ភ្នំពេញ៖ គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលតភ្ជាប់ពីមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ បានសម្រេចការសាងសង់២៥%ហើយ ដែលតាមផែនការគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅខែសីហា ឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការបញ្ជាក់ពីមន្ទីរសាធារណៈការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២កក្កដា នេះ។
បើតាមមន្ទីរសាធារណៈការរាជធានីភ្នំពេញ គម្រោងនេះជាស្ពានអាកាសកម្ពស់២ជាន់ ដែលនឹងសម្រួលលំហូរចរាចរលើដងមហាវិថី ព្រះមុនីវង្ស មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ (ផ្លុវ២៧១) និងតភ្ជាប់ចរាចរពីតំបន់ក្នុងទីក្រុងទៅមកអាកាសយានដ្ឋានអន្តរជាតិ តេជោ។
គួររំលឹកថា គម្រោងស្ពានអាកាសនេះ បានធ្វើពីធីក្រុងពាលីបញ្ចុះបឋមសិលាសុំម្ចាស់ទឹកម្ចាស់ដីកាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីលោក ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីអាជ្ញាធរដែនដី ហើយនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនាស្ពានអាកាសថ្មីនេះផងដែរ។
គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្ស គ្រោងចំណាយថវិកាចំនួន ៣៦.៧៧៥.០០០ ដុល្លារអាមេរិក ប្រើប្រាស់រយៈពេលសាងសង់៣៦ខែ ទទួលសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC៕