Breaking News

រដ្ឋមន្ត្រី​យុត្តិធម៌ ព្រមាន​បញ្ជូន​សំណុំរឿង​ឲ្យ ACU បើសិន​រក​ឃើញ​ចៅក្រម​ទាក់ទង​គ្រឿងញៀន

​ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិ​ទ្ធ បាន​ព្រមាន​បញ្ជូន​សំណុំរឿង​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) មាន​ចំណាត់ការ ប្រសិនជា​រក​ឃើញ​ថា ចៅក្រម​រូប​ណា​មាន​ពាក់ព័ន្ធ​នឹង​អ្នក​ជួញដូរ​គ្រឿងញៀន ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ បាន​ព្រមាន​បែប​នេះ ក្នុង​ឱកាស​បើក​មហាសន្និបាត បូក​សរុប​លទ្ធផល​ការងារ​វិស័យ យុត្តិធម៌​ទូ​ទាំង​ប្រទេស ឆ្នាំ​២០២៣ និង​លើក​ទិស​ដៅ​អាទិភាព​ឆ្នាំ​២០២៤ នា​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៤ ។

រដ្ឋមន្ត្រី​យុត្តិធម៌ បាន​លើកឡើង​ថា វិស័យ​យុត្តិធម៌ ត្រូវ​តែ​ប្រកាន់ខ្ជាប់​គោលការណ៍​ច្បាស់លាស់ ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន​។

ឯកឧត្តម​បាន​បញ្ជាក់​ទៀត​ថា បញ្ហា​គ្រឿងញៀន​នេះ ត្រូវ​ប្តូរផ្តាច់​ប្រឆាំង​ឱ្យ​បាន​ដាច់ខាត ខណៈ​គ្រឿងញៀន​នេះ មិន​ត្រឹមតែ​បំផ្លាញ​សន្តិសុខ ក្នុង​ប្រទេស​ជាតិ​នោះ​ទេ ថែម​ទាំង​បាន​បំផ្លាញ នូវ​ធនធានមនុស្ស​ផង​ដែរ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ សង្ឃឹមថា អង្គចៅក្រម​នឹង​មានការ​ទំនួល​ខុស​ត្រូវ ដោយ​មិនមែន​ត្រឹមតែ​ក្នុង​នាម​ជា​អ្នក​អនុវត្ត​ច្បាប់​នោះ​ទេ ប៉ុន្តែ​ត្រូវ​មានការ​ទទួលខុសត្រូវ​មួយ ក្នុង​នាម​ជា​ពលរដ្ឋ​កម្ពុជា ក្នុង​នាម​ជា​បញ្ញា​វ័​ន្ត​មួយ ដែល​មានការ​ទទួលខុសត្រូវ​លើ​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម កើត រិ​ទ្ធ បាន​លើក​ឡើង​ថា មហាសន្និបាត​វិស័យ​យុត្តិធម៌​នេះ នឹង​ត្រូវ​ចារឹក​ទុកជា ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត សម្រាប់​វិស័យ​យុត្តិធម៌ ដោយហេតុ​ថា ៖

ទី​១. គឺជា​មហាសន្និបាត​លើក​ទី​១ ក្នុង​វិស័យ​យុត្តិធម៌ ដែល​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​សំខាន់​ៗ ក្នុង​វិស័យ​យុត្តិធម៌ ព្រមទាំង​ចៅក្រម ព្រះរាជអាជ្ញា នៃ​សាលា​ជម្រះក្តី និង​អង្គការ​អយ្យការ​អម​សាលា​ជម្រះក្តី គ្រប់​ជាន់ថ្នាក់​នៅ​ទូ​ទាំង​ប្រទេស ក្នុង​ឯកសណ្ឋាន​អាវ​ផាយ ដ៏​ស្រស់​ស្អាត​ប្រកបដោយ​មោទនភាព ដែល​ពុំ​ធ្លាប់​បាន​រៀបចំ​ឡើយ​ពី​មុន មក គិត​ចាប់តាំងពី​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២ ត្រូវ​បាន​បង្កើត​ឡើង ។

ទី​២. មហាសន្និបាត​នេះ ត្រូវ​បាន​រៀបចំ​ឡើង បន្ទាប់​ពី​យន្តការ​ដឹកនាំ​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ត្រូវ​បាន​កែសម្រួល រៀបចំ​ឡើង​វិញ ដោយ​មាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ប្រធាន​តុលាការ​កំពូល ជា​សហ​ប្រធាន ។

ទី​៣. មហាសន្និបាត​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​បរិការណ៍ នៃ​ការ​ចាប់ផ្តើម​ចេញដំណើរ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ប្រមុខ​រាជរដ្ឋាភិបាល​ថ្មី ដែល​សម្តេច​បាន​ប្រកាស​កំណត់​យក ការ​ពង្រឹង និង​លើកកម្ពស់​ប្រសិទ្ធភាព នៃ​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ជា​ការងារ​អាទិភាព​ក្នុង​វិធានការ​គន្លឹះ​ទាំង​៥ របស់​សម្តេច និង​ជា​ការដ្ឋាន​កែទម្រង់​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល ។

ទី៤. មហាសន្និបាត​នេះ ក៏​ត្រូវ​បាន​រៀបចំ​ឡើង ស្រប​ពេល​ដែល​វិស័យ​យុត្តិធម៌​ទាំងមូល បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង រួម​គ្នា​ក្នុង​ការ​អនុវត្ត​យុទ្ធនាការ​សំខាន់​ៗ ចំនួន ២ គឺ​យុទ្ធនាការ​ជំរុញ និង​ព​ន្លឿ​ន​ការ​ដោះស្រាយ​រឿង​ក្តី​នៅ​តាម​តុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការ ដែល​ជា​ការ​ចាប់ផ្តើម​អនុវត្ត​ការដ្ឋាន​កែទម្រង់​ដ៏​សំខាន់ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង នូវ​សេវា​យុត្តិធម៌ និង​គុណភាព​នៃ​យុត្តិធម៌ សំដៅ​រួម​គ្នា​សម្រេច​ឱ្យ​បាន​នូវ​ការ​ពង្រឹង និង​ការ​លើកកម្ពស់​ជំនឿ​ទុកចិត្ត​លើ​ស្ថាប័ន​អនុវត្ត ច្បាប់​ពិសេស​អំណាចតុលាការ ពី​សំណាក់​ប្រជាពលរដ្ឋ និង​ធុរជន ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម កើត រិ​ទ្ធ បន្ថែម​ថា តាម​ការ​គ្រោងទុក មហាសន្និបាត​វិស័យ​យុត្តិធម៌​ដ៏​ធំ​បែប​នេះ នឹង​ត្រូវ​រៀបចំ​ឡើង​រៀង​រាល់ ៥​ឆ្នាំ​ម្តង ដើម្បី​ជា​ការ​បូក​សរុប​លទ្ធផល​ការងារ ដែល​វិស័យ​យុត្តិធម៌​សម្រេច​បាន និង​ដាក់​ចេញ​នូវ​ទិស​ដៅ​បន្ត​ដែល​ជា​គ្រឹះ សម្រាប់​ភាព​សុខសាន្ត​របស់​ប្រជាជន និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ប្រកបដោយ​ចីរភាព ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី លើក​ឡើង​ទៀត​ថា មហាសន្និបាត​វិស័យ​យុត្តិធម៌​រយៈ ពេល ៣​ថ្ងៃនេះ គឺ​ធ្វើ​ឡើង​មិន​ត្រឹមតែ​ដើម្បី​បូក​សរុប​លទ្ធផល​ការងារ ដែល​វិស័យ​យុត្តិធម៌​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២៣ កន្លង​ទៅ និង​ពិនិត្យ​វាយតម្លៃ បញ្ហា​ប្រឈម និង​ដាក់​ចេញ​នូវ​ទិស​ដៅ​ការងារ​អាទិភាព​ដែល​ត្រូវ​អនុវត្ត​បន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មហាសន្និបាត​នា​ពេល​នេះ គឺជា​វេទិកា​នៃ​ការ​ជួបជុំ​ដ៏​ធំ​សម្រាប់​មន្ត្រី​អនុវត្ត​ច្បាប់ ក្នុង​វិស័យ​យុត្តិធម៌ រួម​គ្នា​ពិនិត្យ និង​ពិភាក្សា​លើ​បញ្ហា​ប្រឈម​ធំ​ៗ​មួយ​ចំនួន​ក្នុង​ការ​អនុវត្ត សំដៅដាក់​ចេញ​នូវ​ដំណោះស្រាយ រួម​គ្នា ដែល​អាច​ធានា​បាន​ទាំង​សង្គតិភាព ទាំង​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​នៅ​តាម​សាលា​ជម្រះក្តី និង​អង្គការ​អយ្យការ​អម​សាលា​ជម្រះក្តី​នានា​នៅ​ទូ​ទាំង​ប្រទេស ។

ទន្ទឹម​នេះ មហាសន្និបាត​នេះ ក៏​នឹង​អនុញ្ញាត​ឱ្យ​ចៅក្រម ព្រះរាជអាជ្ញា និង​តួអង្គ ដែល​មានការ​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​វិស័យ​យុត្តិធម៌ ក្តាប់​ឱ្យ​ជាប់​នូវ​អ្វី ដែល​ជា​ចក្ខុវិស័យ គោលនយោបាយ និង​ទិស​ដៅ​យុទ្ធសាស្ត្រ នៃ​ការងារ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​ត្រូវ​រួម​គ្នា​ចូលរួម​អនុវត្ត សំដៅ​លើកកម្ពស់​មុខមាត់ នៃ​វិស័យ​យុត្តិធម៌ និង​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​ប្រជាជន និង​អ្នក​វិនិយោគ​មក​លើ​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *