Breaking News

ស្នងការនគរបាលខេត្តបាត់ដំបង នឹងបើកការស៊ើបអង្កើតទង្វើមេប៉ុស្តិ៍នគរបាលឃុំដូនបា

បាត់ដំបង៖ លោក ចាន់ ពិសិដ្ឋ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូនបា ស្រុកគាស់ក្រឡ នឹងប្រឈមមុខវិធានការផ្លូវច្បាប់ ក្នុងទង្វើលោកប្រព្រឹត្តបំពានច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយចូលកាន់កាប់ និងលួចលក់ទ្រព្យស្បត្តិស្របច្បាប់របស់អ្នកដទៃ។

វិធានការផ្លូវច្បាប់បែបនេះរបស់ស្នងការនគរបាលខេត្តបាត់ដំបង ត្រូវបានលោកវរសេនីយ៍ឯក អ៊ឹម កុសល អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លើកឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ស្នងការនគរបាលខេត្តនឹងបើកការស៊ើបអង្កេតលើលោក ចាន់ ពិសិដ្ឋ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ បន្ទាប់ទទួលរងកាចោទថា បានទន្ទ្រានកាន់កាប់ និងលួចលក់ដីរបស់អ្នកដទៃ ទាំងរំលោភច្បាប់ ដែលលោកធ្លាប់ដឹង។

ទង្វើខុសច្បាប់របស់លោក បានលេចឡើងនៅពេលអ្នកសារព័ត៌មានស៊ើបអង្កេតពីកម្មសិទ្ធិដីស្របច្បាប់របស់ក្រុមហ៊ុន អេហ្រ្គី ខ័លឈ័រ ហ្រ្គីនហ្វៀល ដែលជាក្រុមហ៊ុនរកស៊ីនៅក្នុងព្រះរាជាណាចក្រកម្ពុជា រាប់ទសវត្សរ៍ ទើបបានដឹងពីទង្វើល្មើសច្បាប់របស់លោកមេប៉ុស្តិ៍នគរបាលឃុំដូនបា តាមរយៈការស្រាវជ្រាវ ហើយទទួលបានឯកសារជាច្រើន។

ការស្រាវជ្រាវបានរកឃើញឯកសារទិញ-លក់ដី ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ និងចុះហត្ថលេខាដោយលោក អ៊ុក សារឿន មេឃុំឆ្នាល់មាន់ បានបង្ហាញថា តំណាភាគីក្រុមហ៊ុនបានសហការជាមួយអាជ្ញាធរឃុំឆ្នាល់មាន់ និងបានពិនិត្យលើទីតាំងដីជាក់ស្តែង ហើយបានដឹងពីបុគ្គលមួយចំនួនកំពុងធ្វើសកម្មភាពរំលោភបំពានយកដីក្រុមហ៊ុនវិនិយោគបរទេស ដែលក្នុងនោះក៏មានឈ្មោះ លោក ចាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាល ឃុំដូនបា ផងដែរ។

ចំណែកប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្នុងឃុំដូនបាវិញ បានរៀបរាប់ប្រាប់ថា លោក ចាន់ ពិសិដ្ឋ មេប៉ុស្តិ៍ឃុំដូនបា កំពុងតែកាន់កាប់ និងបានលួចលក់ដីក្រុមហ៊ុនលក់ឯកជនទាំងបំពានច្បាប់មែន។

តាមច្បាប់ស្តីពីនគរបាលជាតិ លោក ចាន់ ពិសិដ្ឋ គឺជានគរបាលយុត្តិធម៌ តាមរយៈការបណ្តុះបណ្តាលចំណេះដឹងផ្នែកច្បាប់ជាមូលដ្ឋាន ដើម្បីចេះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។អ្នកភូមិដែលយល់ច្បាប់ និងអាជ្ញាធរមូលដ្ឋាន ដែលស្គាល់មេប៉ុស្តិ៍រូបនេះ បានបកស្រាយបែបចំអកថា លោក ចាន់ ពិសិដ្ឋ ជាអ្នកចេះដឹងផ្នែកច្បាប់ម្នាក់ដែរ តែបែរជាថ្លើមធំពាសមេឃ ហ៊ានចូលកាន់កាប់ និងលួចលក់ទ្រព្យសម្បត្តិស្របច្បាប់របស់អ្នកដទៃ យ៉ាងគឃ្លើន និងកំពុងតែជាន់ឈ្លីបទបញ្ជារបស់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីវិធានការគោរពច្បាប់ជាតិ។

ចំណែកប្រភពព័ត៌មានជាច្រើន បានបង្ហើបឲ្យដឹង ផងដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ លោក ចាន់ ពិសិដ្ឋ ក៏ធ្លាប់បានអួតក្តែងៗថា រូបលោកពិតជាមានដីស្ថិតនៅលើដីក្រុមហ៊ុនឯកជនពិតប្រាកដមែន ហើយបានទិញ-លក់ ជាមួយអ្នកដទៃ ដោយមិនចាំបាច់ធ្វើលិខិតស្នាមក៏មានដែរ គ្រាន់តែចរចាគ្នា គឺប្រគល់លុយ រួចជាការស្រេច។

លោក ចាន់ ពិសិដ្ឋ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូនបា អត្តលេខ២១៨២០ មិនអាចសុំការបកស្រាយបំភ្លឺបានទេ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោយពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានផ្សាយទង្វើល្មើសច្បាប់របស់លោក។

ពាក់ព័ន្ធករណីនេះ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោកវីសេនីយ៍ឯក អុឹម កុសល អ្នកនាំពាក្យស្នងការនគរបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ស្នងការនគរបាលខេត្តបាត់ដំបង នឹងបើកការស៊ើបអង្កេតករណីលោក ចាន់ ពិសិដ្ឋ បានប្រព្រឹត្តទង្វើបំពានច្បាប់ ដោយចូលកាន់កាប់ និងលួចលក់ដីអ្នកដទទាំងបំពានច្បាប់។

តាមតម្រុយទទួលបានពីមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរខេត្តបាត់ដំបង នឹងចាត់បញ្ជូនមន្ត្រីអធិការកិច្ចឲ្យបើការស៊ើបអង្កេត និងមានវិធានការផ្លូវច្បាប់ លើមន្ត្រីនគរបាលជាតិ ដូចជាឈ្មោះ ចាន់ ពិសិដ្ឋ ដែលបាននិងប្រព្រឹត្តទង្វើបំពានច្បាប់៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *