Breaking News

គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ទាត់ចោលការចោទប្រកាន់របស់បក្សភ្លើងទៀន និងគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល ដោយមិនឲ្យបំពានគណបក្សប្រជាជនជាដាច់ខាត

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ ៤ចំណុច និងបាន ចាត់ទុកសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនថា ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូរបស់គណបក្សប្រជាជនកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលព័ត៌មាន អែស អរ អិន ទទួលបាន។

គណបក្សប្រជាជនកម្ពុជា បានចេញមកទាត់ចោលទាំងស្រុងរបស់គណបក្សភ្លើងទៀន និងគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល ដោយមិនឲ្យមកបំពានគណបក្សប្រជាជនជាដាច់ខាត។

សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «តាមរយៈសេចក្ដីថ្លែងការណ៍ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាចនៅកម្ពុជា»។

ក្នុងបរិការណ៍នេះ គណបក្សប្រជាជនកម្ពុជាចេញសេចក្តីថ្លែងការណ៍ដូចតទៅ៖

ទី១៖ ក្នុងនាមជាគណបក្សកាន់អំណាចដោយស្របច្បាប់តាមលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស គណបក្សប្រជាជនកម្ពុជា បានគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងច្បាប់ជាធរមាន ដើម្បីគ្រប់គ្រងដឹកនាំប្រទេស ដែលធ្វើឲ្យប្រជាជនទូទៅមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង មានសុខសន្តិភាព សុវត្ថិភាព និងទទួលបានមនុញ្ញផលគ្រប់គ្នាពីការរីកចម្រើនរបស់ប្រទេសជាតិ។

ទី២៖ គណបក្សប្រជាជនកម្ពុជា ពុំអាចទទួលយកបានជាដាច់ខាតនូវការប្រមាថកាតទាន និងការចោទប្រកាន់ទាំងបំពានរបស់គណបក្សភ្លើងទៀន។ គណបក្សប្រជាជនកម្ពុជា នឹងធ្វើអ្វីៗទាំងអស់ តាមច្បាប់ ដើម្បីការពារខ្លួនមិនឲ្យគេរំលោភបំពានបានឡើយ។

ទី៣៖ គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងរាល់ចំណាត់ការរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ចំពោះគ្រប់បុគ្គលបានប្រព្រឹត្តល្មើសច្បាប់ ដែលត្រូវតែទទួលទោសទណ្ឌតាមការកំណត់នៃច្បាប់ ដែលគ្រប់ប្រទេសនៅក្នុងពិភពលោកក៏អនុវត្តដូចគ្នានេះដែរ។

ទី៤៖ គណបក្សប្រជាជនកម្ពុជា ចូលរួមយ៉ាងសកម្មជាមួយបណ្តាគណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានក្នុងសង្គម ដើម្បីពង្រឹងបរិយាកាសនយោបាយឲ្យបានល្អប្រសើរបំផុត សំដៅធានាឲ្យការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ គណបក្សប្រជាជនកម្ពុជា សូមអំពាវនាវដល់ជនរួមជាតិទាំងអស់រួបរួមសាមគ្គីគ្នាជុំវិញរាជរដ្ឋាភិបាល ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ និងក្រោមម្លប់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីការពារសន្តិភាព និងបន្តអភិវឌ្ឍប្រទេសជាតិ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍៖

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *