Breaking News

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតជាជនពិការមានជីវភាពទីទ័លក្រចំនួន ២ គ្រួសារ នៅស្រុកស្អាង និង ស្រុកកោះធំ បានទទួលអំណោយមនុស្សធម៌

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធាន គណៈ​កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឱ្យលោក ទៀង សុគន្ធ នាយកសាខា និងសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកជំនួយមនុស្សធម៌ទៅផ្តល់ជូនដល់គ្រួសារងាយរងគ្រោះបំផុត ១គ្រួសារ ម្តាយឈ្មោះ ចូច ចាន់ ភេទស្រី អាយុ ៦៥ឆ្នាំ សមាជិក ៦នាក់ រស់នៅក្នុងបន្ទុក មានកូនស្រី ២នាក់ ជាជនពិការខ្សោយសតិបញ្ញា ហើយមានជីវភាពទីទ័លក្រខ្លាំង នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង និង១គ្រួសារទៀតជាស្ត្រីមេម៉ាយឈ្មោះ ហ៊ង ស្រី ភេទស្រី អាយុ ៥៣ឆ្នាំ ជាជនពិការកាយសម្បទាទាំងអស់ មានសមាជិក ៥នាក់រស់នៅក្នុងបន្ទុក និងមានជីវភាពទីទ័លខ្លាំង រស់នៅភូមិព្រែកហង់ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ។

មានមតិសំណេះសំណាលលោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារងាយរងគ្រោះទាំងពីរដោយក្តីនឹករឮក។

លោកនាយកសាខា បានមានប្រសាសន៍បន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជានិច្ចកាល សម្តេចតែងតែបានយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដែលរងគ្រោះដោយគ្រោះមហន្តរាយ គ្រប់ប្រភេទ និងជនងាយរងគ្រោះបំផុត ពិសេសជនក្រីក្រ ចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយក្រីក្រកូនច្រើននៅក្នុងបន្ទុក កុមារកំព្រា និងជនពិការជាដើម ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ពណ៌សម្បុរ ប្រពៃណី សាសនា ឬការរើសអើងពីនិន្នាការនយោបាយអ្វីឡើយ ពោលគឺ៖ ទីណាប្រជាពលរដ្ឋមានជួបនូវទុក្ខលំបាក ទីនោះត្រូវមានកាកបាទក្រហមកម្ពុជា ទៅជួយដោះស្រាយដើម្បីសម្រាលនូវការលំបាកបានទាន់ពេលវេលា។ លោកនាយកសាខាក៏បានសំណូមពរសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសុខភាពជាចម្បង ហើយអនុវត្តការរស់នៅស្អាត ផឹកស្អាត ហូបស្អាត ពិសេសពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ សព្វថ្ងៃនេះក៏ពុំទាន់់បានផុតរលត់នៃការឆ្លងរាតត្បាតក្នុងសហគមន៍នៅឡើយ ដូចនេះ សូមបងប្អូនមេត្តាចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលគឺ៖ ៣ការពារ និង៣កុំ បន្តទៀត ។

ជំនួយមនុស្សធម៌ដែលសាខាបានចែកជូនក្នុង១គ្រួសារទទួលបានរួមមាន៖ អង្ករ ៥០គីឡូក្រាម ព្រមទាំងសម្ភារគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា ៥០ម៉ឺនរៀល ។ ដោយឡែកចំពោះគ្រួសារដែលពិការកាយសម្បទា ទាំងអស់ដើរពុំរួចនៅស្រុកកោះធំ សាខាក៏បានឧបត្ថម្ភបន្ថែមជូននូវរទេះរុញជនពិការចំនួន ១គ្រឿងផងដែរ ៕

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *