Breaking News

សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន សហការជាមួយ មន្ទីរសុខាភិបាល ខេត្ត ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព»

ខេត្តប៉ៃលិន ៖ នារព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន សហការជាមួយ មន្ទីរសុខាភិបាល  បានរៀបចំប្រារព្ធទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១  ធ្នូ  ឆ្នាំ២០២២ ក្រោមប្រធានបទ  «ធ្វើឱ្យមានសមភាព» ក្រោមអធិបតីភាព លោក ហែម ឫទ្ធី អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ខេត្តប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ខេត្តប៉ៃលិន

ដោយមានការចូលរួមពីលោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា គណៈកម្មាធិការប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ខេត្តប៉ៃលិន ក្រុមប្រតិបត្តិសាខា សមាជិក សមាជិកាគណៈកម្មាធិការអនុសាខាក្រុង អ្នកស្ម័គ្រចិត្ត យុវជន កាកបាទក្រហម  ដែលពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណមន្ទីរសុខាភិបាលខេត្តប៉ៃលិន ។

 លោកស្រី អាន់ លីណា មន្រ្តីប្រតិបត្តិសាខា បានអានជូនសារលិខិតរបស់  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន  រ៉ានី  ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា និង ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព»  ក្នុងសារលិខិតនោះ  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  បានគូសបញ្ជាក់ពី មោទនភាពដែលរាជរដ្ឋាភិបាលបានគ្រប់គ្រងការរីករាលដាលមេរោគឆ្លងនានា រួមទាំងមេរោគអេដស៍ បានល្អប្រសើរ ខណៈដែលកម្ពុជាបានបើកប្រទេសពេញលេញឡើងវិញ ដើម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍ជំងឺកូវីដ-១៩, ជាពិសេសសកម្មភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ រួមមាន រដ្ឋអំណាចមូលដ្ឋានគ្រប់ជាន់ថ្នាក់, ស្ថាប័នឯកជន និងដៃគូអភិវឌ្ឍ ដែលបានផ្តល់ថ្នាំ និងប័ណ្ណសមធម៌ ជាមួយនឹងថវិកាទ្រទ្រង់ជីវភាពដល់អ្នកផ្ទុកមេរោគអេដស៍ ធ្វើឱ្យអ្នកផ្ទុកមេរោគអេដស៍ នឹងអ្នកជំងឺអេដស៍រាប់ម៉ឺននាក់ មានសុខភាពល្អ, មានក្តីសង្ឃឹម, អាចរស់នៅក្នុងភាពថ្លៃថ្នូរ ស្មើមុខស្មើមាត់  ពុំមានការរើសអើង ក្នុងសង្គមជាតិ។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមចូលរួមអនុវត្តទាំងអស់គ្នា នូវផែនទីយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ដើម្បីសម្រេចបានការបញ្ចប់អេដស៍នៅឆ្នាំ២០២៥ ។

«ការធ្វើឱ្យមានសមភាព» តាមរយៈសកម្មភាពសំខាន់ៗដូចខាងក្រោម៖

១- សូមបងប្អូនជនរួមជាតិ, វិស័យឯកជន, អង្គការជាតិ-អន្តរជាតិទាំងអស់ចូលរួមជាកម្លាំងក្នុងចរន្តជាតិតែមួយ, ទប់ស្កាត់ជំងឺឆ្លងនានា ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥ ជាមួយនឹងការធ្វើឱ្យមានសមភាពនៅក្នុងសង្គមជាតិ

២- សូមបងប្អូនជនរួមជាតិ ជាពិសេសក្មួយៗ យុវជន-យុវនារី ត្រូវស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗ ស្តីពីការបង្ការការចម្លងមេរោគអេដស៍ និងការរាលដាលនៃមេរោគអេដស៍ ដើម្បីបង្ការខ្លួនយើង, គ្រួសារយើង, សហគមន៍យើង និងសង្គមជាតិយើង។

៣- សូមប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍, ត្រូវស្វែងរក សេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សា ការសម្ងាត់នៅតាមសេវាសាធារណៈ, សេវាអង្គការសង្គមស៊ីវិល, សេវាឯកជន។ល។ ដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា។

៤- សូមស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានយ៉ាងតិច ៤ដង និងទៀងទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា និងទារក ជាពិសេសអាចជួយទប់ស្កាត់ការចម្លងមេរោគអេដស៍ និងមេរោគស្វាយពីម្តាយទៅទារក។

៥- សូមបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការរើសអើង ទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។

៦- សូមបងប្អូនក្នុងក្រុមប្រឈមខ្ពស់រួមមាន បុរសរួមភេទជាមួយបុរស, អ្នកបំប្លែងភេទ និងស្ត្រីបម្រើការនៅគ្រឹះស្ថានសប្បាយមនុស្សពេញវ័យ ត្រូវបន្តការយកចិត្តទុកដាក់ ក្នុងការបង្ការជំងឺអេដស៍ និង ជំងឺឆ្លងផ្សេងៗទៀត ទាំងបច្ចុប្បន្ន និងអនាគត៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *