Breaking News

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី បានឯកភាពគ្នាបង្កើត ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្រ្តាលី ដើម្បីសម្របសម្រួល និងជំរុញវិស័យពាណិជ្ជកម្ម

អូស្រ្តាលី៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី បានឯកភាពគ្នាបង្កើតនូវយន្តការមួយបន្ថែមទៀតគឺ ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្រ្តាលី (Cambodia-Australia’s Business Council) ដើម្បីសម្របសម្រួល និងអាចជំរុញវិស័យពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងអូស្រ្តាលី ដោយសម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាធុរកិច្ចអូស្រ្តាលីបន្តធ្វើកិច្ចសហការទៅលើការរៀបចំនូវយន្តការនេះជាមួយនឹងក្រសួងពាណិជ្ជកម្មកម្ពុជាក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជា ។ ការឯកភាពគ្នានេះធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Bran Black នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី (Business Council of Australia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។

លោក Bran Black នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី (Business Council of Australia) គោរពជម្រាបជូនសម្ដេចធិបតី ថាក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី តំណាងឱ្យវិស័យឯកជនដែលមានក្រុមហ៊ុនឯកជនធំៗ របស់អូស្ត្រាលីជាង ១២០ ក្រុមហ៊ុន ដោយផ្ដល់ឱកាសការងារ ជាង ១លាន កន្លែង។ លោកនាយកប្រតិបត្តិ ក៏បានគោរពជម្រាបជូនសម្ដេចធិបតី ថា​ ក្រុមប្រឹក្សាធុរកិច្ចអូស្រ្តាលី​ មានកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាសមាគម និងក្រុមធុរកិច្ច ព្រមទាំងផ្នែកពាក់ព័ន្ធនានានៃរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីសម្របសម្រួលក្នុងការធ្វើធុរកិច្ចររវាងវិស័យឯកជនអូស្ត្រាលីជាមួយនឹងបណ្តាប្រទេសនានា​ ហេីយបច្ចុប្បន្ននេះក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី បានទំនាក់ទំនងការងារជាមួយនឹងបណ្ដាប្រទេសជាច្រើន ដែលក្នុងនោះរួមមានបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានផងដែរ។ លោកនាយកប្រតិបត្តិ បានបញ្ជាក់អំពីបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងធុរកិច្ច​ និងពាណិជ្ជកម្មរវាងអូស្ត្រាលី​ និងកម្ពុជាបន្ថែមទៀត។

សម្តេចធិបតី បានសម្ដែង នូវការស្វាគមន៍ចំពោះ លោកនាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី និងសហការី ដែលបានចូលជួបសម្ដែងការគួរសមនាឱកាសនេះ ហើយក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់អំពីតួនាទីរបស់វិស័យឯកជន នៅក្នុងការចូលរួមចំណែកកសាងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច របស់កម្ពុជា។ សម្តេចធិបតីក៏បានបញ្ជាក់ជូន​លោកនាយកប្រតិបតិ្តថា ជំនួបនាថ្ងៃនេះ ជាឱកាសដែលអាចជំរុញឱ្យវិស័យឯកជន នៃប្រទេសអូស្ត្រាលីស្វែងយល់ និងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជាផងដែរ។ សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះបំណងរបស់ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលីក្នុងការជំរុញនូវកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាធុរកិច្ច​
អូស្ត្រាលី​ជាមួយនឹងកម្ពុជា ។

សម្ដេចធិបតីក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបើកចំហទ្វារស្វាគមន៍គ្រប់ធុរកិច្ច និងធ្វើជាស្ពានក្នុងការសម្របសម្រួល និងការធានានូវបរិយាកាសវិនិយោគនៅកម្ពុជាផងដែរ។

សម្តេចធិបតី ក៏បានបញ្ជាក់ជូនលោកនាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី​ អំពីគោលនយោបាយ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលមានការលើកទឹកចិត្តដល់វិស័យឯកជន ដែលមកវិនិយោគនៅកម្ពុជា ស្របពេលដែលកម្ពុជាបានភ្ជាប់ទំនាក់ទំនងក្នុងកិច្ចសហប្រតិបត្តិការទៅក្នុងតំបន់ ក៏ដូចជាបណ្តាប្រទេសនានានៅក្នុងពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងកម្រិតទ្វេភាគី និងពហុភាគី ផងដែរ។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់យ៉ាងខ្លាំង និង​លេីកទឹក​ចិត្តឱ្យមានការវិនិយោគផងដែរលេីវិស័យបច្ចេកវិទ្យាឌីជីថល គ្រឿងបង្គុំអគ្គីសនី និងគ្រឿងបង្គុំរថយន្ត រួមទាំងវិស័យកសិកម្ម និងវិស័យទេសចរណ៍ផងដែរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា៕

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *