ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក អេនរេច អេ ម៉ាណាឡូ (En rique A.Manalo) រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋហ្វីលីពីន លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន និងបានចូលរួមធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន (គណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន) ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៨ ខែសីហា នៅរដ្ឋធានីម៉ានីល។
លោកឧបនាយករដ្ឋមន្ត្រី បានចូលជួបសម្តែងការគួរសមជាមួយ លោកប្រធានាធិបតីហ្វឺឌីណន់ ម៉ាកូស Ferdinand R Marcos Jr. ដោយបានផ្លាស់ប្តូរយោបល់លើវិស័យជាច្រើន រួមមានការបង្កើនការតភ្ជាប់ផ្លូវអាកាស ពាណិជ្ជកម្មទ្វេភាគី វិនិយោគ និងទេសចរណ៍។
លោកប្រធានាធិបតី Marcos បានសម្តែងឆន្ទៈខ្ពស់ក្នុងការជំរុញទំនាក់ទំនងជាមួយកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត ហើយទន្ទឹង រង់ចាំមានជំនួបជាថ្មីទៀតជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានជួបសម្តែងការគួរសមជាមួយលោកស្រីសារ៉ាឌូធឺតេ Sara Duterte អនុប្រធានាធិបតី ហ្វីលីពីន ផងដែរ ដោយបានពិភាក្សាយ៉ាងស្និទ្ធស្នាលជាមួយលោកស្រីលើការពង្រឹងទំនាក់ទំនង រវាងកម្ពុជា និងហ្វីលីពីន លើទិដ្ឋភាពជាច្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន។
មុនជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញដាក់កម្រងផ្កានៅស្តូបវីរបុរសជាតិហ្វីលីពីន José Rizal។
ក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន ភាគីទាំងពីរបានសម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទ្វេ ភាគី ចាប់តាំងពីកិច្ចប្រជុំគណៈកម្មការ និងបានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងទ្វេភាគីលើវិស័យនានាបន្ថែមទៀត៕