ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅឃុំបឹងគ្រុំស្រុកល្វាឯមខេត្តកណ្ដាលកំពុងព្រួយបារម្ភបន្ទាប់ពីលិចឮថាមានមន្ត្រីធំម្នាក់កំពុងស្វះស្វែងជួយអន្តរាគមន៍ស្ត្រីនគរបាលម្នាក់ដែលបោកលុយប្រជាពលរដ្ឋ១៨គ្រួសារគិតជាទឹកប្រាក់ជិត២០ម៉ឺនដុល្លារដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែធ្នូកន្លងទៅនោះ។ ប្រសិនបើស្ត្រីនគរបាលរូបនេះត្រូវបានដោះលែងមែននោះប្រជាពលរដ្ឋជាជនរងគ្រោះនឹងត្រូវឡើងមកធ្វើបាតុកម្មនៅរាជធានីភ្នំពេញមិនខាន។
គួរបញ្ជាក់ថាកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានចាប់ខ្លួនមន្រ្តីនគរបាលម្នាក់ ឈ្មោះ ធូក ចិន្តា ពាក់ព័ន្ធករណីលុយប្រមាណ ២០ម៉ឺនដុល្លារ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ ការចាប់ខ្លួននេះ គឺបន្ទាប់ពីមានពាក្យបណ្តឹងពីប្រជាពលរដ្នចំនួន១៨ គ្រួសារ រស់នៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ប្តឹងពីករណីខ្ចីលុយមិនព្រមសង។
មន្ត្រីនគរបាលដែលចាប់ខ្លួនឈ្មោះ ធូក ចិន្តា ភេទស្រី បានខ្ចីលុយពីប្រជាពលរដ្ឋចំនួន ១៨គ្រួសារ ដោយក្នុង ១គ្រួសារ ចាប់ពីរាប់ពាន់ដុល្លារ រហូតដល់រាប់ម៉ឺនដុល្លារ សរុបប្រមាណ ២០ម៉ឺនដុល្លារ។
មន្ត្រីនៅមូលដ្ឋានបានឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនស្ត្រីនគរបាលរូបនេះ គឺមានមន្ត្រីធំម្នាក់កំពុងតែអន្តរាគមន៍ដើម្បីធានាអោយមានដោះលែងនៅក្រៅឃុំ។
ទោះជាយ៉ាងណាក៏ដោយរហូតដល់រសៀលថ្ងៃទី ១៦ ខែ ធ្នូឆ្នាំ២០២២ ពេលនេះស្ត្រីនគរបាលខាងលើត្រូវបានសមត្ថកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាលហើយ៕ដោយ៖ សិរី នាគ