Breaking News

ម្ចាស់សំណង់ដែលអាជ្ញាធររុះរើកន្លងមកបានចេញមុខសុំទោសក្រោយប្រើពាក្យសម្តីមិនសមរម្យ

     កំពត៖ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ពលរដ្ឋជាម្ចាស់សំណង់លើដីចំណីរថភ្លើងដែលត្រូវអាជ្ញាធរចុះរុះរើព្រោះតែខកខានមិនអនុវត្តតាមសេចក្តក្តីជូនដំណឹងរបស់សាលាក្រុងកំពតបានចេញមុខសុំទោសជាសាធារណៈក្រោយប្រើពាក្យសម្តីមិនសមរម្យ។

      អ្នកស្រី ង៉ូវ ឆក ម្ចាស់សំណង់ល្មើសច្បាប់មានទីតាំងស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយបានរៀបរាប់ថា បន្ទាប់ពីបានពិចារណា លម្អិតឃើញថាអ្នកស្រីពិតជាមានកំហុសមែន ព្រោះមិនបានអនុវត្តតាមការណែនាំ និងសេចក្តីជូនដំណឹងរបស់អាជ្ញាធរដែលតម្រូវឱ្យរុះរើសំណង់តាមពេលវេលាកំណត់។ ប្រាកដណាស់ គម្រោងស្ថាបនាផ្លូវចូលទៅតំបន់ឆ្នេរលេងទឹកមានសារសំខាន់ និងអាចធ្វើឱ្យលំនៅស្ថានអ្នកស្រីទទួលបានផ្លូវទាំងខាងមុខ និងខាងក្រោយដែលនឹងផ្តល់ភាពងាយស្រួលក្នុងការប្រកបអាជីវកម្មផ្សេងៗ។ ដូច្នេះ ស្នើសុំអាជ្ញាធរកុំរុះរើជញ្ជាំងផ្ទះរបស់អ្នកស្រីបន្តទៀតព្រោះអាចនឹងធ្វើឱ្យខូចខាតដល់ផ្ទះទាំងមូល ។

    សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ឆ្នេរលេងទឹកកម្សាន្តព្រែកកំពង់បាយ ក្រុងកំពតនឹងត្រូវស្ថាបនាឱ្យរួចរាល់មុនឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់នាពេលដ៏ខ្លីខាងមុខ។ ដើម្បីពន្លឿនការស្ថាបនាគម្រោងនេះ រដ្ឋបាលក្រុងកំពតបានជូនដំណឹងដល់គ្រប់ម្ចាស់សំណង់នៅលើដីចំណីផ្លូវរថភ្លើង និងដីចំណីព្រែកទាំងអស់រុះរើឱ្យឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

     ពាក់ព័ន្ធករណី កន្លងមក ពោលគឺកាលពីរសៀលថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៣ អាជ្ញាធរមានសមត្ថកិច្ចបានចុះរុះរើសំណង់បន្ទប់ជួលរបស់អ្នកស្រី ង៉ូវ ឆក ស្ថិតនៅលើដីចំណីផ្លូវរដ្ឋភ្លើងក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយព្រោះតែម្ចាស់មិនអើពើជាមួយការណែនាំ និងសេចក្តីជូនដំណឹងរបស់សាលាក្រុងកំពត។ ក្រោយសមត្ថកិច្ចចម្រុះប្រតិបត្តិការរួចរាល់ អ្នកស្រី ង៉ូវ ឆក បានប្រើពាក្យសម្តីមិនសមរម្យជាច្រលនតាមបណ្តាញសារព័ត៌មានមួយចំនួនបង្កឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីក្នុងការចុះអនុវត្តច្បាប់រហូតរដ្ឋបាលក្រុងកំពតបានដាក់បណ្តឹងចូលតុលាការទៀតផង។ 

     ជុំវិញបញ្ហាខាងលើ លោក លាង រឿនសុធី អភិបាលក្រុងកំពតបានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ឆ្នេរលេងទឹកកម្សាន្តព្រែកកំពង់បាយស្ថិតក្នុងបំណងបម្រើផលប្រយោជន៍សាធារណ:។ នេះជាសមិទ្ធផលថ្មីរបស់ក្រុង និងខេត្តកំពតដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន។ ប្រជាពលរដ្ឋម្ចាស់សំណង់នៅលើដីចំណីព្រែក និងដីចំណីផ្លូវរថភ្លើងបានគាំទ្រ និងចូលរួមរុះរើស្ទើរគ្រប់គ្នា លើកលែងតែអ្នកស្រី ង៉ូវ ឆក ដែលកន្លងមកមិនត្រឹមមិនអនុវត្តតាមប៉ុណ្ណោះទេ តែបានប្រើពាក្យពេចន៍មិនសមរម្យថែមទៀតផង ។ លោកអភិបាលក្រុងបានបន្តថា ប៉ុន្តែបន្ទាប់ពីចូលរួមប្រជុំពិភាក្សា អ្នកស្រី ង៉ូវ ឆក បានសារភាពកំហុស និងសុំទោសដល់អាជ្ញាធរ ព្រមទាំងបានសន្យាថាយល់ព្រមធ្វើតាមការណែនាំរបស់អាជ្ញាធរសម្រាប់ការងារស្ថាបនាផ្លូវនោះទាំងស្រុង៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *