ខេត្តកំពង់ស្ពឺ ៖ បើទោះបីជាមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីព្រលប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្តែងនូវការមិនគាំទ្ររដាច់អហង្ការចំពោះសកម្មភាពបទល្មើសធនធានធម្មជាតិដែលប្រព្រឹតដោយឈ្មួញទុច្ចរិត ជាពិសេសលោកនិងមានវិធានការចំពោះមន្ត្រីក៏ដូចជាសមាជិកភរិយារបស់មន្ត្រីប្រសិនបើពាក់ព័ន្ធនិងបទល្មើសព្រៃឈើ និងមានវិធានការលុបឈ្មោះចេញពីកងទ័ព ដោយលោកអះអាងថានេះជាបញ្ជារដាច់អហង្ការរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជារការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ជាមួយក្រុមអ្នកសារព័ត៌មាន លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ ខ្ញុំសូមអរគុណចំពោះព័ត៌មានដែលបងបានផ្តាល់អោយដែលបានចូលរួមថែរក្សារព្រៃឈើយើងទាំងអស់គ្នា ហើយក៏អរគុណដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះផងដែលគាត់ផ្តាល់ព័ត៌មានអោយចឹងអ្នកខ្លះគាត់មិនស្រលាញ់ព្រៃឈើគាត់មិនខ្វល់នោះទេ ចឹងធ្វើអីធ្វើទៅគាត់សម្សំតែសុខ តែនេះគឺជាចេតនាមួយដែលគាត់ស្រលាញ់ព្រៃឈើហើយចឹងដូចជាបងខាងព័ត៌មានចឹងកន្លងមកបងផ្តាល់ព័ត៌មានមកគឺខ្ញុំទទួលយកបានមិនមែនជាព័ត៌មានដែលគេហៅថា ជាព័ត៌មានក្លែងក្លាយឬព័ត៌មានញុះញុងឬថាជាព័ត៌មានដែលយកលុយគេមិនបានហើយបានរាយការណ៍នោះទេគឺខ្ញុំទទួលស្គាល់។ លោកឧត្តមសេនីយ៍ត្រី បន្តទៀតថា៖ ខ្ញុំនិងជម្រុញអោយមេបញ្ជារការខេត្តប្រុងប្រយ័ត្នចំពោះកូនចៅរបស់ខ្លួនកន្លងមកហើយគឺបើសិនជាមានចឹងមែនគឺត្រូវតែបង្ក្រាបព្រោះអីគឺជាបទបញ្ជារនិងតាមសេចក្តីណែនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍មេបញ្ជារការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ គឺបានមិនអោយកងរាជអាវុធហត្ថណាម្នាក់ចូលរួមនោះទេ សូម្បីតែគ្រួសាររបស់ខ្លួនដែលរកស៊ីឈើក៏មិនអោយរកដែរអញ្ចឹងបើសិនជាមានពិតគឺត្រូវតែបង្ក្រាបហើយនិងសុំគោលការកាត់ឈ្មោះចេញតែម្តង។
ជាក់ស្តែងនៅយប់ថ្ងៃទី០៤ឈានចូលថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២១នេះ សកម្មភាពការដឹកជញ្ជូនបទល្មើសព្រៃឈើនៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺគឺនៅតែបន្តកើតមានដដែល។ ដោយពលរដ្ឋបានលើកឡើងថាមិនដឹងមកមូលហេតុអ្វីបានបទល្មើសមួយនេះអាចកើតឡើង? ឬមួយក៏អាជ្ញាធរគ្រប់ជាន់ថ្នាក់ដេកលង់លក់អស់ហើយទេដឹង? ប្រជាពលរដ្ឋបានសំណោមពរអោយឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជារការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិមេត្តាជួយចាត់វិធានការចុះបង្ក្រាបបទល្មើសការដឹកជញ្ជូនឈើដែលគេស្គាល់ថា មេឈ្មួញឈ្មោះ ឌី នេះផង។ ព្រោះបើអោយមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខេត្តកំពង់ស្ពឺបង្ក្រាបវិញនោះដូចជាគ្មានប្រសិទ្ធភាពទេ។
នៅព្រឹកថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រាប់អង្គភាពយើងតាមប្រព័ន្ធតេឡេក្រាមយ៉ាងខ្លីថា បាទសូមអរគុណ។ ដោយឡែកលោកឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺក៏បានប្រាប់អង្គភាពយើងនៅព្រឹកថ្ងៃដដែលតាមប្រព័ន្ធតេឡេក្រាមថា បាទសូមអរគុណ។
សូមបញ្ជាក់ថា៖ការដឹកជញ្ជូនឈើដែលបងប្អូនប្រជាពលរដ្ឋបានអោយដឹងនៅយប់ថ្ងៃទី១៦ខែសីហាឆ្នាំ២០២១ដល់ថ្ងៃទី២៦ខែសីហាឆ្នាំ២០២១កន្លងមកឃើញថា មានពីរឃុំគឺដឹកពីច្រកសំរោងនិង ច្រកជាំ ឃុំតាសាលនិងដឹកពីច្រកស្រែកិនច្រកអូរត្រាវដឹកកាត់ក្រុមហ៊ុន អេច អិល អេច ដាំដំឡូងមី ក្នុងឃុំត្រពាំងជោ នៃស្រុកឱរ៉ាល់ ដោយនៅតែមានការដឹកជញ្ជូនឈើពីសំណាក់ឈ្មួញឈើប៉ាវផ្តាច់មុខជុំនួញឈើគ្រប់ប្រភេទឈ្មោះ ឌី និងមានម្នាក់ទៀតដាក់ភាគហ៊ុនឈ្មោះ គ័ង នៅភ្នំពេញ ដែលបានដឹកឈើនោះឆ្លងកាត់កន្លែងស្នាក់ឈរជើងលោក ចន្ថា អនុការិយាល័យដែនឧទ្យានជាតិក្រវ៉ាញ កណ្តាលប្រចាំការស្នាក់ការតាំងពង់-បាំងសនិងកាត់ដែនសមត្ថកិច្ចលោក ចាន់ អនុការិល័យប្រចាំការស្នាក់ការតេទឹកពុះលោកហ៊ុល ម៉ារ៉ា ប្រធានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។
បើតាមប្រភពពីពលរដ្ឋ ក្នុងភូមិសាស្ត្រឃុំតាសាលនិងឃុំត្រពាំងជោឲ្យដឹងយ៉ាងច្បាស់ថា ក្នុងករណីដឹកឈើនោះរមានឈើសុក្រំ,រាជកុល,ឈ្លិច,កកោះ,ធ្នង់ និងឈើក្រហម ។ រីឯមធ្យោបាយដឹកជញ្ជូនឈើរបស់ឈ្មួញឈ្មោះ ឌី និង ឈ្មោះ គ័ង ប្រើរថយន្តកុងទីន័រនិងវេអងកង១០ដឹកប្រមាណជា ១០ គ្រឿងនិងរថយន្តស្ទូច ចំនួន២ គ្រឿង(តូច១ធំ១)និងរថយន្តឃ្លុបប្រភេទ២តោនកន្លះចំនួន២គ្រឿងបន្លំជា
រថយន្តដឹកទឹកកកឬដឹកទំនិញ រួចយកទៅចតទុកខាងក្រោយផ្ទះសំណាក់នៅទីរួមស្រុកឱរ៉ាល់ ហើយឈើទាំងនោះដឹកចូលឃ្លាំង១កន្លែងដែលជាស្ថានីយ៍តេលានៅមុខ ស្ថិតនៅភូមិដំបងវិញ ដើម្បីផ្ទេរប្រភេទឈើប្រណិត ចូលទូកុងទីន័រនិងរថយន្តវេអង ។
ជួនកាលគេផ្ទេរនៅក្នុងចំការស្វាយនិងខាងក្រោយផ្ទះប្រជាពលរដ្ឋ,ជួនកាលផ្ទេរឈើនៅក្នុងក្រុមហ៊ុន អេច អិល អេច ដាំដំឡូងមី រួចឈ្ញួញឈើឈ្មោះ ឌី និងឈ្មោះ គ័ង ដឹកយកមកដាក់នៅឃ្លាំងនៅខាងក្រោយផ្សាបែកចាន ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល ហើយមួយផ្នែកដឹកយកទៅដាក់នៅឃ្លាំងផ្លូវជាតិលេខ៣ជិតផ្លូវចូលវត្តជន្លង់ម្លូមួយផ្នែកនិងមានឃ្លាំង១ទៀតសម្រាប់តែដាក់ ឈើធ្នង់ ឈើគ្រញូង ឈើនាងនួន សុត នៅនិងផ្ទះលោក ភ័ណ្ឌ ត្រូវជាប្អូនប្រុសលោក ឌី ដែលនៅ តាំងក្រសាំងចូលតាមផ្លូវទំនប់ចាន់ថ្នាល ហើយក៏មានដេប៉ូលក់ឈើមានច្បាប់អនុញ្ញាតពីមន្ត្រីជំនាញក្នុងភូមិត្រពាំងគីន ស្រុកសំរោងទងខេត្តកំពង់ស្ពឺ។ តែឈើនោះភាគច្រើនជាឈើល្មើសច្បាប់ដែលលោក ឌី និងលោក គ័ង បានដឹកមកពីឃុំតាសាល និងឃុំត្រពាំងជោ នៃស្រុកឱរ៉ាល់ ចូលមកក្នងដេប៉ូដើម្បីឲ្យក្លាយទៅជាឈើស្របច្បាប់ដើម្បីលក់ចែកចាយបន្ត ក្នុងខេត្តកំពង់ស្ពឺ ។
បើតាមប្រភពពីមន្ត្រីរាជការអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋមួយចំនួននៅរង្វង់មូលកន្ទួតបានរៀបរាប់ត្រួសៗ បញ្ជាក់ប្រាប់ឲ្យដឹងថា កូនចៅដៃឆ្វេងដៃស្ដាំរបស់ក្រុមឈ្មួញឈើ នរណាៗក៏គេដឹងដែរថាឈ្មោះឌី និងឈ្មោះគ័ង ។ ពួកគេនិយាយតាមតុកាហ្វេរគុយទាវបែបអំនួតចំអកពេបជ្រាយ មកលើអ្នកសារព័ត៌មាន ក៏ដូចជា អាជ្ញាធរមូលដ្ឋាននិងមន្ត្រី មន្ត្រីជំនាញគ្រប់ស្ថាប័នថ្នាក់និងជាតិមួយចំនួនទៀត ដែលមានតួនាទី បង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ គឺពួកគេបានបង់លុយគិតជាខែនិងខ្លះគិតជាក្បាលឡានរួចអស់ទៅហើយ ហើយជំនួញឈើពួកគេមិនខ្លាចសមត្ថកិច្ចឬជំនាញខាងណាទៀតទេ ។
ប្រជាពលរដ្ឋលើកឡើងថា បើសិនជា អាជ្ញាធរនិងមន្ត្រីជំនាញ នៅក្នុងមូលដ្ឋានស្រុកឱរ៉ាល់ និងមន្ត្រីជំនាញពាក់ព័ន្ធមិនជាប់ពាក់ព័ន្ធ និងលុយសំណូករបស់ឈ្មួញឈើជាថ្នូរមិនបង្ក្រាបនោះទេ ពួកគាត់សូមសំណូមពរឲ្យអាជ្ញាធរនិងមន្ត្រីជំនាញដែលមានស្នាក់ការតាមដងផ្លូវមេត្តាជួយទប់ស្កាត់ការដឹកជញ្ជូនឈើខុសច្បាប់របស់ឈ្មួញឈ្មោះឌីនិងឈ្មោះគ័ង នេះផង និងស្នើសុំដល់អាជ្ញាធរនិងមន្ត្រីជំនាញក្នុងមូលដ្ឋានមន្ត្រីជំនាញថ្នាក់ខេត្តនិងលោកអភិបាលខេត្តជាពិសេសគឺក្រុមការងារ ប្រធានគណៈកម្មការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសមេត្តាចាត់កម្លាំងសម្ងាត់ចុះពិនិត្យឃ្លាំងស្តុកឈើរបស់លោកឌីនិងលោកគ័ងផង។
ប្រជាពលរដ្ឋសូមបញ្ជាក់ថា បើមិនយក កម្លាំងជំនាញមកដោយសម្ងាត់នោះទេនោះនឹងមកដល់ សល់តែសំបកឃ្លាំងឈើក៏បាត់រថយន្តដឹកឈើធំតូចក៏មិនឃើញដែរ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ លោកហ៊ុល ម៉ារ៉ា ប្រធានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់មិនអាចសុំពន្យល់បានទេតាមប្រព័ន្ធតេឡេក្រាម ដោយលោកចូលមើលហើយតែមិនឆ្លើតប។ លោកឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានអោយដឹងថា៖ សូមអរគុណហើយបានផ្ញើររបាយការណ៍មក ខ្ញុំនឹងសាកសួរការិយាល័យទាំង២គឺមានភ្នំឱរ៉ាល់និងភ្នំក្រវាញហើយខ្ញុំនិងអោយមន្ត្រីរបស់លោកស្រាវជ្រាវ។ លោកប្រធានមន្ទីរបន្តថា លោកមិនស្គាល់ដែរតើឈ្មោះ ឌី នេះជានរណា ហើយលោកនិងធ្វើកិច្ចការនេះអោយលោកហ៊ុល ម៉ារ៉ា ប្រធានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ហើយនិងលោកឡុង ស៊ី តាមដានការងារនេះខ្ញុំនិងរាយការណ៍មកអោយខ្ញុំ។ ជាមួយគ្នានេះដែរលោក វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានអោយដឹងតាមប្រព័ន្ធ WhatsApp យ៉ាងដូច្នេះថា៖ សួរទៅមន្ត្រីជំនាញសិនទៅមិចប្រុងអោយចៅហ្វាយខេត្តទៅចាប់?
ដោយឡែកលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រាប់អ្នកសារព័ត៌មាន អោយដឹងថា៖ សូមអរគុណ ខ្ញុំបាទបានផ្តល់ព័ត៌មាននេះដល់មេខេត្តកំពង់ស្ពឺរួចហើយ សូមអរគុណបង៕ ដោយ៖ សិរី នាគ