ភ្នំពេញ៖ កូនខ្មែរចំនួន ៣រូប ដែលជាស្ត្រី បានបង្ហាញនូវភាពអស្ចារ្យជូនមាតុភូមិ ដោយពួកគាត់បានរៀនបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលដំបូងគេបង្អស់ប្រកបដោយជោគជ័យពីប្រទេសរុស្ស៊ី។ នេះជាមោទនភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូល។
កញ្ញា ទិត្យម៉ារីណែត, កញ្ញា សុីវ គីមលី, កញ្ញា ណោង ជាលីណា និងលោក ញូង ម៉ានិត ត្រូវបានអបអរសាទរដោយ មជ្ឈមណ្ឌល CAM-ATOM ដែលអ្នកទាំង៤រូប បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ជំនាញ Nuclear Power Engineering and Thermal Physics (ជំនាញនុយក្លេអ៊ែរស៊ីវិល) ដោយជោគជ័យ ពីសាកលវិទ្យាល័យលំដាប់កំពូលទាំងពីរគឺ សាកលវិទ្យាល័យ Bauman Moscow State Technical University ទីក្រុង Moscow និងសាកលវិទ្យាល័យ National Research Nuclear University MEPhI ទីក្រុង Obninsk សហព័ន្ធរុស្ស៊ី។
សូមបញ្ជាក់ផងដែរថា បញ្ញវន្តទាំង៤រូប (បញ្ញវន្តស្រ្តី៣រូប ជាស្រ្តីខ្មែរដំបូងដែលបានបញ្ចប់ការសិក្សាផ្នែកនុយក្លេអ៊ែរស៊ីវិលប្រកបដោយជោគជ័យ) ជានិស្សិតបញ្ចប់ការសិក្សា ជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល ជំនាន់ទី២ នៃគម្រោងអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឈានទៅសម្រេចបានការអភិវឌ្ឍវិស័យថាមពលនុយក្លេអ៊ែរស៊ីវិលនៅកម្ពុជានាពេលខាងមុខ។
ជាមួយគ្នានេះផងដែរ និស្សិតកម្ពុជាទាំង៤រូប ក៏ដូចជានិស្សិតកម្ពុជាផ្សេងទៀត ដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី លើជំនាញថាមពលនុយក្លេអ៊ែរស៊ីវិល និងជំនាញពាក់ព័ន្ធ តែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពី លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព៕