កំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់រដ្ឋបាលសាធារណៈ ត្រូវធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មជាប្រចាំ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
សម្ដេចធិបតី មានប្រសាសន៍ថា «គ្មានរូបមន្តមួយណា ដែលថាដាក់ហើយចប់សម្រាប់ ៥០ឆ្នាំនោះទេ ទាល់តែជីវិតប្រជាពលរដ្ឋ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច និងទំនើបកម្មលែងដើរទៅមុខ បានន័យថា វិញ្ញាសានៅដដែល បានដំណោះស្រាយនៅដដែល»។
«ប៉ុន្តែដរាបណា ជីវិតកាន់តែកើន ជីវភាពរស់នៅកាន់តែកើន ការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែកើន ការច្នៃប្រឌិត និងការកែលម្អ នៅក្នុងការបម្រើប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងតម្រូវការរបស់គាត់ ដែលប្រែប្រួលទៅតាមកំណើននៃជីវភាពរស់នៅ និងការប្រែប្រួលនៃសង្គមជាតិ»។ នេះជាការថ្លែងបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
សម្ដេចធិបតី លើកឡើងថា ដូច្នេះហើយ ត្រូវទាមទារឲ្យរដ្ឋបាលសាធារណៈ ត្រូវធ្វើទំនើបកម្ម និងវិវឌ្ឍជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ចំណុចនេះ គឺរាជរដ្ឋាភិបាល បានខិតខំធ្វើជាច្រើនអាណត្តិមកហើយ។ សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ ចាត់ទុកបញ្ហារដ្ឋបាលសាធារណៈនេះ ជាវិធានការគន្លឹះទីមួយ។
សូមជម្រាបជូនថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣។
ក្នុងគ្រានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់ជាច្រើនអាណត្តិមកហើយ ដើម្បីធានាដល់ការលើកតម្កើងសមត្ថភាព ប្រសិទ្ធភាព និងគុណភាព នៅក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ សម្ដេចថាក្នុងនោះ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានធ្វើកិច្ចការជាច្រើនរួចមកហើយ។ ប៉ុន្តែនូវមានចំណុចដែលត្រូវធ្វើបន្តទៀត ដើម្បីពង្រឹងឲ្យកាន់តែល្អបន្ថែមទៀត។
ជាមួយគ្នានេះ សម្ដេចធិបតី បានរំលេចថា រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្ដោតការយកចិត្តទុកដាក់ទៅលើការងារនៅ ថ្នាក់មូលដ្ឋានជាចម្បង។ ហើយនឹងអនុវត្តនូវយុទ្ធសាស្ត្រ ៧០% ពង្រឹង និង៣០% ពង្រីក លើការងាររដ្ឋបាលសាធារណៈ និងអភិវឌ្ឍន៍នៅតាមមូលដ្ឋាន៕