កំពង់ស្ពឺ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ ថ្ងៃទី១៣ខែធ្នូឆ្នាំ២០២២។
ក្រោមអធិបតីភាព លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា-អនុសាខា លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងសហការី ក្រុមប្រតិបត្តិសាខា សរុបអ្នកចូលរួមចំនួន ៥២នាក់ នៅសាលប្រជុំសាលាខេត្ត។
លោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា មានប្រសាសន៍នាឱកាសនោះថា÷ ឯកលោក ប្រធាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខដល់សមាជិក សមាជិកានៃអង្គពិធី ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ ឯលោក គណៈអធិបតីមានប្រសាសន៍ផ្ដាំផ្ញើដល់សាខាអនុសាខា ក្នុងគោលដៅធ្វើយ៉ាងណាឱ្យសាខា និងអនុសាខាមានការអភិវឌ្ឍលើគ្រប់វិស័យអាទិភាព ក្នុងនោះមានវិស័យអាទិភាពទី១: ការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ- វិស័យអាទិភាពទី២៖សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ -វិស័យអាទិភាពទី៣ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងវិស័យអាទិភាពទី៤៖ការអភិវឌ្ឍស្ថាប័ន។
ចំពោះការងារមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ក៏ដូចជាអនុសាខា ក្រុង ស្រុក ទាំងអស់ គឺបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចុះជួយដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះដោយមហន្តរាយផ្សេងៗ ដោយមិនទុក្ខនរណាម្នាក់ចោល។
មានប្រសាសន៍ក្នុងពិធីនេះ លោក ប្រធានគណៈកម្មាធិការសាខា សូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលតែងតែយកចិត្តទុកដាក់គាំទ្រចូលរួមរាល់សកម្មភាពរបស់សាខា ដើម្បីអោយសាខាមានទុនសម្រាប់ឆ្លើយតបទៅនិងសកម្មភាពមនុស្សធម៌របស់សាខា។
លោក ប្រធានគណៈកម្មាធិការសាខា ក៏សូមកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខា ក្រុង ស្រុក ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌របស់សាខាកន្លងមក។
សូមបញ្ជាក់ផងដែរថា៖ ក្នុងពិធីនេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានទទួលថវិកាសមាជិកភាព ឆ្នាំ ២០២២ ពីមន្ទីរអង្គភាពជុំវិញខេត្ត បានចំនួន ២១,២៥៤,០០០ រៀល និងមានចូលរួមជាបន្តបន្ទាប់ទៀតផងដែរ៕ដោយ៖ សិរី នាគ