ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំធ្វើពិធីបួងសួងថ្លែងអំណរគុណតាមបែបសាសនាដល់ទសបារមី ដែលបានជួយបីបាច់ថែរក្សាលោកគ្រូ អ្នកគ្រូ សិល្បករសិល្បការិនី ដែលបានចូលរួមសម្ដែងសិល្បៈទស្សនីយភាព ក្នុងពិធីបើក-បិទការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ កន្លងទៅទទួលបាននូវជោគជ័យ និងសេចក្តីសុខ។
យោងតាមការជូនដំណឺងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិធីថ្លែងអំណរគុណតាមបែបសាសនានឹងប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
សូមបញ្ជាក់ថា កម្ពុជាគឺជាម្ចាស់ផ្ទះស៊ីហ្គេមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ហើយក៏ជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេស ក្នុងរយៈពេលជាង៦០ឆ្នាំកន្លងមក ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចមិនយកថ្លៃការចូលរួមទស្សនា ពិធីបើក-បិទ និងការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ និង មិនយកថ្លៃដូចគ្នាចំពោះការផ្តល់សិទ្ធផ្សព្វផ្សាយព័ត៌មានកីឡា ទាំងក្នុង និងក្រៅប្រទេស៕