ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិអំណាន ១១មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ « អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ » ដែលបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ថ្លែងក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងគាំទ្រដល់ប្រធានបទនៃទិវាជាតិអំណានលើកទី៨ ឆ្នាំ២០២៣នេះ គឺឆ្លុះបញ្ចាំងអំពីសារៈសំខាន់របស់អំណាន ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសមត្ថភាព និងគុណសម្បត្តិគ្រប់ផ្នែក ព្រមទាំងមានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមនសិការស្នេហាជាតិ។
ម៉្យាងទៀត ប្រធានបទនេះ ពិតជាត្រឹមត្រូវស្របតាមកាលៈទេសៈបច្ចុប្បន្ន នៅចំពេលដែលសង្គមជាតិយើង ក៏ដូចជាពិភពលោកទាំងមូលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័សក្នុងវិស័យអប់រំ ។ លោកជំទាវបានបន្តថា ប្រធានបទនេះ មិនសំដៅត្រឹមតែការរៀនអក្ខរកម្ម, ចេះអក្សរ, ចេះលេខនព្វន្តប៉ុណ្ណោះទេ គឺបានគិតគូរដល់ឱកាសទទួលបានចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញវិជ្ជាជីវៈ និងនវានុវត្តគ្រប់ផ្នែកគ្រប់វិស័យ ជាពិសេសអក្ខរកម្មបច្ចេកវិទ្យា ដែលសព្វថ្ងៃកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ។
ជាមួយគ្នានេះ លោកជំទាវ ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដោយបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញា ប្រារព្ធទិវានេះជារៀងរាល់ឆ្នាំប្រកបដោយភាពអធិកអធម។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងសប្បុរសជនទាំងអស់ សូមបន្តចូលរួមសហការ និងគាំទ្រដល់ការប្រារព្ធទិវាជាតិអំណាន ១១ មីនា ដែលនឹងប្រារព្ធជារៀងរាល់ឆ្នាំ ដោយបង្កើតឱ្យមានកម្មវិធីកាន់តែសម្បូរបែប ប្រកបដោយគុណភាព និងប្រសិទ្ធភាពជាបន្តទៀត ដើម្បីជំរុញស្មារតីប្រជាជនកម្ពុជាឱ្យបង្កើនការចាប់អារម្មណ៍ចំពោះការអាន បង្កើតទម្លាប់អាន និងបង្កើនការតែងនិពន្ធ ឱ្យកាន់តែសកម្ម និងរស់រវើក ដើម្បីចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិផងដែរ ៕ដោយ៖ សិរី នាគ