ខេត្តតាកែវ៖ នៅឧទ្យានសួនសត្វ ភ្នំតាម៉ៅ កូនខ្ទីងញីមួយក្បាលត្រូវបានបង្កើតនៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ ។ មេរបស់កូនខ្ទីងនេះត្រូវបានសង្គ្រោះមកពីខេត្តមណ្ឌលគិរី កាលពីឆ្នាំ២០០៦ ដោយកាលនោះទើបតែមាន អាយុប្រហែល៣ខែប៉ុណ្ណោះ។
ក្រោយពីទទួលបានការចិញ្ចឹម ថែរក្សានៅឧទ្យានសួន សត្វ ព្រៃការពារ និងសួនភូតគាម«ភ្នំតាម៉ៅ» រហូតដល់ពេញវ័យបន្តពូជត្រូវបានដាក់អោយរស់នៅជាមួយខ្ទីងឈ្មោល១ក្បាលដែលបាននាំយកមកពីប្រទេសបារាំងនាឆ្នាំ ២០០៩។
គិតត្រឹមឆ្នាំ២០២៣នេះ ខ្ទីងមេបាមួយគូរនេះបង្កើតកូនបានចំនួន០៥ក្បាលដោយលើកទី១នៅឆ្នាំ២០១៦បង្កើត បានកូនញី១ក្បាល,លើកទី២នៅឆ្នាំ២០១៨បង្កើតបាន កូនឈ្មោល១ក្បាល,លើកទី៣នៅឆ្នាំ២០២០ង្កើតបាន កូនឈ្មោល១ក្បាល,លើកទី៤នៅឆ្នាំ២០២២បង្កើតបាន
កូនញី១ក្បាលនិងលើកទី៥បង្កើតបានកូនខ្ទីងញី១ ក្បាលនៅឆ្នាំ២០២៣។
កូនខ្ទីងញីដែលទើបនឹងកើតនេះកំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីបសុពេទ្យ និងអ្នកថែរក្សាសត្វព្រៃនៃឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម«ភ្នំតាម៉ៅ»។
ខ្ទីងជាសត្វព្រៃដែលចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ ស៊ីល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាអាហារ។ ខ្ទីងញីអាចបង្កើតបានកូនមួយក្បាលបន្ទាប់ពពោះរយៈពេល ០៩ខែ។ នៅក្នុងប្រទេកម្ពុជា ខ្ទីងមានវត្តមាននៅភូមិភាគឦសាន ភូមិភាគខាងជើង ខេត្ត កោះកុង ពោធិសាត់ (ជួរភ្នំក្រវាញ) និងខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នខ្ទីងស្ថិតក្នុងក្រុមប្រភេទសត្វមានដោយកម្រ និងមានដង់ស៊ីតេរស់នៅកម្រិតទាប។ កម្រឃើញប្រភេទនេះរស់នៅតាមវាលទំនាបណាស់ ព្រោះខ្ទីងមិនចូលចិត្តកម្តៅថ្ងៃយូរពេកទេ។
ខ្ទីងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ថាជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល ក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស៕