ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្តចំពោះការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត សេចក្ដីព្រាងអនុក្រឹត្យនេះ មានគោលបំណងពង្រឹងការគ្រប់គ្រងមន្ត្រីនគរបាលជាតិ ឱ្យកាន់តែមានវិន័យល្អ លើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តរភាពការងារក្នុងអង្គភាពនគរបាល ដើម្បីឆ្លើយតបនឹងគោលបំណងពង្រឹងធនធាន«មនុស្ស» នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ក្នុងកិច្ចប្រជុំពិនិត្យឆ្លងនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា សេចក្ដីព្រាងអនុក្រឹត្យថ្មីនេះ ក៏អនុលោមតាមព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ខណៈបច្ចុប្បន្ន នីតិវិធីស្នើសុំនិងការអនុញ្ញាតច្បាប់ឈប់សម្រាករបស់មន្រ្តីនគរបាលជាតិ អនុវត្តតាមសេចក្ដីណែនាំលេខ០០១ ដែលទើបចេញនាដើមឆ្នាំ២០២៤។ ប្រមុខក្រសួងមហាផ្ទៃ បានកោតសរសើរ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការទទួលបន្ទុក និងឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយក អគ្គនាយកដ្ឋានធនធានមនុស្ស ព្រមទាំងក្រុមការងារ ដែលខិតខំរៀបចំសេចក្ដីព្រាងអនុក្រឹត្យនេះ ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ។
សូមបញ្ជាក់ថា សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្រ្តីនគរបាលជាតិកម្ពុជា កំណត់អំពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិកម្ពុជា ដើម្បីធានានិរន្តរភាពការងារ ការគ្រប់គ្រង និងការលើកកម្ពស់សុខុមាលភាពមន្ត្រីនគរបាលជាតិកម្ពុជាប្រកបដោយប្រសិទ្ធភាព។ សេចក្ដីព្រាងនេះ មាន ៨ជំពូក និង ២១មាត្រា។ ជំពូកទី១ ចែងអំពីបទប្បញ្ញត្តិទូទៅ ជំពូកទី២ ចែងអំពីច្បាប់ឈប់ប្រចាំឆ្នាំ ជំពូកទី៣ ចែងអំពីច្បាប់ឈប់រយៈពេលខ្លី ជំពូកទី៤ ចែងអំពីច្បាប់ឈប់សម្រាកលំហែមាតុភាព ជំពូកទី៥ ចែងអំពីច្បាប់ឈប់សម្រាកព្យាបាលជំងឺ ជំពូកទី៦ ចែងអំពីច្បាប់ឈប់សម្រាកដោយមានកិច្ចការផ្ទាល់ខ្លួន ជំពូកទី៧ ចែងអំពីសហវិធាននៃច្បាប់ឈប់គ្រប់ប្រភេទ និងជំពូកទី៨ ចែងអំពីអវសានប្បញ្ញត្តិ៕ដោយ៖ សិរី នាគ