ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានរៀបចំបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត ។
ជនសង្ស័យខាងលេីមានឈ្មោះ គង់ ប៊ុនណាត ភេទប្រុស អាយុ ៣៩ឆ្នាំ ជាប្រធានក្រុមហ៊ុនសាងសង់ រស់នៅផ្ទះលេខ បេ៣២០ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ ដោយឡែកបណ្ដឹងជនរងគ្រោះឈ្មោះ ឱ សុីថា ភេទប្រុស អាយុ៣៦ឆ្នាំ អាស័យដ្ឋានផ្ទះលេខ៣៧ ផ្លូវ២០១០ ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងឈ្មោះ រ៉េត ជីវ័ន្ត ភេទប្រុស អាយុ៣៩ឆ្នាំ អាស័យដ្ឋាន ភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ជនសង្ស័យខាងលេីនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមដីការបស់លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ពីបទឆបោក និងរំលោភលើទំនុកចិត្តដោយអភិបាល ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែឩសភា និងខែមិថុនា ឆ្នាំ២០២០។
បេីតាមប្រភពពីជនរងគ្រោះដេីមបណ្ដឹងបានបង្ហេីបប្រាប់ថា ជនសង្ស័យឈ្មោះ គង់ ប៊ុនណាត កំពុងតែរត់ការដោះលែងឲ្យមានសេរីភាព និងអាងខ្នងអ្នកមានអំណាចនៅពីក្រោយជាពិសេសមានអ្នកធំចាំជួយអន្តរាគមន៍ទើបជននេះមិនគោរពច្បាប់សោះដើរបោកប្រាស់លុយគេឯងដែលជាកំលាំងញើសឈាមរបស់គេ ។ ជាមួយគ្នានោះមហាជនរង់ចាំមេីលថា ជនសង្ស័យខាងលេីនេះត្រូវបានជាប់ឃុំ ឬមានសេរីភាពឡេីងវិញ ខណៈជនរងគ្រោះដែលជាដេីមបណ្ដឹងនៅមិនទាន់ទទួលបានភាពយុត្តិធម៌នៅឡេីយ ៕ដោយ ៖ សិរី នាគ