Breaking News

ព្រះរាជពិធីក្រុងពាលី ចម្រើនព្រះបរិត្តនិងទេសនា ក្នុងព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត

ភ្នំពេញ៖ នាឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០០ យាងចូល ១០១ ព្រះវស្សា គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល និងគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំប្រារព្ធព្រះរាជពិធីក្រុងពាលី ចម្រើនព្រះបរិត្ត និងទេសនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលប្រារព្ធឡើង នាសាលាធម្មសភា វត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ។

ព្រះរាជពិធីក្រុងពាលី ចម្រើនព្រះបរិត្តនិងទេសនា ក្នុងព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០០ យាងចូល ១០១ ព្រះវស្សានាឱកាសនេះ ដោយមានការនិមន្តពី គណសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង ព្រះសង្ឃនាយកស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមដោយ ៖ ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ, ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ, និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ, ព្រមឯកឧត្តម លោកជំទាវ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។

សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទេ្ទសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ប្រសូតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤ បានបម្រើវិស័យពុទ្ធចក្រស្ទើរពេញមួយព្រះជន្មរបស់ព្រះអង្គ ដោយព្រះអង្គបានទៅរៀនសូត្រនៅវត្តអារាម តាំងពីវ័យកុមារ ហើយបានបួសជាសាមណេរ និងបានបំពេញឧបសម្បទាជាព្រះភិក្ខុក្នុងព្រះជន្ម ២១ ព្រះវស្សា នាឆ្នាំ១៩៤៨ រហូតដល់ឆ្នាំ១៩៧៥ ដោយបានទទួលសមណស័កិ្តជាព្រះគ្រូធម្មាចារ្យ។ នៅឆ្នាំ១៩៧៥ ត្រូវបានពួកទមិឡឥតសាសនាបង្ខំឲ្យលាចាកសិក្ខាបទទៅជាគ្រហស្ថដូចព្រះសង្ឃដទៃទៀតទូទាំងប្រទេសដែរ។ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ លោកគ្រូធម្មាចារ្យបានចូលបួសឡើងវិញនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩ ហើយបានទទួលសមណស័ក្តិ និងព្រះគោរម្យ៍ងារជាបន្តបន្ទាប់ដូចជា អនុប្រធានសង្ឃទូទាំងប្រទេស- ជាសម្តេចព្រះពោធិវ័ង្សព្រះសង្ឃនាយករងទី២- ជាព្រះមេគណរាជធានីភ្នំពេញ-ជាប្រធានគណៈកម្មការសង្ឃនៃព្រះរាជាណាចក្រកម្ពុជា-ជាសម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា -ជាព្រះអគ្គាធិការសិក្សាជាតិ- ជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ- ជាប្រធានកិត្តិយសនៃពុទ្ធិកសមាគមកម្ពុជរដ្ឋ ។ តាមរយៈស្នាព្រះហស្ថដ៏ឧត្តុងឧត្តមមិនអាចកាត់ថ្លៃបានក្នុងព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា របស់សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ដែលស្ទើរតែមួយព្រះជន្មរបស់ព្រះអង្គបានបូជាចំពោះជាតិ សាសនា និងព្រះមហាក្សត្រ។

នាឱកាសដ៏មហាជ័យមង្គលនេះ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ប្រជាពុទ្ធបរិស័ទគ្រប់ទិសទី សូមបួងសួងប្រសិទ្ធពរជ័យមង្គល វិបុលសុខគ្រប់ប្រការ វត្ថុស័កសិទ្ធក្នុងលោកសូមប្រសិទ្ធពរជ័យថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទេ្ទសបណ្ឌិត នន្ទ ង៉ែត ពិសេសសូមសម្តេចមានព្រះសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់និងផ្ដល់ព្រះឱវាទដល់ព្រះសង្ឃនិងប្រជាបរិស័ទគ្រប់វ័យឱ្យបានយល់ដឹងនូវមាគ៌ានៃព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ជានិច្ចនិរន្តរ៍តរៀងទៅ និងបន្តដឹកនាំវិស័យព្រះពុទ្ធសាសនាកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *