Breaking News

ព្រះរាជអាជ្ញាខេត្តព្រះវិហារ បញ្ជាសមត្ថកិច្ចឲ្យឃាត់ខ្លួនអ្នកកាសែត ៣នាក់ តាមពាក្យបណ្តឹងជនទុច្ចរិតដែល កាប់បំផ្លាញឈើក្នុងតំបន់ព្រៃឡង់

ខេត្តព្រះវិហារ៖  អ្នកសារព័ត៌មានចំនួន៣នាក់បានទទួលរងនូវការចាប់ឃុំខ្លួន ក្រោមឥទ្ធិពលព្រះរាជអាជ្ញាខេត្តព្រះវិហារតាមពាក្យបណ្តឹងរបស់ក្រុមឧក្រិដ្ឋជនកាប់បំផ្លាញព្រៃឈើ ចេញពីតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រនៃខេត្តចំនួន៤ គឺខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ 

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយមានក្រុម អ្នកសារ ព័ត៌មានចំនួន៤នាក់បានចូលទៅដល់ ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច PNT ដែលមានទីតាំងក្នុងស្រុករវៀងខេត្តព្រះវិហារ និងថតបានរូបភាពសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ចូលមកក្នុងបរិវេណ ក្រុមហ៊ុន។  

បន្ទាប់មកខាងតំណាងក្រុមហ៊ុនបានព្យាយាមធ្វើការ ចចារដើម្បីបិទបាំងព័ត៌មាននេះ ហើយតំណាងរូបនោះក៏បានឲ្យបក្សពួកអាមីអាថោងដែលជាអ្នកសារព័ត៌មានដែលនោះទំនាក់ទំនងទៅកាន់ក្រុមអ្នកសារព័ត៌មានខាងលើនេះម្តងហើយម្តងទៀត ដោយប្រាប់ថាសុំរាប់អានគ្នា ហើយដោយយល់ថាជាអ្នកសារព័ត៌មានដូចគ្នានោះក្រុមអ្នកសារព័ត៌មានខាងលើនេះក៏បានយល់ព្រមទៅជួបនៅទីតាំងខារ៉ាអូខេមួយកន្លែងនៅក្នុងក្រុងព្រះវិហារនៅយប់ថ្ងៃទី ២១ខែវិច្ឆិកា ឆ្នាំ ២០២២ហើយក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាខេត្តព្រះវិហារ   

លោក មុំ វិបុល អ្នករាយការណ៍ ព័ត៌មាន ឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៣ប្រចាំតំបន់ភូមិភាគឥសាន ដែលត្រូវបានចាប់ខ្លួនដែរនោះបានឆ្លើយបដិសេធយ៉ាងដាច់អហង្ការថាលោកព្រមទាំងសហការីមិនបានទៅជំរិតទារប្រាក់ដូចការចោទប្រកាន់របស់ព្រះរាជអាជ្ញា នោះទេ គឺក្រុមអ្នកសារព័ត៌មានបានទៅអង្កេតព័ត៌មានអំពីសកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ដែលក្រុមឧក្រិដ្ឋជនបានដឹកជញ្ជូនចេញពីតំបន់ព្រៃឡង់ ចូលមកក្នុងទីតាំងបរិវេណក្រុមហ៊ុនPNT ដែលមានទីតាំងភូមិសាស្ត្រ ស្រុករវៀង ខេត្តព្រះវិហារ កាលពី កំឡុងខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់មកក៏មានឈ្មោះ សុខ ណាក់ ជាអ្នកសារព័ត៌មាន (ធ្លាប់ជាប់ពន្ធនាគារ) បច្ចុប្បន្ននៅខេត្តកំពង់ធំបានប្រើឱ្យឈ្មោះ ជី វ៉ា ជាអ្នកសារព័ត៌មាននៅស្រុករវៀង ខេត្តព្រះវិហារ ទូរស័ព្ទមកណាត់ទៅកន្លែងផឹកស៊ី ជាបន្តបន្ទាប់ចំនួន៣ទីតាំង ហើយចុងក្រោយក៏ឃើញមានកម្លាំងនគរបាលព្រហ្មទណ្ឌ និងព្រះរាជអាជ្ញារងលោក  សំ គឹមឡេង និងក្រឡាបញ្ជីម្នាក់មិនស្គាល់ឈ្មោះ ចូលទៅដល់បន្ទប់ខារ៉ាអូខេ ហើយបានសួរទៅឈ្មោះ ជី វ៉ា ដែលជាធ្នាក់របស់ព្រះរាជអាជ្ញាថា លុយនៅឯណាពេលនោះឈ្មោះ ជី វ៉ា ឆ្លើយបានថាលុយនៅជាមួយខ្ញុំឯណេះ ខ្ញុំបានព្យាយាមឱ្យគាត់ តែគាត់មិនព្រមយកនោះទេ ទោះបីឈ្មោះ ជី វ៉ា ប្រាប់បែបនេះ ក៏ព្រះរាជអាជ្ញានៅតែបង្គាប់ឱ្យនគរបាលព្រហ្មទណ្ឌចាប់វាយខ្នោះ ព្រមទាំងចាប់យក ទូរស័ព្ទដៃ ដែលពោរពេញទៅដោយឯកសារបទល្មើសព្រៃឈើ របស់ក្រុមហ៊ុនPNT រួចបញ្ជួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារទាំងយប់  ហើយត្រូវបាន តុលាការខេត្តព្រះវិហារ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារខេត្តព្រះវិហារ កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ 

សូមបញ្ជាក់ដែរថាពាក់ព័ន្ធទៅនិងបុគ្គលឈ្មោះ សុខ ណាក់ ជាអ្នកសារព័ត៌មាន ហើយក៏ជាមេខ្លោងឈរឈ្មោះជាតំណាងក្រុមហ៊ុនក្នុងការរៀបអន្ទាក់ចាប់អ្នកសារព័ត៌មានហើយជននេះក៏ធ្លាប់ជាប់ពន្ធនាគារពីបទ ជម្រិតទារប្រាក់ដែរនោះ  ក៏ត្រូវបានប្រភពព័ត៌មានជាច្រើនបានទម្លាយឲ្យដឹងដែរថាជននេះគឺជាមនុស្សជំនិតជាមួយមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំម្នាក់ ហើយជននេះតែងតែដើរធ្វើសកម្មភាពពិនិត្យមើលរាល់បទល្មើសនានា គ្រប់ច្រកល្ហក និងតែងតែយកឈ្មោះលោកនេះលោកនោះ ទៅគំរាមគេដើម្បីផលប្រយោជន៍ថែមទៀតផង។

ដោយឡែកបុគ្គលឈ្មោះ ជី វ៉ា គឺជាអ្នកសារព័ត៌មានម្នាក់មិនស្កាល់អង្គភាព ដែលឈរជើងនៅស្រុករវៀង ខេត្តព្រះវិហារ ហើយជននេះត្រូវបានគេរាយការណ៍ថាគឺជាមនុស្សជំនិតជាមួយលោកព្រះរាជអាជ្ញារង ខេត្តព្រះវិហារមួយ ហើយបុគ្គលរូបនេះតែងដើរធ្វើសកម្មភាពស្រាវជ្រាវស្វែងរកបទល្មើសផ្សេងៗ រួចរាយការណ៍ទៅព្រះរាជអាជអាជ្ញារងដែលគេចាត់ទុកថា ជាមេរបស់គេនោះដើម្បីចុះទៅបង្ក្រាប ហើយពេលខ្លះក៏ដើម្បីផលប្រយោជន៍ផងដែរ ។

យើងងាកមកនិយាយអំពី សកម្មភាពកាប់បំផ្លាញព្រៃឈើចេញពីតំបន់ព្រៃឡង់ រយៈពេល កន្លងមករហូតមកដល់បច្ចុប្បន្ននេះ គេសង្កេតឃើញថាមានក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក MACLE LOGISTICS (CAMBODIA) CO.; LTD និងក្រុមហ៊ុន PNT Co., Ltd កំពុងសហការគ្នា បន្តប្រមូលទិញឈើ ដែលបានមកពីបទល្មើសកាប់បំផ្លាញព្រៃឈើ នៅក្នុងតំបន់ ដែនជម្រកសត្វព្រៃព្រៃឡង់ ដោយមានបុគ្គលម្នាក់ឈ្មោះ ចាប សារ៉ន ជាអ្នកចាត់ចែងទាំងការកាប់បំផ្លាញព្រៃឈើ ទាំងការប្រមូលទិញឈើផងដែរកាលពីពេលកន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋដែលជាសមាជិកក្រុមបណ្ដាញសហគមន៍ព្រៃឡង់បានរួមគ្នាចុះល្បាតព្រៃ ដើម្បីស្រាវជ្រាវបទល្មើសព្រៃឈើ និងសត្វព្រៃ ហើយបានប្រទះឃើញក្រុមមនុស្សប្រមាណ ៦០នាក់ ដែលក្នុងនោះគេក៏បានឃើញទាំងមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ឈ្មោះ ចាប សារ៉ន និងមន្ត្រីនគរបាលប៉ុស្តិ៍ច្រាច់ ២ នាក់ ដែលមន្ត្រីកងកម្លាំងទាំងនោះ សុទ្ធសឹងជាមេការ និងជាប្រធានសន្តិសុខនៃក្រុមហ៊ុន MACLE LOGISTICS (CAMBODIA) CO.; LTD និងក្រុមហ៊ុន PNT Co., Ltd កំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើចេញពីក្នុង តំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់។

ក្រុមមនុស្សទាំងនោះ ត្រូវបានតំណាងក្រុមហ៊ុនទាំង ២ ជួលឱ្យមកកាប់ ឈើហើយពួកគេជាអ្នកចាំប្រមូលទិញឈើទាំងនោះ ទីតាំងឈើដែលពួកគេបានកាប់បំផ្លាញនោះស្ថិតនៅចំណុច បុស្សរាំង, ជ្រាប់ក្បាលដំរី, ស្រែកណ្ដាល, អូរអាចម៍ដែក, ភូមិចាស់,ភ្នំចោទ, ប្រាសាទគោល, ព្រៃស្រឡៅ,និងចំណុចស្រែតាង៉ុត។ឈើដែលពួកគេបានកាប់ ពីក្នុងតំបន់ព្រៃឡង់នោះ ត្រូវបានដឹកតាមគោយន្ត និងរថយន្តបង្កុងរាប់សិបគ្រឿងយកមកទម្លាក់ទុកនៅក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន PNT Co., Ltd ដើម្បីបំប្លែងជាឈើស្របច្បាប់ រួចដឹកចេញយកទៅលក់បន្តនៅតាមដេប៉ូឈើនានានៅទូទាំងប្រទេស»។

សូមបញ្ជាក់ថាក្រុមហ៊ុន PNT Co.,ltd ទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីសម្បទានទំហំ ៧,៩០០ ហិកតានៅក្នុងឃុំរៀបរយ ស្រុករវៀង ហើយក្រុមហ៊ុននេះបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនម៉ាឃល ឡូជីស្ទីក សហការប្រមូលផលអនុផលព្រៃឈើ ក្នុងបរិវេណគម្រោងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនរបស់ខ្លួនប៉ុន្តែតាមពិតជាក់ស្តែងគឺពួកគេបានកៀងគរប្រជាពលរដ្ឋឲ្យចូលទៅកាប់ឈើចេញពីតំបន់ព្រៃឡង់  រួចដឹកចូលក្នុងបរិវេណក្រុមហ៊ុនដើម្បីបន្លំជាឈើមានច្បាប់ទៅវិញតែប៉ុណ្ណោះ។

ដោយឡែកចំពោះបុគ្គល ម្នាក់ឈ្មោះ ចាប សារ៉ន អតីតអនុប្រធានការិយាល័យ បំភ័ន្តអក្ខរៈនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាអ្នកចាត់ចែងក្នុងការកៀងគរប្រជាពលរដ្ឋឲ្យចូលទៅកាប់ឈើចេញពីតំបន់ព្រៃឡង់រួចដឹកចូលក្នុងបរិវេណក្រុមហ៊ុនកន្លងទៅបុគ្គលរូបនេះក៏ធ្លាប់បានឯកឧត្តមសៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រមានធ្ងន់ៗ ថាយ៉ាងដូច្នេះថា

សូមបញ្ជាក់បន្ថែម ថាបើតាមបណ្ដាញសហគមន៍ការពារព្រៃឡង់ខេត្តព្រះវិហារបានអះអាងថា ក្រុមហ៊ុនវៀតណាម ភីអ៊ិនធី  ( PNT ) និងក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) កំពុងព្រួតដៃគ្នា ធ្វើអាជីវកម្មឈើទ្រង់ទ្រាយធំ ចេញពីដែនជម្រកសត្វព្រៃឡង់ ដោយប្រើរទេះក្របី ជំនួសរថយន្តច្នៃ ដើម្បីងាយស្រួលប្រមូលឈើមុខកាត់ធំៗ ចេញពីតំបន់អភិរក្សនេះ។

លើសពីនេះ ក្នុងមួយថ្ងៃៗ មានរទេះក្របី និងគោយន្តជាច្រើនគ្រឿងបានសម្រុក ដឹកឈើចេញពីតំបន់ព្រៃឡង់ ជាច្រើនម៉ែត្រគូប យកមកស្តុកទុកក្នុងបរិវេណក្រុមហ៊ុន ភីអ៊ិនធី (PNT) ឋិតក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។

ប្រភពបានបញ្ជាក់ថា រទេះក្របី ដែលក្រុមជនល្មើស យកមកធ្វើជាមធ្យោបាយដឹកជញ្ជូនឈើចេញពីព្រៃឡង់ គឺវាបានបង្កភាពងាយស្រួលជាងគោយន្ត និងរថយន្តកែច្នៃ ហើយអាចដឹកឈើតាមផ្លូវវាង បត់បែនតាមដងព្រៃ នៅរដូវវស្សា។ រីឯឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ដែលឈរជើងយាមព្រៃនៅទីនោះ មិនអើពើបង្ក្រាបបទល្មើសព្រៃឈើទាំងនេះទាល់តែសោះ ។

ទន្ទឹមនិងនេះខាងក្រុមហ៊ុនគេបានរៀបចំជាអង្គការចាត់តាំង ដើម្បីឱ្យយកលុយទៅសូកប៉ាន់មន្ត្រីពុករលួយមួយចំនួន ហើយនិងរៀបគំរោងការប្រើធ្នាក់ដាក់អន្ទាក់ចាប់អ្នកសារព័ត៌មានណាដែលដឹងពីរឿងរ៉ាវទុច្ចរិតរបស់ពួកគេ តួយ៉ាងដូចករណីចាប់អ្នកសារព័ត៌មានខាងលើនេះគឺ មានឈ្មោះ សុខ ណាក់ នៅខេត្តកំពង់ធំដែលជននេះធ្លាប់ជាប់ពន្ធនាគារដែរនោះ បានប្រើបុគ្គលម្នាក់ទៀតដែលជាអ្នកកាសែតនៅស្រុករវៀង ខេត្តព្រះវិហារ ឲ្យធ្វើជាធ្នាក់យកលុយទៅឲ្យអ្នកកាសែត រួចពួកគេបាន ដាក់ពាក្យបណ្តឹងប្តឹងទៅព្រះរាជអាជ្ញាខេត្តព្រះវិហារ, ហើយព្រះរាជអាជ្ញាខេត្តព្រះវិហារ គ្រាន់តែទទួលបានបណ្តឹងពីឧក្រិដ្ឋជនបំផ្លាញព្រៃឈើភ្លាម ក៏បញ្ជាកម្លាំងសមត្ថកិច្ចឲ្យចុះចាប់អ្នកសារព័ត៌មានភ្លែតតែម្តង។ 

ទាក់ទិនករណីខាងលើនេះក៏មានមតិជាច្រើនដែលចេញពីអ្នកសារព័ត៌មានបានលើកឡើងថា, ជាអំពើមួយដ៏សែនថោកទាបក្នុងការដាក់អន្ទាក់ទម្លាក់កំហុសដល់ក្រុមអ្នកសារព័ត៌មានយ៉ាងព្រៃផ្សៃបំផុត ៕SRN

 

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *