ខេត្តកណ្តាល៖ លោក ញឹម វណ្ណឌិន ត្រូវបានជាប់ឆ្នោតជាប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល តាមរយៈការបោះឆ្នោតសម្ងាត់ដោយទទួលបានសំលេងគាំទ្រចំនួន ៣៦ លើ៤២សំលេង ថ្លែងនៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជា ប្រធានគណៈកម្មាធិការបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ គឺទទួលបានលទ្ធផលល្អប្រសើរ ស្របតាមនីតិវិធីច្បាប់ មានតម្លាភាព យុត្តិធម៌ និងប្រកបដោយភាពជោគជ័យតាមការគ្រោងទុក ដោយជ្រើសរើសបានប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ១រូបក្នុងចំណោមបេក្ខជនជាប់សម្រាំងទាំង ០២រូប ដែលត្រូវបានឆ្លងកាត់ការពិនិត្យ និងសម្រាំង យ៉ាងល្អិតល្អន់ពីគណៈកម្មាធិការ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ។
ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានមានប្រសាសន៍បន្តថា ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ត្រូវបានជ្រើសរើសតាមការបោះឆ្នោត និងទទួលស្គាល់ដោយប្រកាសក្រសួងមហាផ្ទៃ ដែលមានអាណត្តិ ៥ឆ្នាំ និងមានសិទិ្ធឈរឈ្មោះជាថ្មីម្តងទៀតនៅពេលចប់អាណត្តិ ហើយបេក្ខជនដែលអាចឈរឈ្មោះ បានគឺត្រូវមានអាយុមិនលើសពី៦៥ឆ្នាំ។
ឯកឧត្តមបានបន្ថែមថា ការិយាល័យប្រជាពលរដ្ឋខេត្ត មានតួនាទីភារកិច្ច និងសិទ្ធិអំណាចដូចជាទទួលបណ្តឹងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនសម្រំាងវាយតម្លៃបណ្តឹងដែលទទួលបាន បញ្ជូនបណ្តឹងមិនស្ថិតក្នុងសមត្ថកិច្ចទៅស្ថាប័នពាក់ព័ន្ធ ចាត់វិធានការស៊ើបអង្កេត និងលើកអនុសាសន៍អំពីវិធានការដោះស្រាយ និងតាមដានការអនុវត្តវិធានការដោះស្រាយ ផ្តល់ព័ត៌មានត្រឡប់អំពីលទ្ធផលនៃការដោះស្រាយបណ្តឹង រៀបចំយន្តការចាំបាច់នានាពាក់ព័ន្ធនឹងដំណើការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រៀបចំផែនការសកម្មភាព ថវិកា និងរបាយការណ៍។
ឯកឧត្តមបានបន្ថែមទៀតថា លើសពីនេះទៅទៀត ការិយាល័យប្រជាពលរដ្ឋ ក៏មានសមត្ថកិច្ចស៊ើបអង្កេត រាយការណ៍ និងផ្តល់អនុសាសន៍ទៅលើបណ្តឹងពាក់ព័ន្ធនឹងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញ ដែលផ្ទុយនឹងគោលការណ៍ច្បាប់ ឬប៉ះពាល់ប្រយោជន៍បុគ្គល ការបំពេញការងារ និងអាកប្បកិរិយារបស់បុគ្គលិកក្រុមប្រឹក្សា បុគ្គលិកមន្ទីរអង្គភាពជំនាញ និងភ្នាក់ងារទទួលសមត្ថកិច្ច ការគ្រប់គ្រង ការប្រើប្រាស់ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញ និងការផ្តល់សេវាធារណៈនានា ។
សូមបញ្ជាក់បន្ថែមថា ក្នុងការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តកណ្តាល គឺមានបេក្ខជនចំនួន ២រូប ឆ្លងកាត់ការរាប់សន្លឹកឆ្នោតរួមមកឃើញថា លោក ញឹម វណ្ណឌិន ទទួលបានសំឡេងគាំទ្រច្រើន រហូតដល់ទៅ ៣៦ លើ៤២ សំលេង ចំណែកឯ លោក លី សារិទ្ធ ទទួលសំឡេងគាំទ្របានតែ ៤ លើ៤២ សំឡេង ដោយក្នុងសន្លឹកឆ្នោតទាំង៤២នោះ មានសន្លឹកឆ្នោត ២សន្លឹកដែលមិនបានការ ។