ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ទី ២៧ ខែ កក្កដា ឆ្នាំ ២០២២ បានបង្គាប់ឲ្យឃុំខ្លួន យុវជន២នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី លួចមានស្ថាន់ទម្ងន់ទោស ដោយប្រើកាំភ្លើងជ័រ និងកាំបិតប៉័ងតោ ចូលប្លន់យកលុយនៅកន្លែងអ៊ីនធើរណេត មួយកន្លែង ប្រព្រឹត្ត នៅចំណុចកន្លែងអ៊ីនធើរណេត ចំណុចផ្ទះលេខ១៥២ ផ្លូវលេខ២៥៥ ស្ថិតក្នុងភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងមួយករណីទៀតកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យបានប្លន់នៅភូមិសន្សំកុសល សង្កាត់សន្សំកុសល ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមដីកាបង្គាប់ឱ្យឃុំបណ្តោះអាសន្នរបស់ ចៅក្រម ស៊ើបសួរ សាលាដំបូង រាជធានី ភ្នំពេញ បានឲដឹងថា ជនត្រូវចោទ ២នាក់មាន៖
១៖ ឈ្មោះ យក់ ប្រាវីត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ។
២៖ ឈ្មោះ មិត្ត វីរះ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ពួកគេ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ “ លួចមានស្ថាន់ទម្ងន់ទោស “តាមមាត្រា ២៥៧ នៃក្រមព្រហ្មទណ្ទ ។
ពួកគេ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ត្រូវបានឃាត់ខ្លួននៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។