ខេត្តកំពត៖ ព្រឹកថ្ងៃអាទិត្យ៦រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ លាង ហៃ ជាវ តាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តកំពត អមដំណើរដោយលោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រាច និងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមរំលែកទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហម ផ្តល់ជូនគ្រួសារសពក្មេងលង់ទឹកស្លាប់២នាក់ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច។
នាឱកាសនោះ លោកជំទាវបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងចូលរួមសោកស្តាយពីសំណាក់ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត។
លោកជំទាវប្រធានក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ហានិភ័យជំងឺកូវីដ១៩ ដោយត្រូវអនុវត្តវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល និងត្រូវចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទាំងអស់គ្នា។
អំណោយផ្តល់ជូនរួមមាន ៖ អង្ករ៥០គ.ក ទឹសុទ្ធ២កែស ទឹកផ្លែឈើ២កែស ក្រម៉ា២ សំពត់២ និងថវិកាចំនួន ២,០០០,០០០៛ ក្នុងនោះថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន១,០០០,០០០៛ សប្បុរសជនខេត្តកំពត ២០០,០០០៛ និងថវិកាលោក ហួន លីមីង តាមរយៈលោកអភិបាលស្រុកកំពង់ត្រាច ៨០០,០០០៛។
ជាមួយគ្នានេះលោកជំទាវបានឧបត្ថម្ភថវិកាចំនួន២០០,០០០៛ និងថវិការបស់លោកអភិបាលស្រុក២០០,០០០៛សម្រាប់ទិញសំណាញ់ហ៊ំព័ទ្ធជុំវិញអណ្តូងទឹក និងជូនថវិកាបងប្អូនប្រជា ពលរដ្ឋចំនួន៦៥នាក់ ក្នុងម្នាក់ៗ១០,០០០៛ ជូនកងកំលាំងនិងប្រជាការពារ១៥នាក់ ក្នុងម្នាក់ៗ២០,០០០៛ សរុបថវិកាចំនួន៣,៣៥០,០០០៛៕