Breaking News

គោប្រជាពលរដ្ឋ២ក្បាល ត្រូវបានមន្ដ្រីនគរបាល បាញ់ងាប់ នៅស្រុកឆែប ខេត្តព្រះវិហារ

ព្រះវិហារ៖ គោអ្នកស្រុកចំនួន២ក្បាល ក្នុងចំណោមហ្វូងគោជាច្រើនក្បាលទៀត ត្រូវបានមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកឆែប ខេត្តព្រះវិហារ លើកកាំភ្លើងបាញ់បណ្តាលឲ្យងាប់នៅនឹងកន្លែងដីស្រែរបស់ខ្លួន នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ ស្ថិតក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។

ជនរងគ្រោះជាម្ចាស់គោ ឈ្មោះ ផេង ផល អាយុ៣៣ឆ្នាំ និងមានប្រពន្ធឈ្មោះ រឹម សៀក អាយុ៣២ឆ្នាំ រស់នៅភូមិឃុំខាងលើ។ ដោយឡែកមន្ត្រីនគរបាល ដែលកាំភ្លើងបាញ់គោអ្នកស្រុក ឈ្មោះ អៀ គាវាសនា ហៅពែក ឋានន្តរស័ក្ដអនុសេនីយ៍ទោ មានតួនាទីនាយផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឆែប។

ប្រជាពលរដ្ឋបានឲ្យដឹងថា ជាធម្មតាគោរបស់អ្នកស្រុកក្នុងរដូវនេះ គឺព្រលែងទាំងអស់គ្នា លុះពេលល្ងាចបានម្ចាស់គោស្វែងរកចាប់គោរៀងៗ ខ្លួនមកចងនៅឯផ្ទះ។ ដោយឡែកចំពោះគោ២ក្បាល ដែលមន្ត្រីប៉ូលីសស្រុកឆែបបាញ់នេះ គឺដើរក្នុងហ្វូងគោជាច្រើនក្បាលទៀត នៅក្នុងស្រែរបស់មន្ត្រីនគរបាល ដែលទើបនឹងសាបព្រួស ដែលជាហេតុធ្វើឲ្យមន្ត្រីនោះ ខឹងក៏លើកកាំភ្លើងបាញ់តែម្តង។

ក្រោយហេតុការណ៍កើត ក៏មានការសម្របសម្រួលគ្នាផងដែរ ដោយម្ចាស់គោទាលុយ៥លានរៀល ហើយមន្ត្រីនគរបាលនោះឲ្យត្រឹម៤.៥លានរៀល តែម្ចាស់គោមិនព្រម ហើយចុងបញ្ចប់មន្ត្រីរូបនោះបានយកលុយ៥លានរៀល ទៅឲ្យម្ចាស់គោ តែម្ចាស់គោអត់ទទួលយកវិញ។

ទាក់ទងនឹងករណីនេះ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានចេញសេចក្ដីសម្រេចផ្អាកការងារមន្ដ្រីនគរបាលរូបនេះ ជាបណ្ដោះអាសន្ន ដោយត្រូវឲ្យទៅបង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីរង់ចាំសេចក្ដីសម្រេចថ្មី៕

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *