Breaking News

នគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនក្រុមចោឆក់ទូរសព្ឌ័បានម្នាក់ និងរត់គេចខ្លួនម្នាក់

កណ្តាល៖ នគរបាលស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងម្នាក់ទៀតរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ឌ័ដៃ ពីក្មេងស្រីបានសម្រេចពេលកំពុងជិះម៉ូតូទៅទិញប្រហិត យកអោយម្តាយទៅលក់ ។

លោក ផុន ពិសាល អធិការរងស្រុកអង្គស្នួលបានអោយដឹងថាករណីនេះបានកើតឡើងនៅថ្ងៃទី១៣ ខែ​មិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៥ និង៤០នាទី នៅចំណុចផ្លូវបេតុង ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកអធិការរងស្រុកអង្គ ស្នួល បានប្រាប់អោយដឹងទៀតថា ជនរងគ្រោះឈ្មោះ ឃុន ស្រីនីន  ភេទស្រី អាយុ១៦ ឆ្នាំ  ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិចំបក់ពណ្ណារាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ 

ជនសង្ស័យចំនួន០២នាក់ ទី១ឈ្មោះ គុន តុលា ហៅធី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ទី២ឈ្មោះ អុី ភេទប្រុស អាយុប្រហែល១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកឆក់យកទូរសព្ទរត់គេចខ្លួន)។

នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីសាលាវិទ្យាល័យ ហ៊ុន សែន បឹងធំ សង្កាត់បឹងធំ គោលបំណងទៅទិញប្រហិតនៅផ្សារបែកចាន ដើម្បីយកឱ្យម្តាយលក់ដូរនៅពេលព្រឹកឡើង ។ហើយជនរងគ្រោះក៏ឆ្លៀតចូលទៅលេងផ្ទះមិត្តភ័ក្ករបស់ខ្លួន នៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ បានមួយសន្ទុះធំរួចក៏បានជិះម៉ូតូចេញមកវិញ ។

លុះមកដល់ចំណុចកើតហេតុម្តាយរបស់ជនរងគ្រោះ បានតេទូរស័ព្ទមក ហើយជនរងគ្រោះក៏លើកនិយាយជាមួយម្តាយរួច ក៏បានបិទទូរសព្ទរៀបដាក់ទុកក្នុងកាបូប ។ ភ្លាមនោះ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1M-4264 តាមពីក្រោយហើយជនសង្ស័យម្នាក់ជិះក្រោយ បានធ្វើសកម្មភាពឆក់យកទូរសព្ទពីជនរងគ្រោះ បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូរងរបួស ។ រួចជនសង្ស័យបានជិះម៉ូតូគេចខ្លួនបានបន្តិចក៏ជ្រុលទៅបុកម៉ូតូអ្នកធ្វើដំណើរ បណ្តាលឱ្យដួលម៉ូតូ ។ បន្ទាប់មកជនរងគ្រោះក្រោកឡើងក៏ស្រែកថាចោរៗចោរឆក់ទូរសព្ទ ហើយប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុក៏នាំគ្នាដេញចាប់ឃាត់ខ្លួនជនសង្ស័យបាន០១នាក់(អ្នកបើកម៉ូតូ) ចំណែកជនសង្ស័យ០១នាក់ទៀតបានរត់គេចខ្លួនរួមទាំងទូរសព្ទរបស់ជនរងគ្រោះទៅជាមួយ។

ក្រោយពីបានទទួលបានព័ត៌មាននោះភ្លាម កម្លាំងប៉ុស្ក្ដិ៍ក្រាំងម្កាក់ សហការជាមួយកម្លាំងជំនាញ ប៉ុស្តិ៍ឆក់ឈើនាង ព្រៃពួច បែកចាន បានចុះទៅដល់កន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំ និងទទួលបណ្តឹងតាមនីតិវិធី ។

តាមចម្លើយសាររបស់ជនសង្ស័យ បានសារភាពថាខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីជនរងគ្រោះពិតប្រាកដមែនដោយខ្លួនជាអ្នកបើកម៉ូតូ ចំណែកជនសង្ស័យឈ្មោះ អុី ជាអ្នកឆក់ ពេលឆក់ទូរស័ព្ទបានសម្រេចហើយខ្លួនបានជិះម៉ូតូជ្រុលទៅបុកម៉ូតូអ្នកដំណើរបណ្តាលឱ្យដួលមានរបួស ចំពោះទូរសព្ទរបស់ជនរងគ្រោះ ត្រូវបានឈ្មោះ អុី យករត់គេចខ្លួនបាត់ទៅ ហើយខ្លួនត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួននៅកន្លែងកើតហេតុ។ 

បច្ចុប្បន្នកម្លាំងផ្នែកជំនាញ កសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕ដោយ៖ សិរី នាគ

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *