Breaking News

សម្ដេចក្រឡាហោម ស ខេង ជាឥស្សរជនខ្មែរដំបូងដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ

ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ។ ពិធីប្រគល់ និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះ ប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រ យុវជន និងកីឡា បានមានប្រសាសន៍ថា សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទ គឺជាការទទួលស្គាល់នៃកម្រិតអប់រំខ្ពស់បំផុត របស់សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ដែលត្រូវបានផ្តល់ជូនដល់ឥស្សរជន និងបុគ្គលដែលមានកិត្តិយសខ្ពង់ខ្ពស់ និងមានការទទួលស្គាល់ពិសេសចំពោះសមិទ្ធផលសំខាន់ៗ ដែលស្របតាមបេសកកម្មរបស់សាកលវិទ្យាល័យ។

 ឯកឧត្តមថា គណៈកម្មការវាយតម្លៃថ្នាក់បណ្ឌិត បានពិនិត្យយ៉ាងហ្មត់ចត់នូវស្នាដៃទាំងឡាយរបស់បេក្ខជន និងបានឯកភាពគ្នាជាឯកច្ឆន្ទសម្រេចនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ថា ស្នាដៃរបស់បេក្ខជនសម្តេចក្រឡាហោម ស ខេង ក្នុងផ្នែកអភិវឌ្ឍន៍ជនបទ មានលក្ខណៈខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម និងមានតម្លៃដ៏លើសលប់ ទាំងផ្នែកសិក្សា សេដ្ឋកិច្ច និងសង្គមក្នុងកម្រិតខ្ពស់ សម្រាប់ទទួលនូវការប្រគល់ជូនពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទ។

 សម្រាប់រដ្ឋមន្ត្រីក្រសួងអប់រំ សម្តេចក្រឡាហោមជាឥស្សរជនជាន់ខ្ពស់មួយរូបរបស់ជាតិ ដែលបានរួមចំណែកយ៉ាងជ្រាលជ្រៅក្នុងការអភិវឌ្ឍជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងពង្រឹងអភិបាលកិច្ចល្អនៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការអភិវឌ្ឍនានានៅក្នុងវិស័យអប់រំ សុខាភិបាល កសិកម្ម សាសនា ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀត ដែលធ្វើឱ្យប្រជាជនទទួលបាននូវការអប់រំ ប្រកបដោយគុណភាពខ្ពស់ សេវាសុខភាពប្រកបដោយគុណភាព មានផ្លូវថ្នល់ខ្វាត់ខ្វែង ទីផ្សារលក់ដូរគ្រប់កន្លែង ដែលប្រការទាំងនេះបានចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែសម្បូរសប្បាយ និងល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ពីពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយផ្នែកអភិវឌ្ឍន៍ជនបទនោះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាវិទ្យាសាស្រ្ដ គណៈកម្មការវាយតម្លៃថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យ ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលបានវាយតម្លៃ និងគាំទ្រចំពោះស្នាដៃរបស់សម្តេច ហើយសម្រេចផ្តល់នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទ ជូនសម្តេច។

ជាមួយគ្នានេះសម្តេច ក៏បានថ្លែងអំណរព្រះគុណថ្វាយព្រះករុណាព្រះមហាក្សត្រ ក៏ដូចជាសម្តេចព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គបានគាំទ្រចំពោះការងាររបស់សម្តេច ផ្តល់ឱកាសសម្រាប់សម្តេចបម្រើជាតិ និងបានផ្សារភ្ជាប់ខ្លួនជាមួយនឹងប្រជាជាតិ។ ក្នុងនោះសម្តេច ក៏បានអរគុណចំពោះរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលបានប្រគល់ភារកិច្ចជូនសម្តេចផងដែរ។

សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ដែលមានឈ្មោះដើមថា សាកលវិទ្យាល័យមហាឥសីវេទ ជាគ្រឹះស្ថានឧត្ដមសិក្សារដ្ឋមួយ ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការផ្ដួចផ្ដើមរបស់ឥស្សរជនដែលរួមមាន ៖ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្ដេចក្រឡាហោម ស ខេង ។ គោលបំណងរបស់ឥស្សរជនកំពូលទាំងពីររូប ក្នុងការបង្កើតសាកលវិទ្យាល័យនៅស្រុកកំចាយមារ គឺចង់ឱ្យសិស្សដែលបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ នៅតំបន់នេះ អាចមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្ដមសិក្សា ហើយម្យ៉ាងទៀតក៏ចង់ឱ្យសាកលវិទ្យាល័យ រួមចំណែកក្នុងការអភិវឌ្ឍស្រុកកំចាយមារ ក៏ដូចជាស្រុកនានាជុំវិញ ព្រោះនាពេលនោះ តំបន់នេះជាតំបន់ដាច់ស្រយាលនៃប្រទេស។ គិតត្រឹមឆ្នាំសិក្សា២០២១-២០២២ សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ បានបណ្ដុះបណ្ដាលនិស្សិតបញ្ចប់ការសិក្សា ចំនួន ២៥ជំនាន់រួចមកហើយ ដែលស្មើនឹង ១៥,៩៨១នាក់ ហើយកំពុងបម្រើការងារក្នុងស្ថាប័នរដ្ឋ ឯកជន សង្គមស៊ីវិល និងបានបង្កើតជាសហគ្រាស ក្រុមហ៊ុន និងអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ ឧត្ដមភាព សេចក្ដីថ្លៃថ្នូរ និងកិត្តិយស។

សូមបញ្ជាក់ថា បច្ចុប្បន្នសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ មាននិស្សិតដែលកំពុងសិក្សាចំនួនសរុប ៣.៧១៥នាក់ ក្នុងនោះស្រី ចំនួន ២.២៣៧នាក់។ សាកលវិទ្យាល័យ មានបុគ្គលិកក្របខណ្ឌកំពុងបម្រើការងារសរុបចំនួន ៨៤នាក់ ក្នុងនោះស្រី ១៧នាក់ គ្រូបង្រៀនវេលាការ ចំនួន ១២០នាក់ និងបុគ្គលិកកិច្ចសន្យា ចំនួន ៥០នាក់៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *