កណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបកស្រាយបំភ្លឺជូនសាធារណជន ទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Nhom Phearom ដែលបានបង្ហោះផ្សព្វផ្សាយ មានខ្លឹមសារថា “ថ្ងៃឈប់សម្រាកបុណ្យអុំទូកនាំគ្នាទៅលេងស្រុក មកតាមផ្លូវតាខ្មៅ ត្រូវលោកប៉ូលីសចាប់ផាកពិន័យ ១០ម៉ឺនរៀល ក្នុងម៉ូតូមួយគ្រឿង ម៉ូតូពួកខ្ញុំ មាន៥គ្រឿង សរុបជាទឹកប្រាក់ ៥០ម៉ឺនរៀល ខ្ញុំទទួលស្គាល់ថាពួកខ្ញុំខុស ជិះម៉ូតូបញ្រ្ចាស់ ប៉ុន្តែពួកខ្ញុំព្យាយាមសម្រួលជាមួយគាត់យ៉ាងណាក៏មិនព្រមដែរ ពួកខ្ញុំជាកម្មកររោងចក្រមានលុយឯណាអោយគាត់ផាកពិន័យដល់ទៅ ១០ម៉ឺននោះ ពួកខ្ញុំព្យាយាមនិយាយសម្រួលជាមួយគាត់យ៉ាងណា ក៏គាត់មិនព្រមដែរ បងប្អូនដែលមិនធ្លាប់ជិះកាត់ផ្លូវតាខ្មៅ ដូចជាពួកខ្ញុំជួយប្រយ័ត្នផង ជិះតាមផ្លូវហ្នឹងមក មើលមិនដឹងថាផ្លូវនឹងបញ្រ្ចាសទេ មើលមុខគាត់ទៅមិនលើកលែងអោយអ្នកណាទាំងអស់ “។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាលោកអធិការនគរបាលក្រុងតាខ្មៅ ចំណាត់ការឆ្លើយតបបំភ្លឺករណីខាងលើ។
ជាលទ្ធផល៖នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោកអធិការ បានបញ្ជាឲ្យផ្នែកសេនាធិការ អញ្ជើញមន្ត្រីផ្នែកចរាចរណ៍ដែលចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅខាងលើទាំងពីរនោះមកបំភ្លឺនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។
ផ្អែកតាមការបំភ្លឺពីលោកអនុសេនីយ៍ឯក សៀម ប៉ូច អត្តលេខ៤០៤៧៤ ជាមន្រ្តីផ្នែកចរាចរណ៍ និងលោកអនុសេនីយ៍ឯក ឯម សុគន្ឋ អត្តលេខ ៤០៤៧០ ជាមន្រ្តីផ្នែកចរាចរណ៍ បានឱ្យដឹងថា៖កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចគោលដៅខាងកើសាលាខេត្តកណ្តាល ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០៦ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បានឈរអនុវត្តច្បាប់ចរាចរណ៍ត្រង់ចំណុចគោលខាងលើ ក្រោយមកក៏មានម៉ូតូចំនួន ០៥គ្រឿង បើកបរបញ្រ្ចាសផ្លាកសញ្ញាហាមឃាត់ខុសច្បាប់ មាត្រា៦ថ្មី ចំណុច ”ឋ” (បើកបរមិនគោរពផ្លាកសញ្ញាហាមឃាត់) ខណៈនោះលោកអនុសេនីយ៍ឯក សៀម ប៉ូច បានធ្វើការឃាត់ម៉ូតូទាំងនោះ ដើម្បីធ្វើការណែនាំអប់រំពីច្បាប់ចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍ឱ្យគាត់បានយល់ពីគ្រោះថ្នាក់ផ្សេងៗ បន្ទាប់មកពួកគាត់ក៏បានសួរលោកអនុសេនីយ៍ឯក សៀម ប៉ូច ពីច្បាប់ត្រូវផាកពិន័យ ហើយលោកក៏បានប្រាប់ទៅពួកគាត់វិញថា “តាមច្បាប់ចរាចរណ៍ ចំពោះម៉ូតូដែលល្មើសនឹងផ្លាកសញ្ញាហាមឃាត់ត្រូវពិន័យជាទឹកប្រាក់ចំនួន១០ម៉ឺនរៀល “ អត់មានមួកសុវត្ថិភាព ត្រូវពិន័យចំនួន ៦ម៉ឺនរៀល ក្រោយពីធ្វើការណែនាំរួចលោកអនុសេនីយ៍ឯក សៀម ប៉ូច បានឱ្យពួកគាត់ត្រឡប់ទៅក្រោយវិញដោយមិនបានផាកពិន័យនោះទេ។
អធិការដ្ឋាននគរបាលក្រុងតាខ្មៅ សូមធ្វេីការបដិសេធទាំងស្រុងទៅលើម្ចាស់គណនីហ្វេសប៊ុក Nhom Phearom ដែលបានបង្ហោះលើបណ្តាញសង្គមថា មន្រ្តីផ្នែកចរាចរណ៍ បានផាកពិន័យ ក្នុងម៉ូតូមួយគ្រឿង ១០ម៉ឺនរៀល មិនមែនជាការពិតឡើយ។
អាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕ដោយ៖ សិរី នាគ