Breaking News

សម្តេច ទៀ បាញ់ ជួបលោក កៅ គីមហួន មុនពេលចេញទៅបំពេញការងារជាអគ្គលេខាធិការអាស៊ាន នៅឥណ្ឌូនេស៊ី

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញភាពជឿជាក់ថា លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងឋានៈជាអគ្គលេខាធិការអាស៊ាន នឹងប្រឹងប្រែងស្វែងរកផលប្រយោជន៍រួមសម្រាប់គ្រួសារអាស៊ានទាំងមូល។

ក្តីសង្ឃឹមរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញឡើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ក្នុងពេលដែលសម្តេចបានអនុញ្ញតឱ្យលោក កៅ គឹមហួន ចូលជួបសម្តែងការគួរសមមុនពេលលោកចាកចេញទៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ី ដើម្បីផ្លាស់ប្តូរ និងទទួលតួនាទីជាអគ្គលេខាធិការអាស៊ាន។

ប្រមុខការពារជាតិ បានបញ្ជាក់ចំពោះមុខលោក កៅ គឹមហួន ថា សម្តេចមានសេចក្តីរីករាយណាស់ ដែលបានទទួលការជួបជម្រាបលាពីលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ខណៈដែលលោកត្រៀមចាកចេញទៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងឋានៈជាអគ្គលេខាធិការអាស៊ាន សម្រាប់អាណត្តិរយៈពេល ៥ឆ្នាំ។ សម្តេចជឿជាក់ថា លោកបណ្ឌិតនឹងបំពេញតួនាទីនេះឱ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកផលប្រយោជន៍រួមសម្រាប់គ្រួសារអាស៊ានយើង។ សម្តេចក៏បានជូនពរលោកបណ្ឌិតទទួលបានជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមមួយនេះ។

លោកបណ្ឌិត កៅ គឹមហួន បានថ្លែងអំណរគុណដល់សម្តេចពិជ័យ បានផ្តល់អនុសាសន៍ល្អៗដល់រូបលោកដែលបានទទួលតួនាទីជាអគ្គលេខាធិការអាស៊ាននាពេលខាងមុខសំរាប់ធ្វើជាទុនក្នុងការបំពេញភារកិច្ច ។ លោកបណ្ឌិតក៏បានកោតសរសើរដល់ក្រសួងការពារ ជាតិ ដែលកន្លងមកបានអនុវត្តជាប្រធាននៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិ អាស៊ាននិងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២២ មេដឹកនាំអាស៊ានទាំងអស់ គាំ ទ្រចំពោះការតែងតាំងបណ្ឌិត កៅ គឹមហួន ជាអគ្គលេខា ធិការអាស៊ាន។ បណ្ឌិត កៅ គឹមហួន ត្រូវបានប្រកាសតែងតាំង អគ្គលេខាធិការអាស៊ានចាប់ពីឆ្នាំ២០២៣ នេះ។ ការតែងតាំងនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេស អាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ។

លោកបណ្ឌិត កៅ គឹមហួន ជាមនុស្សម្នាក់ ក្នុងចំណោម៣នាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា ស្នើធ្វើជាអគ្គលេខាធិការអាស៊ាន ឆ្នាំ២០២៣ នៅពេលដែលដល់វេនប្រទេសកម្ពុជា។ នេះជាលើកទី ១ហើយ ដែលកម្ពុជាមានឱកាសធ្វើជា អគ្គលេខាធិការអាស៊ាន បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកអាស៊ានកាលពីឆ្នាំ១៩៩៩៕

Check Also

អ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រាប់ឲ្យលោកចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឍន៍ប្រញាប់ចូលមកបំភ្លឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *