Breaking News

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការជួបជុំក្នុងធ្លុងសាមគ្គីភាពនៃមហាគ្រួសារខ្មែរ កើតពីម្លប់នៃសុខសន្តិភាពពាសពេញផ្ទៃប្រទេស នៅក្រោយថ្ងៃរំដោះ ៧ មករា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនែះ បានអញ្ជើញជួបសំណេះសំណាល និងជួបជុំជាមួយមហាគ្រួសារខ្មែររស់នៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ឱកាសនៃជួបជុំក្នុងធ្លុងសាមគ្គីភាពនៃមហាគ្រួសារខ្មែរប្រកបដោយភាពសប្បាយរីករាយនាឱកាសនេះ គឺកើតពីម្លប់នៃសុខសន្តិភាពពាសពេញផ្ទៃប្រទេសនៅក្រោយថ្ងៃរំដោះ ៧ មករា និងតាមរយៈការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានទទួលនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ហើយប្រទេសជាតិក៏មានការអភិវឌ្ឍរីកចម្រើនយ៉ាងសម្បូរបែប។

ឆ្លៀតនាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការ ស្វាគមន៍ដល់លោកអ៊ំ ពូ មីង និងបងប្អូនទាំងអស់ ដែលបានអញ្ជើញមកប្រទេសកម្ពុជា ដើម្បីកំសាន្ត និងបំពេញកិច្ចការផ្សេងៗ ប្រកបដោយទឹកចិត្តស្រលាញ់ និងនឹករឭកចំពោះមាតុភូមិ។

ឯកឧត្តម បានបន្តថា ក្តីនឹករឭក និងការស្វះស្វែងជួបជុំគ្នានេះ ក៏ដូចជាការជួយដល់និស្សិតខ្មែរយើង ដែលទទួលបានឱកាសទៅសិក្សានៅបរទេស បានបង្ហាញយ៉ាងច្បាស់អំពីកម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរ តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងខ្មែរ និងខ្មែរ ពោលគឺរវាងខ្មែររស់នៅក្រៅប្រទេស និងខ្មែររស់នៅក្នុងប្រទេស ក្រោមស្មារតី បេះដូង និងព្រលឹងខ្មែរតែមួយ ដែលតែងតែយកចិត្តទុកដាក់ និងចេះជួយយកអាសារគ្នាទៅវិញទៅមក។ កម្លាំងមហាសាមគ្គីភាពដ៏រឹងមាំនេះ នឹងនៅតែបន្តទៅមុខទៀត ក្រោមបរិយាកាសសុខសន្តិភាពពេញលេញ ដែល សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបេ្តជ្ញាការពារថែរក្សាឱ្យគង់វង្សឋិតថេរយូរអង្វែងសម្រាប់ខ្មែរយើងទាំងអស់គ្នាជាច្រើនជំនាន់តរៀងទៅ។

ពីរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានជូនពរដល់និស្សិតជ័យលាភី ដែលទទួលបានឱកាសក្នុងការបន្តការសិក្សានៅប្រទេសអូស្រា្តលី និងនូវែលសេទ្បង់ ឱ្យសម្រេចបាននូវជោគជ័យក្នុងការរៀនសូត្រ និងបានត្រលប់មកមាតុប្រទេសវិញដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដែលកំពុងត្រូវការធនធានមនុស្ស។

ឯកឧត្តម បានណែនាំដល់និស្សិតជ័យលាភីខាងលើ ឲ្យបន្តខិតខំសិក្សារៀនសូត្រ និងយកចិត្តទុកដាក់លើស្រាវជ្រាវ ដើម្បីឈានទៅចាប់យកជំនាញ និងចំណេះដឹងឱ្យបានច្បាស់លាស់ពិតប្រាកដ ដែលនេះគឺជាការកសាងនូវមូលដ្ឋានគ្រឹះមួយដ៏រឹងមាំ ដើម្បីសម្រេចបានជោគជ័យក្នុងការបំពេញមុខងារ តួនាទី និងភារកិច្ចនាពេលអនាគត។ ទន្ទឹមនឹងនេះ ក៏ត្រូវព្យាយាមស្វែងយល់ និងក្រេបយកនូវចំណេះដឹងអំពីវប្បធម៌, ប្រពៃណី, សង្គម និងអភិក្រមរបៀបរបបការងារ ព្រមជាមួយនឹងការបងើ្តតនូវបណ្តាញទំនាក់ទំនងប្រទាក់ក្រទ្បារវាងគ្រប់ជាតិសាសន៍ និងគ្រប់វិស័យនៅក្នុងប្រទេសដែលប្អូនៗ និងក្មួយៗ កំពុងរស់នៅ និងសិក្សារៀនសូត្រ ហើយជាពិសេសត្រូវប្រព្រឹត្តខ្លួនឱ្យបានល្អស័ក្តិសមជាឯកអគ្គរាជទូត ដែលតំណាងឱ្យប្រទេសម្ពុជានៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ជូនថា ក្នុងពិធីខាងលើ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការ កោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារយុវជនប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេទ្បង់ ដែលបានយកអស់កម្លាំងកាយចិត្ត, ប្រាជ្ញាស្មារតី, ធនធាន, និងពេលវេលា ខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់តាំងពីឆ្នាំ២០១៥ ហើយទោះបីក្នុងដំណាក់កាលរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ក្រុមការងារបានរក្សានូវការផ្សារភ្ជាប់ទំនាក់ទំនងជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលសេឡង់ ជាពិសេសការជួយដោះស្រាយការលំបាកផ្សេងៗរបស់និស្សិតខ្មែរដែលទៅរៀនសូត្រនៅទីនោះ៕

 

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *