តាំងរបស់រដ្ឋបាលខេត្ត ក្នុងការចុះជួយឧបត្ថម្ភ និងផ្ដល់នូវកូនឈើ និងដំណាំហូបផ្លែដល់បងប្អូនគ្រួសារអតីតយុទ្ធជន ជាពិសេសកិច្ចគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នេះ បើទោះបីជាមិនទាន់បានឆ្លើយតប ១០០% ប៉ុន្តែក៏បានជួយសម្រួលដល់ការរស់នៅរបស់បងប្អូន ដែលនេះជាចំណុចវិជ្ជមានមួយនាំឲ្យបងប្អូនបានមកស្នាក់នៅអចិន្ត្រៃយ៍ រហូតដល់ទៅ ២៩៦គ្រួសារ និងស្នាក់នៅចេញ-ចូល មាន ១០៣គ្រួសារ និងមានតែ ១គ្រួសារ ប៉ុណ្ណោះ ដែលមិនមករស់នៅ ហើយក៏បានប្រគល់ជូនមករដ្ឋវិញផងដែរ ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តស្វាយរៀងក៏ដូចជាមន្ត្រីដែលមានការពាក់ព័ន្ធទាំងអស់ដែលបានខិតខំរួមចំណែកក្នុងការសហការនិងអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល.ក្រសួងក៏ដូចជារដ្ឋបាលខេត្តស្វាយរៀងដើម្បីសម្រេចបានលទ្ធផលល្អដូចយើងបានឃើញស្រាប់នាពេលនេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមថាៈចំពោះចំណុចសេសសល់ ពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលនៅមានការខ្វះខាតនៅទីនេះ ខ្ញុំក៏សូមឲ្យអាជ្ញាធរខេត្ត.ស្រុក រួមទាំងមន្ទីរ-អង្គភាពជំនាញ សហការចុះពិនិត្យសិក្សា និងវាយតម្លៃជាក់ស្ដែង ដើម្បីរៀបចេញជាផែនការបំពេញបន្ថែម ក្នុងនោះក៏សូមឲ្យមានការគិតគូរផងដែរ ពាក់ព័ន្ធនឹងសកម្មភាពគាំទ្រដល់ការបង្កើតមុខរបរ ឬក៏សកម្មភាពសេដ្ឋកិច្ចនៅទីនេះផ្ទាល់តែម្ដង ដែលអាចឲ្យបងប្អូនមានឱកាសក្នុងការរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ តាមរយៈការបង្កើតជាសហគមន៍ដាំដំណាំបន្លែសរីរាង្គសម្រាប់ផ្គង់ផ្គង់ទីផ្សារ និងសិប្បកម្មដែលធ្វើដោយដៃ ជាដើម ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តាំផ្ញេីដល់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរកិច្ចការនារី និងមន្ទីរអភិវឌ្ឍន៍ជនបទ សហការរៀបចំជួយគាំទ្របងប្អូនលើការងារបណ្ដុះបណ្ដាលជំនាញទាំងអស់នេះ ក៏ដូចជាជួយរកទីផ្សារសម្រាប់លក់នូវផលិតផលដែលបងប្អូនផលិតបាន ។ ទន្ទឹមនោះសូមឲ្យអាជ្ញាធរដែនដី និងមន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវឧស្សាហ៍ចុះជួប និងក្ដាប់បញ្ហាតម្រូវការនានារបស់បងប្អូនគ្រួសារអតីតយុទ្ធជនដែលរស់នៅទីនេះ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ជាពិសេសកិច្ចការផ្ដល់សេវាសាធារណៈ សេវាតម្រូវការជូនបងប្អូន ឲ្យបានល្អប្រសើរ តួយ៉ាងនៅក្នុងប្រើប្រាស់ប័ណ្ណ បសស ក្នុងការទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ និងនៅក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗទៀត ដែលជាប្រយោជន៍សម្រាប់បងប្អូនគ្រួសារអតីតយុទ្ធជន ។
ឯកឧត្តមក៏បានសំណូមពរដល់បងប្អូនគ្រួសារអតីតយុទ្ធជន ដែលមិនទាន់បានមកស្នាក់នៅអចិន្ត្រៃ យ៍ អញ្ជើញមកស្នាក់នៅផ្ទះដែលបានប្រគល់ជូនរួចហើយឲ្យបានជាប់លាប់ ព្រោះដោយហេតុថា នាពេលខាងមុខនេះ ក្រុមការងារជំនាញនឹងចុះធ្វើការវាយតម្លៃតាមនីតិវិធីមុននឹងឈានទៅចុះបញ្ជីដី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុតាមគោលការណ៍ច្បាប់ដែលបានកំណត់ ត្រូវចូលរួមជួយថែទាំទ្រព្យសម្បត្តិសាធារណៈដែលមាននៅទីនេះឲ្យបានគង់វង្សប្រើប្រាស់យូរអង្វែង និងសូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញឲ្យបានគ្រប់ៗគ្នា ព្រមទាំងត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីលើកស្ទួយជីវភាពរស់នៅឲ្យកាន់តែប្រសើរ ហើយក្នុងករណីដែលមានការជួបប្រទះនូវបញ្ហាប្រឈមផ្សេងៗ
ត្រូវរួសរាន់លើកសំណើ ឬសំណូមពរ និងរាយការណ៍ ជូនអាជ្ញាធរដែនដី និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីមានវិធានការដោះស្រាយឲ្យបានទាន់ពេលវេលា ។
អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋរួមមាន÷
– អង្ករ ២០គីឡូក្រាម – មី ១កេស
– ត្រីខ ១យួរ – ទឹកត្រី ១យួរ
– ទឹកស៊ីអ៉ីវ ១យួរ – សាប៊ូលាងដៃ ២ដុំ និងថវិកា ១០០.០០០រៀលផងដែរ៕