ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានព្រមានបញ្ជូនសំណុំរឿងឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) មានចំណាត់ការ ប្រសិនជារកឃើញថា ចៅក្រមរូបណាមានពាក់ព័ន្ធនឹងអ្នកជួញដូរគ្រឿងញៀន ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានព្រមានបែបនេះ ក្នុងឱកាសបើកមហាសន្និបាត បូកសរុបលទ្ធផលការងារវិស័យ យុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងលើកទិសដៅអាទិភាពឆ្នាំ២០២៤ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ។
រដ្ឋមន្ត្រីយុត្តិធម៌ បានលើកឡើងថា វិស័យយុត្តិធម៌ ត្រូវតែប្រកាន់ខ្ជាប់គោលការណ៍ច្បាស់លាស់ ពាក់ព័ន្ធបញ្ហាគ្រឿងញៀន។
ឯកឧត្តមបានបញ្ជាក់ទៀតថា បញ្ហាគ្រឿងញៀននេះ ត្រូវប្តូរផ្តាច់ប្រឆាំងឱ្យបានដាច់ខាត ខណៈគ្រឿងញៀននេះ មិនត្រឹមតែបំផ្លាញសន្តិសុខ ក្នុងប្រទេសជាតិនោះទេ ថែមទាំងបានបំផ្លាញ នូវធនធានមនុស្សផងដែរ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ សង្ឃឹមថា អង្គចៅក្រមនឹងមានការទំនួលខុសត្រូវ ដោយមិនមែនត្រឹមតែក្នុងនាមជាអ្នកអនុវត្តច្បាប់នោះទេ ប៉ុន្តែត្រូវមានការទទួលខុសត្រូវមួយ ក្នុងនាមជាពលរដ្ឋកម្ពុជា ក្នុងនាមជាបញ្ញាវ័ន្តមួយ ដែលមានការទទួលខុសត្រូវលើប្រទេសជាតិ និងប្រជាជនកម្ពុជា ។
ក្នុងឱកាសនោះដែរ ឯកឧត្តម កើត រិទ្ធ បានលើកឡើងថា មហាសន្និបាតវិស័យយុត្តិធម៌នេះ នឹងត្រូវចារឹកទុកជា ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់វិស័យយុត្តិធម៌ ដោយហេតុថា ៖
ទី១. គឺជាមហាសន្និបាតលើកទី១ ក្នុងវិស័យយុត្តិធម៌ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ ក្នុងវិស័យយុត្តិធម៌ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា នៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី គ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ក្នុងឯកសណ្ឋានអាវផាយ ដ៏ស្រស់ស្អាតប្រកបដោយមោទនភាព ដែលពុំធ្លាប់បានរៀបចំឡើយពីមុន មក គិតចាប់តាំងពីព្រះរាជាណាចក្រកម្ពុជាទី២ ត្រូវបានបង្កើតឡើង ។
ទី២. មហាសន្និបាតនេះ ត្រូវបានរៀបចំឡើង បន្ទាប់ពីយន្តការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ត្រូវបានកែសម្រួល រៀបចំឡើងវិញ ដោយមាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធានតុលាការកំពូល ជាសហប្រធាន ។
ទី៣. មហាសន្និបាតនេះ ត្រូវបានរៀបចំឡើងក្នុងបរិការណ៍ នៃការចាប់ផ្តើមចេញដំណើររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលថ្មី ដែលសម្តេចបានប្រកាសកំណត់យក ការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព នៃច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាការងារអាទិភាពក្នុងវិធានការគន្លឹះទាំង៥ របស់សម្តេច និងជាការដ្ឋានកែទម្រង់ដ៏សំខាន់របស់រាជរដ្ឋាភិបាល ។
ទី៤. មហាសន្និបាតនេះ ក៏ត្រូវបានរៀបចំឡើង ស្របពេលដែលវិស័យយុត្តិធម៌ទាំងមូល បាននិងកំពុងខិតខំប្រឹងប្រែង រួមគ្នាក្នុងការអនុវត្តយុទ្ធនាការសំខាន់ៗ ចំនួន ២ គឺយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលជាការចាប់ផ្តើមអនុវត្តការដ្ឋានកែទម្រង់ដ៏សំខាន់ ដើម្បីធ្វើឱ្យប្រសើរឡើង នូវសេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ សំដៅរួមគ្នាសម្រេចឱ្យបាននូវការពង្រឹង និងការលើកកម្ពស់ជំនឿទុកចិត្តលើស្ថាប័នអនុវត្ត ច្បាប់ពិសេសអំណាចតុលាការ ពីសំណាក់ប្រជាពលរដ្ឋ និងធុរជន ។
ជាមួយគ្នានោះដែរ ឯកឧត្តម កើត រិទ្ធ បន្ថែមថា តាមការគ្រោងទុក មហាសន្និបាតវិស័យយុត្តិធម៌ដ៏ធំបែបនេះ នឹងត្រូវរៀបចំឡើងរៀងរាល់ ៥ឆ្នាំម្តង ដើម្បីជាការបូកសរុបលទ្ធផលការងារ ដែលវិស័យយុត្តិធម៌សម្រេចបាន និងដាក់ចេញនូវទិសដៅបន្តដែលជាគ្រឹះ សម្រាប់ភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី លើកឡើងទៀតថា មហាសន្និបាតវិស័យយុត្តិធម៌រយៈ ពេល ៣ថ្ងៃនេះ គឺធ្វើឡើងមិនត្រឹមតែដើម្បីបូកសរុបលទ្ធផលការងារ ដែលវិស័យយុត្តិធម៌សម្រេចបានក្នុងឆ្នាំ២០២៣ កន្លងទៅ និងពិនិត្យវាយតម្លៃ បញ្ហាប្រឈម និងដាក់ចេញនូវទិសដៅការងារអាទិភាពដែលត្រូវអនុវត្តបន្តប៉ុណ្ណោះទេ ប៉ុន្តែមហាសន្និបាតនាពេលនេះ គឺជាវេទិកានៃការជួបជុំដ៏ធំសម្រាប់មន្ត្រីអនុវត្តច្បាប់ ក្នុងវិស័យយុត្តិធម៌ រួមគ្នាពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមធំៗមួយចំនួនក្នុងការអនុវត្ត សំដៅដាក់ចេញនូវដំណោះស្រាយ រួមគ្នា ដែលអាចធានាបានទាំងសង្គតិភាព ទាំងប្រសិទ្ធភាពក្នុងការអនុវត្តនៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីនានានៅទូទាំងប្រទេស ។
ទន្ទឹមនេះ មហាសន្និបាតនេះ ក៏នឹងអនុញ្ញាតឱ្យចៅក្រម ព្រះរាជអាជ្ញា និងតួអង្គ ដែលមានការពាក់ព័ន្ធទាំងអស់ក្នុងវិស័យយុត្តិធម៌ ក្តាប់ឱ្យជាប់នូវអ្វី ដែលជាចក្ខុវិស័យ គោលនយោបាយ និងទិសដៅយុទ្ធសាស្ត្រ នៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលត្រូវរួមគ្នាចូលរួមអនុវត្ត សំដៅលើកកម្ពស់មុខមាត់ នៃវិស័យយុត្តិធម៌ និងពង្រឹងជំនឿទុកចិត្តរបស់ប្រជាជន និងអ្នកវិនិយោគមកលើប្រព័ន្ធច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ៕