Breaking News

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរដ្ឋបាលសាធារណៈ ត្រូវធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មជាប្រចាំ ដើម្បីឆ្លើយតបនឹងតម្រូវការ​ពលរដ្ឋ និងជាវិធានការគន្លឹះអាទិភាព

កំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់រដ្ឋបាលសាធារណៈ ត្រូវធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មជាប្រចាំ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

សម្ដេចធិបតី ​មានប្រសាសន៍ថា ​«គ្មានរូបមន្តមួយណា ដែលថាដាក់ហើយចប់សម្រាប់ ៥០ឆ្នាំនោះទេ ទាល់តែជីវិតប្រជាពលរដ្ឋ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច និងទំនើបកម្មលែងដើរទៅមុខ បានន័យថា វិញ្ញាសានៅដដែល បានដំណោះស្រាយនៅដដែល»។ ​

«ប៉ុន្តែដរាបណា ជីវិតកាន់តែកើន ជីវភាពរស់នៅកាន់តែកើន ការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែកើន ការច្នៃប្រឌិត និងការកែលម្អ នៅក្នុងការបម្រើប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងតម្រូវការរបស់គាត់ ដែលប្រែប្រួលទៅតាមកំណើននៃជីវភាពរស់នៅ និងការប្រែប្រួលនៃសង្គមជាតិ»។ នេះជាការថ្លែងបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។

សម្ដេចធិបតី លើកឡើងថា ដូច្នេះហើយ ត្រូវទាមទារឲ្យរដ្ឋបាលសាធារណៈ ត្រូវធ្វើទំនើបកម្ម និងវិវឌ្ឍជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ចំណុចនេះ គឺរាជរដ្ឋាភិបាល​ បានខិតខំធ្វើជាច្រើនអាណត្តិមកហើយ។ សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ ចាត់ទុកបញ្ហារដ្ឋបាលសាធារណៈនេះ ជាវិធានការគន្លឹះទីមួយ។

សូមជម្រាបជូនថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ​បានថ្លែងយ៉ាងដូច្នេះ ​ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣។

​ក្នុងគ្រានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ។ រាជ​រដ្ឋាភិបាល បានធ្វើកំណែទម្រង់ជាច្រើនអាណត្តិ​មកហើយ ដើម្បីធានាដល់ការលើកតម្កើងសមត្ថភាព ប្រសិទ្ធភាព និងគុណភាព នៅក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ សម្ដេចថាក្នុងនោះ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានធ្វើកិច្ចការជាច្រើនរួចមកហើយ។ ប៉ុន្តែនូវមានចំណុចដែលត្រូវធ្វើបន្តទៀត ដើម្បីពង្រឹងឲ្យកាន់តែល្អបន្ថែមទៀត។

ជាមួយគ្នានេះ សម្ដេចធិបតី បានរំលេចថា រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្ដោតការយកចិត្តទុកដាក់ទៅលើការងារនៅ ថ្នាក់មូលដ្ឋានជាចម្បង។ ហើយនឹងអនុវត្តនូវយុទ្ធសាស្ត្រ ៧០% ពង្រឹង និង៣០% ពង្រីក លើការងាររដ្ឋបាលសាធារណៈ និងអភិវឌ្ឍន៍នៅតាមមូលដ្ឋាន៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *