Breaking News

ជនសង្ស័យ​ចំនួន ​៥​នាក់​បាន​ក្លែងបន្លំ​ខ្លួន​ជា​មន្ត្រី​នគរបាល រួច​ចេញ​ធ្វើ​សកម្ម​ភាព​ធាក់​ប្ល​.​ន់​ម៉ូតូ​អ្នកលក់​សាច់​គោ​តាម​ដងផ្លូវ

​ភ្នំពេញ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៥​នាក់​បាន​ក្លែងបន្លំ​ខ្លួន​ជា​មន្ត្រី​នគរបាល រួច​ចេញ​ធ្វើ​សកម្មភាព​ធាក់​ប្ល​.​ន់​ម៉ូតូ​អ្នកលក់​សាច់​គោ​តាម​ដងផ្លូវ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់​នៅ​ឯ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ បន្ទាប់​មក ជនសង្ស័យ​នាំ​គ្នា​រត់​មក​លាក់ខ្លួន​នៅផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​ក៏​ត្រូវ​កម្លាំង​នគរបាល​ស្រុក និង​ខណ្ឌ​ទាំង​២​ខាងលើ សហការ​គ្នា​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់ ហើយ​កំពុង​តាម​ចាប់​ម្នាក់​ទៀត​ដែល​កំពុង​គេចខ្លួន​ផង​ដែរ​។

ការ​ចាប់ខ្លួន​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទុះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ ពុំ​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ ២០២៣​។ ហើយ​ជនសង្ស័យ​មួយ​ក្រុម​នេះ បាន​ពាក់​ប័ណ្ណសម្គាល់ខ្លួន​នគរបាល​( ក្លែង​ជា​នគរបាល​) ដោយ​ធ្វើ​សកម្មភាព​ស្ទាក់ និង​ធាក់​ប្ល​.​ន់​យក​ម៉ូតូ​ពី​អ្នកលក់​សាច់​គោ​ម្នាក់ ខណៈ​កំពុង​តែ​ដឹក​សាច់​គោ​យក​ទៅ​ឲ្យ​ម៉ូយ នៅ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ថ្មី ស្ថិត​ក្នុងភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់ និង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពី​កើត​មាន​សកម្មភាព​បែប​នេះ កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​កំណត់​មុខសញ្ញា​ជនសង្ស័យ ព្រមទាំង​ទីតាំង​លាក់ខ្លួន​នៅ​បន្ទប់​មួយ​កន្លែង ម្តុំ​តំបន់​សម្បុកចាប ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ បន្ទាប់​មក កម្លាំង​នគរបាល សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ខណ្ឌដង្កោ និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ ចុះ​ទៅ​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ ប៉ុន្តែ​ក្រុម​នេះ​ដឹងខ្លួន​មុន និង​នាំ​គ្នា​រត់គេច​ខ្លួន​ចូល​ក្នុង​ប្រឡាយ​ទឹក​ស្អុយ តែ​គេច​មិន​ផុត ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​៤​នាក់ ចំណែក​ម្នាក់​ទៀត​កំពុង​គេចខ្លួន ចាប់​មិន​ទាន់​បាន​នៅឡើយ​។

ក្រោយ​ពេល​ឃាត់ខ្លួន នគរបាល​ដកហូត​ម៉ូតូ​ចំនួន​៣​គ្រឿង រួម​នឹង​គ្រឿងបន្លាស់​សម្រាប់​ដោះ​ដូរ​គ្រឿង​ម៉ូតូ​មួយ​ចំនួន ព្រមទាំង​ប័ណ្ណសម្គាល់ខ្លួន​នគរបាល​ក្លែងក្លាយ​ចំនួន​៣​សន្លឹក និង​សម្ភារៈ​ផ្សេង​ៗ​ទៀត រួច​នាំ​ខ្លួន​ក្រុម​ជនសង្ស័យ​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

Check Also

បុរស់ម្នាក់ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនពីបទរំលោភសេពសន្ទវៈ

Leave a Reply

Your email address will not be published. Required fields are marked *