ភ្នំពេញ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យចំនួន៥នាក់បានក្លែងបន្លំខ្លួនជាមន្ត្រីនគរបាល រួចចេញធ្វើសកម្មភាពធាក់ប្ល.ន់ម៉ូតូអ្នកលក់សាច់គោតាមដងផ្លូវ បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់នៅឯស្រុកកៀនស្វាយ ខេត្តកណ្ដាល។ បន្ទាប់មក ជនសង្ស័យនាំគ្នារត់មកលាក់ខ្លួននៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយក៏ត្រូវកម្លាំងនគរបាលស្រុក និងខណ្ឌទាំង២ខាងលើ សហការគ្នាចុះបង្ក្រាប និងឃាត់ខ្លួនបានចំនួន៤នាក់ ហើយកំពុងតាមចាប់ម្នាក់ទៀតដែលកំពុងគេចខ្លួនផងដែរ។
ការចាប់ខ្លួនខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្ទុះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះ ពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណឡើយ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៣។ ហើយជនសង្ស័យមួយក្រុមនេះ បានពាក់ប័ណ្ណសម្គាល់ខ្លួននគរបាល( ក្លែងជានគរបាល) ដោយធ្វើសកម្មភាពស្ទាក់ និងធាក់ប្ល.ន់យកម៉ូតូពីអ្នកលក់សាច់គោម្នាក់ ខណៈកំពុងតែដឹកសាច់គោយកទៅឲ្យម៉ូយ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រថ្មី ស្ថិតក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពីកើតមានសកម្មភាពបែបនេះ កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានធ្វើការស្រាវជ្រាវ ហើយកំណត់មុខសញ្ញាជនសង្ស័យ ព្រមទាំងទីតាំងលាក់ខ្លួននៅបន្ទប់មួយកន្លែង ម្តុំតំបន់សម្បុកចាប ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ បន្ទាប់មក កម្លាំងនគរបាល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលខណ្ឌដង្កោ និងកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ចុះទៅចាប់ខ្លួនក្រុមជនសង្ស័យ ប៉ុន្តែក្រុមនេះដឹងខ្លួនមុន និងនាំគ្នារត់គេចខ្លួនចូលក្នុងប្រឡាយទឹកស្អុយ តែគេចមិនផុត ក៏ត្រូវនគរបាលឃាត់ខ្លួនបាន៤នាក់ ចំណែកម្នាក់ទៀតកំពុងគេចខ្លួន ចាប់មិនទាន់បាននៅឡើយ។
ក្រោយពេលឃាត់ខ្លួន នគរបាលដកហូតម៉ូតូចំនួន៣គ្រឿង រួមនឹងគ្រឿងបន្លាស់សម្រាប់ដោះដូរគ្រឿងម៉ូតូមួយចំនួន ព្រមទាំងប័ណ្ណសម្គាល់ខ្លួននគរបាលក្លែងក្លាយចំនួន៣សន្លឹក និងសម្ភារៈផ្សេងៗទៀត រួចនាំខ្លួនក្រុមជនសង្ស័យយកទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕